កីឡាជាតិ
ជាតិ
CAMSOC ចាត់ទុកអ្នកស្ម័គ្រចិត្ត ជាសរសៃឈាមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣
21, Sep 2022 , 9:29 am        
រូបភាព
CAMSOC និងគណៈកម្មការអ្នកស្ម័គ្រចិត្ត អគ្គនាយកដ្ឋានកីឡា ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពអ្នកស្ម័គ្រចិត្ត នាទីស្នាក់ការ NOCC។ រូបពី CAMSOC
CAMSOC និងគណៈកម្មការអ្នកស្ម័គ្រចិត្ត អគ្គនាយកដ្ឋានកីឡា ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពអ្នកស្ម័គ្រចិត្ត នាទីស្នាក់ការ NOCC។ រូបពី CAMSOC
ដោយ:
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) បានចាត់ទុកអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេម តំបង់អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាសមាជិកស្នូលដ៏សំខាន់ ឬ DNA of The Game។ CAMSOC ជឿជាក់ថាអ្នកស្ម័គ្រចិត្ត នឹងផ្តល់ស្នាមញញឹម និងកិត្តិយសជូនជាតិក្នុងនាមជាម្ចាស់ផ្ទះកីឡាតំបន់អស៊ានលើកដំបូង។

 
ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការស្ម័គ្រចិត្ត កាលពីថ្ងៃទី២០ ខែកញ្ញា នាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) CAMSOC វាយតម្លៃខ្ពស់ចំពោះគណៈកម្មការអ្នកស្ម័គ្រចិត្តដែលបានរៀបចំផែនការ កាលវិភាគ និងការបែងចែករចនាសម្ព័ន្ធមានលក្ខណៈច្បាស់លាស់ គ្រប់ជ្រុងជ្រោយក្រោមការដឹកនាំរបស់លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។
 
បើតាមប្រសាសន៍របស់លោក ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិ CAMSOC អះអាងថាអ្នកស្ម័គ្រចិត្តអាចមានពីចន្លោះពី ៥ពាន់នាក់ទៅ ១ម៉ឺននាក់ ដែលអាស្រ័យលើកតម្រូវការជាក់ស្តែង។ មកទល់ពេលគណៈកម្មការអ្នកស្ម័គ្រចិត្តជាង ៥០០នាក់ហើយបានចុះឈ្មោះជាជនបង្គោល និងបានហាត់សមជាបណ្តើរៗផងដែរ។
 
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា៖«អ្វីដែលត្រូវចាប់អារម្មណ៍ គឺគណៈកម្មការស្ម័គ្រចិត្ត ជាអ្នកគ្រប់គ្រប់ និងដឹកនាំអ្នកស្ម័គ្រចិត្តទាំងអស់ ដែលជាសរសៃ ឬក៏ជាចរន្ដនៃការគ្រប់គ្រង និងដឹកនាំសកម្មភាព នៃព្រឹត្តិការណ៍ស៊ីហ្គេម ដែលគេហៅអ្នកស្ម័គ្រចិត្ត គឺជា DNA Of The Games»។ 
អគ្គលេខាធិការរូបនេះបន្ថែមថា អ្នកស្ម័គ្រចិត្ត ត្រូវបានចាត់ទុកជាមនុស្សសំខាន់ ហើយពួកគេនឹងទទួលបានការលើកទឹកចិត្ត រួមជាមួយនឹងសម្ភារផ្សេងៗផង៕
 

Tag:
 CAMSOC
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com