កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាវាយសីកម្ពុជា បើកវគ្គបង្រៀនជំនាញគ្រូកម្រិតបឋម ដើម្បីអភិវឌ្ឍអត្ដពលិកថ្នាល
20, Sep 2022 , 4:06 pm        
រូបភាព
លោក កែវ រស់ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា រូបពីអគ្គនាយកដ្ឋានកីឡា
លោក កែវ រស់ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា រូបពីអគ្គនាយកដ្ឋានកីឡា
សហព័ន្ធកីឡាវាយសីកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលជំនាញកម្រិតបឋម រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៨-២០ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោក កែវ រស់ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជា បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ដើម្បីផ្ដល់ចំណេះដឹងមូលដ្ឋានដល់គ្រូបង្វឹកតាមក្លិបអំពីការប្រកួតកីឡាវាយសី និងជាមូលដ្ឋានក្នុងការពង្រឹងធនធានថ្នាល ដើម្បីប្រកួតកម្រិតអន្ដរជាតិ។



វគ្គបណ្ដុះបណ្ដាលនេះ មានអ្នកចូលរួម ៣១រូប ក្នុងនោះមានស្ដ្រី ៧រូប។ លោក កែវ រស់ បានបញ្ជាក់ពីការរំពឹងទុករបស់ខ្លួន មកកាន់សារព័ត៌មានថ្មីៗតាមទូរសព័្ទថា ក្រោយពេលបញ្ច​ប់វគ្គបណ្ដុះបណ្ដាល អ្នកទាំងនោះអាចយកទៅ បង្រៀនក្មេងៗ យុវជន ពីរបៀបលេងកីឡាប្រភេទនេះ។ ម្យ៉ាងវិញទៀត គ្រូបង្វឹកតាមក្លិបទាំងនោះ អាចបណ្ដុះកីឡាករថ្នាលមួយចំនួន ដែលជាក្ដីសង្ឃឹមរបស់សហព័ន្ធនាពេលអនាគត។ 
 
«ពេលគ្រូនៅតាមក្លិបមួយចំនួន ដឹងពីរបៀបនៃការលេងកីឡាវាយសី ហើយគោលបំណង ពេលដែលគាត់ចប់ទៅ គាត់ទៅបង្រៀន ក្មេងៗឲ្យចេះលេង ដើម្បីយើង រើសយកក្មេងណា ដែលមានជំនាញបានល្អ ដើម្បីជាថ្នាលបន្ដវេន»។ លោក កែវ រស់ បានប្រាប់ដូច្នេះ។
 
ចំពោះការត្រៀមសម្រាប់ស៊ីហ្គេម អគ្គលេខាធិការរងរូបនេះ បានប្រាប់ថា សហព័ន្ធ បានបញ្ជូនកីឡាករ ១១រូប និងគ្រូបង្វឹក ១រូប ទៅហ្វឹកហាត់នៅប្រទេសចិន។ ក្រៅពីនេះ សហព័ន្ធក៏មានកីឡាករ មានសមត្ថភាពមួយចំនួនទៀត ដែលកំពុងហ្វឹកហាត់ក្នុងប្រទេស​ ផងដែរ។
 
លោក កែវ រស់ បន្ថែមថា សហព័ន្ធបានដាក់គោលដៅយកមេដាយមាស១ ពីស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដោយបានរៀបចំផែនការច្បាស់លាស់ ក្នុងនោះមានការបណ្ដុះបណ្ដាលមន្ដ្រី និងកីឡាករផងដែរ៕
 

Tag:
 កីឡាវាយសី
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com