ជាតិ
សេដ្ឋកិច្ច
អាស៊ានបូក៣ សម្រេចបន្តអនុវត្តផែនការស្តារសេដ្ឋកិច្ចរួមគ្នាពីវិបត្តិកូវីដ ដល់ឆ្នាំ២០២៤
18, Sep 2022 , 6:29 pm        
រូបភាព
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កំពុងដឹកនាំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានប្រជុំជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចកូរ៉េ ជប៉ុន និងអនុរដ្ឋមន្ត្រីសេដ្ឋកិច្ចចិន នៅខេត្តសៀមរាប នាថ្ងៃទី១៧កញ្ញា ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កំពុងដឹកនាំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានប្រជុំជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចកូរ៉េ ជប៉ុន និងអនុរដ្ឋមន្ត្រីសេដ្ឋកិច្ចចិន នៅខេត្តសៀមរាប នាថ្ងៃទី១៧កញ្ញា ។
សៀមរាប៖ អាស៊ានបូក៣ ដែលមានប្រទេសទាំង១០របស់អាស៊ាន​ រួមនឹងប្រទេសចិន កូរ៉េ ជប៉ុន បានសម្រេចរួមគ្នាបន្តអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ រហូតដល់ឆ្នាំ២០២៤។ ការសម្រេចនេះ គឺដើម្បីកសាងសមត្ថភាពរបស់សហគ្រាសមីក្រូធុនតូចនិងមធ្យម(MSMEs)ឱ្យកាន់តែមានភាពប្រកួតប្រជែង ​តាមរយៈការជំរុញឱ្យប្រើប្រាស់នូវ​សេដ្ឋកិច្ចឌីជីថល។​

 
រដ្ឋមន្ត្រីសេដ្ឋកិច្ចទាំង១០ប្រទេសរបស់អាស៊ានជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន ឯកភាពរួមគ្នាបន្តការអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២៣-២០២៤។ ផែនការនេះ ត្រូវបានអនុម័តឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូក៣ នៅខេត្តសៀមរាប នាថ្ងៃទី១៧កញ្ញា ដែលនឹងអនុវត្តបន្តពីផែនការស្តារសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១-២០២២។ 
 
បើតាមលោក​ ប៉ែន សុវិជាតិ អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ផែនការផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២៣-២០២៤​ នឹងជួយកសាងសមត្ថភាពរបស់សហគ្រាសមីក្រូធុនតូចនិងមធ្យម(MSMEs) រួមទាំងជួយសម្រួលដល់ការពាណិជ្ជកម្មរវាងតំបន់អាស៊ាន​ជាមួយចិន កូរ៉េ និងជប៉ុន ថែមទៀត។
 
លោក​ ប៉ែន សុវិជាតិ បន្តថ្លែងក្នុងសន្និសីទស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានបូក៣ នាល្ងាចថ្ងៃទី១៧កញ្ញា យ៉ាងដូច្នេះ៖ «ជាពិសេសផែនការនេះ នឹងជំរុញMSMEs ឱ្យការប្រើប្រាស់នូវមធ្យាស្រ័យសេដ្ឋកិច្ចឌីជីថល ដើម្បីឱ្យ​MSMEsចូលរួមចំណែកកាន់តែសកម្មភាពឡើង និងបង្កភាពធន់របស់MSMEs ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គងពិភពលោក»។  ប៉ុន្តែ សកម្មភាពនេះអាចធ្វើទៅបានលុះត្រាតែផែនការអនុវត្តរួមគ្នារវាងប្រទេសទាំង១០របស់អាស៊ាន ជាមួយប្រទេសចិន កូរ៉េ និងជប៉ុន ត្រូវមានការអនុវត្តនិងតាមដានបញ្ហាប្រឈមនានានៅក្នុងប្រទេសនីមួយៗ។
 

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ កំពុងថ្លែងក្នុងសន្និសីទកាសែត​ ស្តីពីកិច្ចប្រជុំអាស៊ានបូក៣ នៅល្ងាចថ្ងៃទី១៧កញ្ញា។

លោក ប៉ែន សុវិជាតិ បាននិយាយដូច្នេះ៖ «ប្រសិនប្រទេសអាស៊ានបូក៣ ជួបនូវបញ្ហាប្រឈមណាមួយ ប្រទេសទាំងនោះចាំបាច់ត្រូវរៀបចំសកម្មភាព និងសិក្សាស្រាវជ្រាវរួមគ្នា ដើម្បីរកវិធីដោះស្រាយបញ្ហារួមគ្នា»។ បើតាមអ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធរូបនេះ រដ្ឋមន្ត្រីអាស៊ានបូក៣ ក៏បានសម្រេចដាក់ឱ្យអនុវត្តនូវគម្រោងកសាងសមត្ថភាពរបស់MSMEs នៅតាមប្រទេសនីមួយៗដែលនៅមានគម្លាតឌីជីថលច្រើនរវាងគ្នានិងគ្នា ផងដែរ។ 
 
«ដូច្នេះ អាស៊ានបូក៣ នឹងចាប់ផ្តើមអនុវត្តគម្រោងមួយសម្រាប់ពិនិត្យលទ្ធភាពរបស់MSMEs ដោយធ្វើយ៉ាងម៉េចបង្រួមនូវគម្លាតនៃការប្រើប្រាស់ឌីជីថលនៅតាមប្រទេសនីមួយៗ»។  នេះជាការលើកឡើងរបស់លោក សុវិជាតិ។ 
 
គម្រោងសម្រាប់ពង្រឹងMSMEsនេះ ត្រូវបានផ្តួចផ្តើមឡើងដោយអ្នកជំនាញពីវិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចរបស់អាស៊ាន និងអាស៊ីខាងកើត ដើម្បីធ្វើយ៉ាងណាជួយឱ្យសេដ្ឋកិច្ចឌីថលត្រូវបានប្រើប្រាស់សម្រាប់សហគ្រាសមីក្រូធុនតូចនិងមធ្យម ក្នុងគោលដៅបង្រួមគម្លាតហេដ្ឋារចនាសម្ព័ន្ធដែលទាក់ទងនឹងការតភ្ជាប់ និងបង្កើយតការបើកច្រកនាំចេញទំនិញទៅទីផ្សារឱ្យកាន់តែទូលាយឡើយ។ លោក សុវិជាតិ បន្ថែមថា៖ «យើងនឹងប្រើប្រាស់ជំនាញឌីជីថលនេះនៅក្នុងវិស័យហិរញ្ញវត្ថុ ក៏ដូចវិស័យធុរកិច្ច ដែលសហគ្រាសមីក្រូធុនតូចនិងមធ្យមទាំងអស់ ត្រូវចាំបាច់ប្រកាន់យកដើម្បីដើរឱ្យឈានថ្មីនៃការឈានទៅមុខរបស់ពិភពលោកនៅក្នុងវិស័យឌីជីថល  និងវិស័យឧស្សាហកម្ម ៤.០»។ 
 
កាលពីឆ្នាំ២០២១​ ទំហំពាណិជ្ជកម្មរវាងអាស៊ាន​ ជាមួយប្រទេសចិន កូរ៉េ និងចិន បានកើនដល់ជិត១,១ម៉ឺនលានដុល្លារអាម៉េរិក។ ទំហំនេះ គឺមានកំណើន២៥,១ភាគរយ ធៀបនឹងឆ្នាំ២០២០៕ 
 
 

Tag:
 អាស៊ានឆ្នាំ២០២២
© រក្សាសិទ្ធិដោយ thmeythmey.com