កីឡាជាតិ
ជាតិ
លោក ប៉ែន ផាត៖ បាល់ទាត់ត្រូវការកម្លាំង បញ្ញានិងស្មារតី, រត់លឿនអត់បច្ចេកទេស មិនបានអ្វីទេ
19, Sep 2022 , 10:59 pm        
រូបភាព
លោក-ប៉ែន-ផាត-រូបពីលោក-ប៉ែន-ផាត
លោក-ប៉ែន-ផាត-រូបពីលោក-ប៉ែន-ផាត
លោក ប៉ែន ផាត អតីតកីឡាករបាល់ទាត់កម្ពុជាអំឡុងឆ្នាំ១៩៦០ បានបង្ហាញពីទស្សនរបស់ខ្លួនជុំវិញ ការតេស្ដកម្លាំងអំណត់ 30-15 IFT។ លោក ថាកម្លាំងកាយសម្បាទា ពិតជាមានលក្ខណចាំបាច់ណាស់ក្នុងវិស័យបាល់ទាត់ ប៉ុន្ដែការប្រកួតនីមួយៗ កីឡាករម្នាក់ៗ ត្រូវមានទាំងបច្ចេកទេស បញ្ញាស្មារតី និងឆន្ទៈប្រកួត។ លោក ប៉ែន ផាត យល់ថា តេស្ត 30-15 IFT ជាប់តែមួយមុខ ក៏មិនបានអ្វីដែរ។



លោក ប៉ែត ផាត យល់ឃើញថា ការតេស្ដសមត្ថភាពកីឡាករ ដោយអនុវត្តតេស្ដ 30-15 IFT គឺមិនគ្រប់គ្រាន់ទេ ដោយកីឡាករមានកម្លាំងកាយអាចរត់បានគ្រប់នាទីប្រកួត ប៉ុន្ដែ​បើមិនមានបច្ចេកទេស ស្មារតីប្រកួត នោះក៏មិនអាចគ្រប់គ្រងបាល់បានល្អដែរ។
 
«បើមានតែកម្លាំងរត់លឿន អត់មានបច្ចេកទេស ក៏មិនបានអ្វីដែរ។ កម្លាំង បញ្ញានឹងស្មារតី ត្រូវគួបផ្សំគ្នា។  បើខ្ញុំនិយាយពី បច្ចេកទេសវិញ ខ្ញុំចាស់ហើយ តែខ្ញុំ នៅលេងនឹងចាស់ៗ គេក្មេងជាងខ្ញុំពី ១០-១៥ឆ្នាំ ខ្ញុំអាចធ្វើអ្វីៗបានដូចមុនបាន ៥០/១០០ សឰថ្ងៃនេះ បាល់ទាត់ពិភពលោកគេយកបច្ចេកទេស។ បាល់ទាត់ ត្រូវការកម្លាំង គឺជារឿងធម្មតា»។ អតីតកីឡាកររូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុក ដូច្នេះ។
 
ជាមួយគ្នានេះ អាតីតកីឡាករទសវត្សរ៍ទី៦០រូបនេះ ក៏បង្ហាញការងឿងឆ្ងល់ពីកីឡាករមួយចំនួន ដែលតែងតែជាប់ជម្រើសជាតិនាពេលមុនៗ ប៉ុន្ដែបែជាធ្លាក់ក្នុងពេលតេស្ដ 30-15 IFT ទៅវិញ។ កីឡាករ ដែលធ្លាប់លេងជម្រើសជាតិមុនៗ ត្រូវគ្នា យល់ចិត្តគ្នា តែបែជាមិនអាចចូលរួមប្រកួតជាមួយគ្នា ដោយសារធ្លាក់តេស្ដកំលាំងអំណត់នេះ។ «បើបងប្អូនយើងគិតថាល្អ ខ្ញុំក៏ថាល្អ ប្រសើរដែរ! បាល់ទាត់គេលេងនឹងបញ្ញាស្មារតីរបស់ខ្លួន គេមិនយកកំម្លាំងបាយទៅលេងនោះទេ?»។ នេះជាការបន្ថែមរបស់លោក ប៉ែន ផាត ដែលត្រូវបានចាត់ទុកថាជាព្រឹទ្ធាចារ្យបាល់ទាត់ខ្មែរ។
 
គួរបញ្ជាក់ថា តេស្ដ 30-15 IFT ត្រូវបានអនុវត្ត សម្រាប់ការប្រកួតមិត្តភាពជាមួយ U-23 ជប៉ុន នៅថ្ងៃទី២២ ខែកញ្ញា និងថ្ងៃទី២០ ខែកញ្ញា ជាមួយជម្រើសជាតិបង់ក្លាដែស ប៉ុន្ដែក្រោយតេស្ដ មានកីឡាករ ដែលធ្លាប់ចូលរួមជាមួយជម្រើសជាតិបានធ្លាក់។ លោក ភា សុភក្ដ្រា បានប្រាប់ថា នេះ គឺជាតេស្ដ ដែលយុត្តិធម៌បំផុតសម្រាប់កីឡាករ ប្រសិនជាមិនជាប់ទេ មិនអាចចូលរួមជាមួយជម្រើសជាតិបានទេ៕ 
 

Tag:
 បាល់ទាត់
  ប៉ែន ផាត
© រក្សាសិទ្ធិដោយ thmeythmey.com