កីឡាជាតិ
ជាតិ
លោក Keisuke Honda ចាត់ទុកថ្ងៃតេស្ត 30-15 IFT ជាថ្ងៃសំខាន់សម្រាប់កីឡាករជម្រើសជាតិកម្ពុជា
13, Sep 2022 , 4:19 pm        
រូបភាព
លោក Keisuke Honda ឈរដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបជាមួយ អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៤ មិថុនា ២០២២។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក Keisuke Honda ឈរដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបជាមួយ អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៤ មិថុនា ២០២២។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា ចាត់ទុកថ្ងៃទី១៣ ខែកញ្ញានេះ ជាថ្ងៃពិសេសសម្រាប់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា។ នៅថ្ងៃនេះ កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ទាំងក្រុមត្រៀមសម្រាប់ U-23 និងឈុតធំ ត្រូវចូលរួមធ្វើតេស្ដ 30-15 IFT នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ត្រៀមការប្រកួត មិត្តភាពជាមួយជប៉ុន U-23 និងបង់ក្លាដែស។



រសៀលថ្ងៃទី១៣ ខែកញ្ញា គឺជាថ្ងៃដំបូង ដែលតេស្ដ 30-15 IFT យកមកអនុវត្តលើក្រុមជម្រើសជាតិ ក្រោយពីលោក Keisuke Honda បាននិយាយ កាលពីថ្ងៃទី១៥ ខែមិថុនា ក្រោយជម្រើសជាតិកម្ពុជា បានបញ្ចប់ភារកិច្ចក្នុងការប្រកួត AFC Asian Cup 2023 Qualifiers នៅប្រទេសឥណ្ឌា។ អ្នកចាត់ការក្រុមរូបនេះ នឹងមិនយកកីឡាករណា ដែលរត់មិនបាន ២០.៥ នៃការតេស្ដ 30-15 IFT។
 
តេស្ដនេះ មិនមែនគ្រាន់តែជាតេស្ដទៅលើល្បឿនកីឡាករតែម្យ៉ាងទេ ប៉ុន្ដែក៏ជាការតេស្ដលើកាយសម្បទាផងដែរ។ ក្រោយពីចាញ់នៅក្នុងព្រឹត្តិការណ៍ AFC Asian Cup 2022 Qualifiers នៅប្រទេសឥណ្ឌា អ្នកចាត់ការរូបនេះ បង្ហាញការមិនពេញចិត្តចំពោះការប្រកួត ព្រោះកម្លាំងរបស់កីឡាករកម្ពុជា មានការធ្លាក់ចុះ និងមិនសូវសកម្មនាពេលចុងតង់។
 
លោក Keisuke Honda បានសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួនថា៖«ថ្ងៃនេះ គឺជាថ្ងៃដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិកម្ពុជា»។ សារនេះ ទំនងជាបញ្ជាក់ថា តេស្ដនេះ មានសារៈសំខាន់ណាស់សម្រាប់រើសយកកីឡាករ ដើម្បីប្រកួតតំណាងជាតិ។ ម្យ៉ាងវិញទៀត តេស្ដនេះ មានលក្ខណៈយុត្តិធម៌ណាស់ ព្រោះមិនមានករណីលើកលែងលើកីឡាករណាទេ បើទោះជាមានបច្ចេកទេសល្អក៏ដោយ។ នោះ មានន័យថា ប្រសិនជាកីឡាករណា ធ្លាក់តេស្ដនេះ អ្នកទាំងនោះ ត្រូវការពង្រឹងបន្ថែម នូវកម្លាំងកាយសម្បទា ធ្វើយ៉ាងណាអាចប្រកួត ដោយរក្សាកម្លាំងបានចប់ការប្រកួត។
 
ការចែកក្រុមហ្វឹកហាត់ និងត្រៀមតេស្ដ យ៉ាងណានោះ មន្ដ្រីសហព័ន្ធបាល់ទាត់មួយរូប មិនអាចបញ្ជាក់ប្រាប់បានទេ ដោយថានេះជាកិច្ចការបច្ចេកទេសផ្ទៃក្នុង។ 
គួរបញ្ចាក់ផងដែរថា ជម្រើសជាតិកម្ពុជា U-23 ត្រូវប្រកួតមិត្តភាព ជាមួយជប៉ុន U-23 នៅថ្ងៃទី២០ ខែកញ្ញា និង ជម្រើសជាតិកម្ពុជា ឈុតធំ ត្រូវស្វាគមន៍ បង់ក្លាដែស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ៕
 

Tag:
 បាល់ទាត់
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com