កីឡាជាតិ
ជាតិ
កម្ពុជា ជួលគ្រូគុយបា បង្ហាត់កីឡាករបាល់ទះលើវាលខ្សាច់ និងក្នុងសាល ត្រៀមស៊ីហ្គេម
20, Sep 2022 , 7:59 am        
រូបភាព
លោក អាំង សិរីពិសិដ្ឋ(អាវផ្កា)ក្នុងពិធីចុះកិច្ចសន្យាកុងត្រាជាមួយគ្រូបង្វឹកគុយបា។ រូបពី អាំង សិរីពិសិដ្ឋ
លោក អាំង សិរីពិសិដ្ឋ(អាវផ្កា)ក្នុងពិធីចុះកិច្ចសន្យាកុងត្រាជាមួយគ្រូបង្វឹកគុយបា។ រូបពី អាំង សិរីពិសិដ្ឋ
ដោយ:
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល១ឆ្នាំជាមួយគ្រូបង្វឹក និងគ្រូជំនួយគុយបា ដើម្បីបង្វឹកកីឡាករបាល់ទះឆ្នេរខ្សាច់ និងក្នុងសាល ត្រៀមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

 
ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដំបូងនៅកម្ពុជា សហព័ន្ធកីឡាបាល់ទះកម្ពុជាបានខ្នះខ្នែងធ្វើយ៉ាងណាសម្រេចឱ្យបានលទ្ធផលល្អប្រសើរក្នុងនាមម្ចាស់ផ្ទះ ដោយជួលគ្រូពីក្រៅប្រទេសមកបង្វឹក។
 
បន្ទាប់ពីសម្លឹងមើលឃើញនូវគុណភាពបច្ចេកទេសនៃគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់ជនជាតិគុយបាចំនួនពីររូប កម្ពុជាបានសម្រេចចុះកិច្ចសន្យា១ឆ្នាំដើម្បីឱ្យអ្នកទាំងពីរក្លាយជាគ្រូបង្វឹកសម្រាប់ក្រុមជម្រើសជាតិបាល់ទះក្នុងសាល និងវាលខ្សាច់។ គ្រូគុយបាទាំងពីរ នឹងចាប់ផ្តើមហ្វឹកហាត់ ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះ កើតឡើងដោយមានការជ្រោមជ្រែងពីលោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំប្រទេសកម្ពុជាងដែរ។
 
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្រាប់សារព័ត៌មានថ្មីៗកាលពីថ្ងៃទី១៨ ខែកញ្ញាថា៖«យើងចុះកុងត្រារយៈពេល១ឆ្នាំ ចាប់ពីពេលនេះទៅរហូតដល់ខែកញ្ញា ឆ្នាំ២០២៣។ បានន័យថាយើងចប់ស៊ីហ្គេមរួចរាល់ ហើយប្រសិនបើការបណ្តុះបណ្តាល ឬការហ្វឹកហាត់របស់ពួកគាត់មានគុណផលល្អប្រសើរយើងនឹងចរចាកុងត្រាថ្មីថែមទៀត»។ 
 
សូមបញ្ជាក់ថា គ្រូបង្វឹកពីររូបរួមមានលោក Karell Pena Ventoza, និងលោក Berto Friol Barrios, ហើយក៏មានការចូលរួមពីមន្រ្តីបច្ចេកទេសបាល់ទះឆ្នេរខ្សាច់ពីររូបផងដែរគឺលោក Leonid Abum Castillo និង​​កញ្ញា Natyelis Riol Cardenas៕
 

Tag:
 កីឡាបាល់ទះ
 អាំង សិរីពិសិដ្ឋ
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com