កីឡាជាតិ
ជាតិ
ប្រដាល់គុនខ្មែរ៖ ឈុត វ៉ាន់ថង ឈ្នះ រិន ដេវីត ដោយសន្លប់ ចំណែក វ៉ាន់ វឿន ឈ្នះពិន្ទុ សៀវ ង៉ុយ
19, Sep 2022 , 4:29 pm        
រូបភាព
ការប្រកួតរវាងបង្គោលក្រហម ស៊ន រ៉ាគីម និងបង្គោលខៀវ ផាន់ សុផាត។ រូបពី TV5
ការប្រកួតរវាងបង្គោលក្រហម ស៊ន រ៉ាគីម និងបង្គោលខៀវ ផាន់ សុផាត។ រូបពី TV5
ដោយ:
ឈុត វ៉ាន់ថង ឈ្នះ រិន ដេវីត ក្រោយវាយឱ្យសន្លប់ក្នុងទឹកទី២ មុនបង្គោលខៀវ វ៉ាន់ វឿន ឈ្នះបង្គោលក្រហម សៀវ ង៉ុយ ដោយពិន្ទុ ក្នុងវគ្គវិលជុំសន្សំពិន្ទុពូល A នៃពានរង្វាន់សម្តេចពិជ័យសេនា​ នៅថ្ងៃទី១៨ ខែកញ្ញា។ គូអមកម្មវិធីប្រកួតបង្គោលក្រហម ស៊ន រ៉ាគីម ផ្តួលបង្គោលខៀវ ផាន់ សុផាត ឱ្យបោះបង់ការប្រកួតក្នុងទឹកទី២ និងបង្គោលក្រហម ម៉េត បូរិន្ទ ផ្តួលបង្គោលខៀវ ជឹម សារ៉ាយ ឱ្យសន្លប់ក្នុងទឹកទី៣។



 នៅដើមទឹក១ វ៉ាន់ថង រហស្សនាមរាហ៊ូមាស វាយឱ្យបង្គោលក្រហមសន្លប់ និងត្រូវបានអាជ្ញាកណ្តាល លោក ណន រឹទ្ធ រាប់លើកទី១ ក្រោយទាត់ដេវីតចំពោះទឹកយ៉ាងពេញទំហឹង។ ការប្រកួតបន្តរហូតដល់ចុងទឹកទី១ វ៉ាន់ថង បន្តទាត់ខ្លាំងៗទៅលើ ដេវីត បណ្តាលឱ្យអាជ្ញាកណ្តាលរាប់ ជាលើកទី២។


ការប្រកួតរវាងបង្គោលខៀវ ឈុត វ៉ាន់ថង និងបង្គោលក្រហម រិន ដេវីត។ រូបពី TV5
 
ចូលដល់ទឹក២ រាហ៊ូមាស បើកការវាយសម្រុកយ៉ាងកញ្ជ្រោលសារជាថ្មី។ មិនទាន់បាន១នាទីស្រួលបួលផង ដេវីត ក៏ត្រូវបានសន្លប់ដេកស្តូកស្តឹងក្រោមកណ្តាប់ដៃស្តាំរាហ៊ូមាស ឈុត វ៉ាន់ថង ដាល់ចំផ្ទៃមុខយ៉ាងខ្លាំង។ បញ្ចប់ការប្រកួតបង្គោលខៀវ ឈុត វ៉ាន់ ថង យកបាន៣ពិន្ទុ ខណៈ រិន ដេវីត ទទួលបាន១ពិន្ទុ។
 
ចំណែកគូដណ្តើមខ្សែក្រវាត់រវាងបង្គោលក្រហម សៀវ ង៉ុយចាញ់ពិន្ទុ បង្គោលខៀវ វ៉ាន់ វឿន បន្ទាប់ពីប្រកួតរយៈពេល៥ទឹកពេញ។ វ៉ាន់ វឿន យកបាន៣ពិន្ទុ និងសៀវ ង៉ុយ ទទួលបាន១ពិន្ទុសម្រាប់ជុំទី១។ រីឯគូអមកម្មវិធីប្រកួត បង្គោលក្រហម ស៊ន រ៉ាគីម ផ្តួលបង្គោលខៀវ ផាន់ សុផាត ឱ្យសន្លប់ក្នុងទឹក២ និងបង្គោលក្រហម ម៉េត បូរិន្ទ ផ្តួលបង្គោលខៀវ ជឹម សារ៉ាយ ឱ្យសន្លប់ក្នុងទឹក៣។
 
គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គវិលជុំសន្សំពិន្ទុក្នុងពូលនីមួយៗក្នុង១វគ្គមាន២គូ វាយ៥ទឹក ក្នុង១ទឹកមាន៣នាទី។ សម្រាប់ការប្រកួតការប្រកួតនឹងធ្វើឡើងរៀងរាល់ចុងសប្តាហ៍ថ្ងៃអាទិត្យដើម្បីស្វែងរកម្ចាស់ខ្សែក្រវាត់ ពានរង្វាន់សម្តេចពិជ័សេនា ដែលស្មើផ្ទះវិឡាភ្លោះ១ខ្នង និងប្រាក់លានរៀលអមជាច្រើនផងដែរ៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ដណ្តើមខ្សែក្រវ៉ាត់
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com