កីឡាជាតិ
ជាតិ
ប្រដាល់សកល៖រង្សី ឈ្នះមេដាយមាស ខណៈគឹមហៀង ទទួលបានមេដាយសំរឹទ្ធ
11, Sep 2022 , 10:30 am        
រូបភាព
សៅ រង្សី បង្គោលខៀវ ឈ្នះកីឡាករសិង្ហបុរី Hamid  ។ រូបពី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា
សៅ រង្សី បង្គោលខៀវ ឈ្នះកីឡាករសិង្ហបុរី Hamid ។ រូបពី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា
ដោយ: ថ្មីៗ
កីឡាករប្រដាល់សកលកម្ពុជា សៅ រង្សី ទទួលបានមេដាយមាសបន្ទាប់ពីផ្តួលម្ចាស់ផ្ទះសឹង្ហបុរី Mohamed Hanurdeen Hamid ចំណែក ហ៊ុន គឹមហៀង បានត្រឹមទទួលបានមេដាយសំរឹទ្ធក្រោយបរាជ័យក្រោមថ្វីដៃម្ចាស់ផ្ទះសឹង្ហបុរី កីឡាករ Mohammad Khidhir Saniff នៅក្នុងកម្មវិធីប្រដាល់សកលពានរង្វាន់ Syed Kadir Boxing Championship 2022 នៅប្រទេសសិង្ហបុរី។

 
កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា សៅ រង្សី ទទួលបានមេដាយមាសដោយផ្តួលម្ចាស់ផ្ទះសិង្ហបុរី Mohamed Hanurdeen Hamid ឱ្យសន្លប់ពីរលើក នឹងអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួត។ នៅត្រឹមទឹក១ បង្គោលខៀវ សៅ រង្សី លូកពីរដៃធ្ងន់ៗចូលពោះទឹក តែ Mohamed Hanurdeen Hamid បិទជាប់ និងព្យាយាមវាយសងបកវិញ។


ហ៊ុន គឹមហៀង បង្គោលខៀវ ចាញ់ Saniff បង្គោលក្រហម។ រូបពី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា 
 
តែមិនយូរឡើយបង្គោលខៀវវាយធ្ងន់ៗចំផ្ទៃមុខធ្វើឱ្យបង្គោលក្រហមសន្លប់ អាជ្ញាកណ្តាលរាប់៨ដងមួយលើក និងរង្សី បន្តវាយសន្ធប់ជាខ្លាំងទៅលើ Hamid ធ្វើឱ្យរូបគេសន្លប់ជាលើកទីពីរ។ អាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួត ដោយសភាពបង្គោលក្រហមមិនអាចបន្តការប្រកួតបាន។
 
ចំណែកកីឡាករជម្រើសជាតិកម្ពុជា១រូបទៀតបង្គោលខៀវ ហ៊ុន គឹមហៀង បានត្រឹមបរាជ័យក្រោមថ្វីដៃកីឡាករសិង្ហបុរី បង្គោលក្រហម Mohammad Khidhir Saniff ដោយពិន្ទុ និងទទួលបានមេដាយសំរឹទ្ធពីកម្មវិធីប្រកួត។
 
គួរំឭកដែរថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាត្រៀមបញ្ជូនកីឡាករ ២រូប និងគ្រូបង្វឹក១រូប ទៅចូលរួមការប្រកួតពានរង្វាន់ Syed Kadir Boxing Championship 2022 នៅប្រទេសសិង្ហបុរី។ កីឡាករ សៅ រង្សី និងហ៊ុន គឹម ហៀង ធ្លាប់ទទួលបានមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម កន្លងទៅ៕
 

Tag:
 ប្រដាល់សកល
© រក្សាសិទ្ធិដោយ thmeythmey.com