កីឡាជាតិ
ជាតិ
សហព័ន្ធសីដក់ រំពឹងឈ្នះមេដាយមាស៣ នៅស៊ីហ្គេម២០២៣
10, Sep 2022 , 7:59 am        
រូបភាព
ក្រុមកីឡាការិនី សីដក់ និងឈិនឡូនកម្ពុជា ទទួលពានរង្វាន់ព្រះមហាក្សត្រថៃ លើកទី៣៥។ រូបពី សហព័ន្ធកីឡាសីដក់ និងឈិនឡូន_កម្ពុជា
ក្រុមកីឡាការិនី សីដក់ និងឈិនឡូនកម្ពុជា ទទួលពានរង្វាន់ព្រះមហាក្សត្រថៃ លើកទី៣៥។ រូបពី សហព័ន្ធកីឡាសីដក់ និងឈិនឡូន_កម្ពុជា
ដោយ:
សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា កំណត់គោលដៅក្នុងការប្រជែងមេដាយមាសយ៉ាងហោចណាស់៣ នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។ ជាមួយការរំពឹងនេះសហព័ន្ធក៏ត្រៀមបញ្ជូនអត្តពលិកជម្រើសជាតិកម្ពុជា ទៅហ្វឹកហាត់នៅប្រទេសថៃ និងមីយ៉ាន់ម៉ាផងដែរ។

 
មុនដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលជាប្រវត្តិសាស្រ្តដំបូងសម្រាប់កម្ពុជាក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ខាងមុខ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបានយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពបន្ថែមទៅដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក ដើម្បីសម្រេចគោលដៅ។


អត្តពលិកជម្រើសជាតិ កីឡាសីដក់ និងឈិនឡូនកម្ពុជា ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ព្រះមហាក្សត្រថៃ លើកទី៣៥។ រូបពី សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា

លោក លី ទីឈ័ង អគ្គលេខាធិការសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗថា សហព័ន្ធបានកំណត់គោលដៅក្នុងការប្រជែងមេដាយស៊ីហ្គេម២០២៣ យ៉ាងហោចណាស់មេដាយមាស៣៖«សម្រាប់មេដាយមាសកីឡាសីដក់របស់យើងគឺរំពឹងបាន៣គ្រឿង នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមហ្នឹង»។ លោក អគ្គលេខាធិការនិយាយដូច្នេះ។
 
ជាមួយនឹងការរំពឹងមេដាយមាសនេះដែរសហព័ន្ធក៏ត្រៀមបញ្ជូនអត្តពលិកចេញទៅហ្វឹកហាត់នៅប្រទេសថៃ និងមីយ៉ាន់ម៉ាផងដែរ ប៉ុន្តែនៅមានភាពស្រពិចស្រពិលមួយចំនួននៅខាងភាគីថៃ ដោយមានការលើកពេលពីចន្លោះខែ៩-១០ ឆ្នាំ២០២២ ទៅខែ៣-៤ ឆ្នាំ២០២៣ វិញ។ 
 
គួររំឭកដែរថា កីឡាសីដក់ជម្រើសជាតិកម្ពុជាដណ្តើមបានមេដាយ៤ ក្នុងនោះមេដាយប្រាក់២ និងសំរឹទ្ធ២ ពីព្រឹត្តិការណ៍ជើងឯកពិភពលោក នៃពានរង្វាន់ព្រះមហាក្សត្រថៃ លើកទី៣៥(The 35 King Cup World Champion 2022) កាលពីថ្ងៃទី៣១ កក្កដា នាទីក្រុងបាងកក ប្រទេសថៃ៕
 

Tag:
 កីឡាសីដក់
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com