កីឡាជាតិ
ជាតិ
អត្តពលិកកីឡាកម្ពុជា ១៦១រូប ទៅហ្វឹកហាត់នៅចិនរហូតដល់ស៊ីហ្គេម២០២៣
13, Sep 2022 , 10:29 pm        
រូបភាព
លោកគ្រូ ប្រាក់ វុទ្ធី(កាន់បាល់) ពេលបង្វឹកកីឡាការិនីបាល់ទាត់កម្ពុជា។ រូបពី CAMSOC
លោកគ្រូ ប្រាក់ វុទ្ធី(កាន់បាល់) ពេលបង្វឹកកីឡាការិនីបាល់ទាត់កម្ពុជា។ រូបពី CAMSOC
ដោយ:
អត្តពលិកកម្ពុជា ១៦១រូបនឹងចេញទៅហ្វឹកហាត់នៅប្រទេសចិននៅថ្ងៃទី១៥ ខែកញ្ញា។ អត្តពលិកទាំងអស់ ត្រូវហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាពរយៈពេលវែង រហូតដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជានាឆ្នាំ២០២៣តែម្តង។

 
ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាល និងប្រជាជនចិន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(CAMSOC) នឹងបញ្ជូនកីឡាករ-កីឡាការិនីកម្ពុជា ១៦១រូប ស្មើនឹង១២ប្រភេទកីឡាចេញទៅហ្វឹកហាត់នៅចិនរយៈពេលវែង។
 
អត្តពលិកទាំងនោះរួមមាន ប្រតិភូដឹកនាំ (២រូប), កីឡាកាយសម្ព័ន្ធ(១១រូប), យូដូ(៥រូប), វូស៊ូ(១០រូប), បាល់បោះ(១៥រូប), វាយកូនឃ្លីលើតុ(១០រូប), អត្តពលកម្ម(២០រូប), ចំបាប់(១៥រូប), វាយសី(១២រូប), ហែលទឹក(១១រូប), លើកទម្ងន់(១០រូប), បាល់ទាត់នារី (២៥រូប) និងបាល់ទះនារី(១៥រូប)។
 

អត្តេពលិកកីឡាហែលទឹកកម្ពុជា ក្នុងពិធីសំណេះសំណាល ជូនដំណើរកីឡាករ-កីឡាការិនីកម្ពុជាចេញទៅហ្វឹកហាត់នៅចិន។ រូបពី សហព័ន្ធខ្មែរកីឡាហែលទឹក

បើតាមការបញ្ជាក់ពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិCAMSOC បានឱ្យដឹងថាក្រោយពីការប្រកួតស៊ីហ្គេមចប់ កីឡាករ-កីឡាការិនី នឹងវិលត្រលប់ទៅចិនវិញដើម្បីហ្វឹកហាត់បង្គ្រប់កិច្ចសន្យាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនចិនរយៈពេល២ឆ្នាំ។
 
«ទំហំនៃជំនួយនេះធំ ដោយសារតែការហ្វឹកហាត់ត្រូវចំណាយច្រើន ហើយមិនមែនតែពេលហ្នឹងទេ។ តាមពិតយើងត្រូវហ្វឹកហាត់ ២ឆ្នាំមុន អ៊ីចឹងគម្រោង ២ឆ្នាំមុន បានខ្លីមកសល់ត្រឹម ៧ ទោ ៨ខែនឹងចប់គម្រោង សម្រាប់គម្រោងដែលយើងបានអនុវត្ត១ឆ្នាំជាងហ្នឹងត្រូវបន្តទៅទៀត។ អ៊ីចឹងអាចឱ្យកីឡាក-រកីឡាការិនីយើង ក្រោយពីស៊ីហ្គេមហើយក៏នៅតែទទួលបានការបណ្តុះបណ្តាលជំនាញកីឡាកម្រិតខ្ពស់នេះបន្តទៅទៀត»។ លោក វ៉ាត់ ចំរើន និយាយដូច្នេះ។
 
គួបញ្ជាក់ថា អត្តពលិកកីឡាទាំង១២ប្រភេទកីឡា ស្មើ១៦១រូប នឹងចេញដំណើរទៅប្រទេសចិននាថ្ងៃទី១៥ ខែកញ្ញា ដើម្បីហ្វឹកហាត់រហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣៕
 
 

Tag:
 កីឡាហែលទឹក
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com