កីឡាជាតិ
ជាតិ
គ្រូ U23 កម្ពុជា ប្រាប់កូនក្រុម កុំមើលស្រាល U23 ជប៉ុន ទោះយកកីឡាករពីសាកលវិទ្យាល័យ
20, Sep 2022 , 10:23 am        
រូបភាព
គ្រូបង្វឹកកម្ពុជា លោក Hirose Ryu(អាវខៀវ) ចាប់ដៃជាមួយគ្រូបង្វឹកជប៉ុន លោក Lee Wooyoung(អាវស) ក្នុងពិធីសន្និសីទសារព័ត៌មាន។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
គ្រូបង្វឹកកម្ពុជា លោក Hirose Ryu(អាវខៀវ) ចាប់ដៃជាមួយគ្រូបង្វឹកជប៉ុន លោក Lee Wooyoung(អាវស) ក្នុងពិធីសន្និសីទសារព័ត៌មាន។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ នឹងបើកទ្វាកីឡដ្ឋានមរតកតេជោទទួលភ្ញៀវជប៉ុនអាយុក្រោម២៣ឆ្នាំ ក្នុងកម្មវិធីប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី២០​ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៧​:០០នាទីយប់។ ទោះ U23 ជប៉ុន សុទ្ធសឹងកីឡាករកម្រិតសាកលវិទ្យាល័យ ប៉ុន្តែគ្រូកម្ពុជាលោក Hirose Ryu ប្រាប់កូនក្រុមកុំឱ្យមើលស្រាលគូប្រកួត។

 
«ជាការពិតណាស់ការប្រកួតជាមួយយុវជនក្រុមជម្រើសជាតិជប៉ុននៅថ្ងៃអង្គារនេះមិនមែនជាការប្រកួតងាយស្រួលសម្រាប់ពួកយើងនោះទេ ព្រោះពួកគេសុទ្ធតែមានបច្ចេកទេសខ្ពស់។ ទោះកីឡាករទាំងនោះត្រូវបានជ្រើសពីសាកលវិទ្យាល័យ ប៉ុន្តែពួកគេជាកីឡាករមានគុណភាព និងត្រៀមចូលក្រុមអាជីពក្នុងលីគបាល់ទាត់ជប៉ុនឆាប់ៗនេះ។ នេះជាការអះអាងរបស់ លោក Hirose Ryu មុនលោកផ្តាំទៅកូនក្រុម U23 កម្ពុជា កុំឱ្យមានការធ្វេសប្រហែស ដ្បិតឈុត U23 ជប៉ុននេះមិនមែនជម្រើសជាតិក៏ដោយ។ 
 
សម្រាប់ក្រុមអាយុក្រោម ២៣កម្ពុជា គ្រូសញ្ជាតិជប៉ុនរូបនេះថា បានត្រៀមខ្លួនល្អហើយ ជាមួយការប្រើយុទ្ធសាស្ត្រ និងតាក់តិកក្រុម សម្រាប់ជំនួបមិត្តភាពអន្តរជាតិនេះ។
 
ចំណែកគ្រូបង្វឹកភ្ញៀវជប៉ុន លោក Lee Wooyoung បាននិយាយក្នុងសន្និសីទសារព័ត៌មានដូចគ្នានោះដែរដោយលោកថា បានរង់ចាំការប្រកួតនេះយូរមកហើយ សម្រាប់ក្រុមលោកនឹងយកជ័យជម្នះឱ្យបានដើម្បីបំពេញទឹកចិត្តអ្នកគាំទ្រ។
 
លោក បាននិយាយថា៖«ជាការប្រកួតមួយដែលពួកយើងទន្ទឹងរង់ចាំជាយូរណាស់មកហើយ ពួកយើងនឹងខំប្រឹងប្រែងលេងឱ្យបានល្អបំផុតដើម្បីទទួលបានលទ្ធផលល្អជូនអ្នកគាំទ្ររបស់ប្រទេសជប៉ុន»។ 
 
បញ្ជីឈ្មោះកីឡាករកម្ពុជា អាយុក្រោម២៣ឆ្នាំមកពីបណ្តាក្លិបមួយចំនួនដូចជា៖
 
វិសាខា៖គី រីណា, សា ទី, រដ្ឋ វីរៈ
បឹងកេត៖កយ សាលីម, តាំង ប៊ុនឆៃ, វ៉ាំង ដាវីន, សៀង ចន្ធា
ព្រះខ័នរាជស្វាយរៀង៖នី សុខរី, អ៊ាន ពិសី, មិន រតនៈ
ព្រៃវែង៖អាត អូនតូច, អះម៉ាត់ ស៊ូរីម, ស រតនា, ចាន់ សារ៉ាពេជ្រ
គីរីវង់សុខសែនជ័យ៖ថា ច័ន្ទឬទ្ធី, លីម អារុណរ៉ាយមិន
អាយអេសអាយ ដង្កោសែនជ័យ៖ដោ រ៉ូហ្សាន់
អគ្គិសនីកម្ពុជា៖ទួត សារ៉ូត
ណាហ្គាវើលដ៍៖ជា សុខម៉េង
ភ្នំពេញក្រោន៖លឹម ពិសុទ្ធ
អង្គរថាយហ្គឺរ៖សុផល ឌីម៉ង់
 
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ៖ទេព ហ្វីលីប...៕
 
 
 

Tag:
 កីឡាបាល់ទាត់
 មិត្តភាព
© រក្សាសិទ្ធិដោយ thmeythmey.com