កីឡាជាតិ
ជាតិ
AFC U20៖ កម្ពុជាហាលអាវ ក្រោយចាញ់តាហ្ស៊ីគីស្ថាន ២-១ នាជំនួបចុងក្រោយ
19, Sep 2022 , 11:12 am        
រូបភាព
ការអូសបាល់ជ្រែកខ្សែការពារតាហ្ស៊ីគីស្ថាន(ក្រហម) របស់ខ្សែបម្រើកម្ពុជា (ស) ស៊ិន សុវណ្ណមករា។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ការអូសបាល់ជ្រែកខ្សែការពារតាហ្ស៊ីគីស្ថាន(ក្រហម) របស់ខ្សែបម្រើកម្ពុជា (ស) ស៊ិន សុវណ្ណមករា។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតអាយុក្រោម ២០ឆ្នាំ ត្រូវត្រឡប់មកផ្ទះវិញដោយឈរនៅបាតតារាង ក្រោយចាញ់ម្ចាស់ផ្ទះ តាហ្ស៊ីគីស្ថាន ២-១ នៅជំនួបចុងក្រោយវគ្គសន្សំពិន្ទុពូល I នៃពានរង្វាន់បាល់ទាត់ AFC Asian Cup 2023។

 
ជំនួបរវាងក្រុមម្ចាស់ផ្ទះ តាហ្ស៊ីគីស្ថាន និងភ្ញៀវគោព្រៃវ័យជំទង់កម្ពុជា បញ្ចប់ទៅដោលទ្ធផល ០-០ នៅម៉ោង ៤៥នាទី ក្នុងវគ្គទី១ បើទោះមានការវាយសម្រុកគ្នាយ៉ាងណាក៏ដោយ។
 
ចូលដល់វគ្គទី២ ម្ចាស់ផ្ទះបើកការវាយលុកយ៉ាងសន្ធប់ទៅលើក្រុមភ្ញៀវជាច្រើនលើកតែនៅមិនអាចទម្លាយសំណាញ់ទីបានឡើយ។ លុះដល់នាទី៥៩ ម្ចាស់ផ្ទះបើកការនាំមុខមុន១គ្រាប់ រកបានដោយប្រធានក្រុម Amadoni Kamolov មុនពេលកម្ពុជារកបានគ្រាប់តាមស្មើនៅ៦នាទីបន្ទាប់ដែលបញ្ចប់ទីដោយខ្សែប្រយុទ្ធ ហាវ សុខនេត្រ តាមរយៈការបញ្ជូនបាល់ពីខ្សែបម្រើ ស៊ិន សុវណ្ណមករា។ 


 ក្រុមកម្ពុជា(ស) អបអរគ្រាប់បាល់ក្រោយតែតបញ្ចូលទីម្ចាស់ផ្ទះតាហ្ស៊ីគីស្ថាន(ក្រហម)។ រូបពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
 
ខណៈពេលពិន្ទុកំពុងមានភាពប្រទាក់ប្រទើសសម្រាប់ក្រុមម្ចាស់ផ្ទះដែលស្រេកឃ្លានជ័យជម្នះ បានបន្តវាយបកកម្ពុជាយ៉ាងកំហុក និងសម្រេចគ្រាប់ទី២ និងជាគ្រាប់ជ័យជម្នះដោយបាល់ពិន័យ១១ ម៉ែត្រដែលស៊ុតដោយខ្សែបម្រើ Nishonbojzada បន្ទាប់ពីខ្សែការពារកម្ពុជា វ៉ន ផល្លា បង្កើតកំហុសដោយបាល់ប៉ះដៃក្នុងតំបន់គ្រោះថ្នាក់។
 
បញ្ចប់ការប្រកួត៩០+៣នាទី តាហ្ស៊ីគីស្ថានយកបាន៣ពិន្ទុបន្ទាប់ពីឈ្នះកម្ពុជា ២-១។ ស្ថិតិសម្រាប់ពូល I តាហ្ស៊ីគីស្ថាន ឈរលេខ១ មាន៧ពិន្ទុ មានគ្រាប់បាល់សំណល់៥គ្រាប់ លីបង់លេខ២ មាន៦ពិន្ទុ មានគ្រាប់បាល់សំណល់២ លេខ៣សិង្ហបុរី មាន២ពិន្ទុ សំណល់គ្រាប់បាល់ដក៥ និងកម្ពុជាលេខ៤ មាន១ពិន្ទុ មានសំណល់គ្រាប់បាល់ដក២។
 
សម្រាប់ពូល I ម្ចាស់ផ្ទះតាហ្ស៊ីគីស្ថាន ទទួលបានសំបុត្រឡើងទៅវគ្គបន្ត ខណៈ កម្ពុជា លីបង់ និងសិង្ហបុរី ធ្លាក់ចេញពីពានរង្វាន់ AFC Asian Cup។ ក្រុមមួយចំនួនដែលត្រូវឡើងរួមមាន៖ កៀហ្ស៊ីស៊ីស្ថាន វៀតណាម ចិន ស៊ីរី តាហ្ស៊ីគីស្ថាន អារ៉ាប៊ីសាអូឌីត កាតា ជប៉ុន ហ្សកដានី កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី អូម៉ង់ និងអ៊ីរ៉ង់ ខណៈថៃ ត្រូវរង់ចាំការប្រកួតនៅក្នុងពូល H នាខែតុលាខាងមុខ៕
 
 
 
 

Tag:
 កីឡាបាល់ទាត់
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com