កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ បង់ក្លាដែស ថានឹងយកឈ្នះកម្ពុជា តែម្ចាស់ផ្ទះ ថាមិនងាយស្រួលទេ
21, Sep 2022 , 5:29 pm        
រូបភាព
ការថតរូបជុំគ្នារវាង គ្រូបង្វឹកទាំងពីរក្រុម រូបពី Cambodian Premier League
ការថតរូបជុំគ្នារវាង គ្រូបង្វឹកទាំងពីរក្រុម រូបពី Cambodian Premier League
លោក Javier Fernandez Cabrera Martin គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិបង់ក្លាដែស អះអាងថានឹងយកឈ្នះកម្ពុជាក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិមរតកតេជោនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ លោក ​Hirose Ryu គ្រូបង្វឹកជម្រើសជាតិកម្ពុជា ឆ្លើយតបវិញថា មិនមែនងាយស្រួលទេសម្រាប់បង់ក្លាដែស ព្រោះគោព្រៃក៏ត្រូវការជ័យជម្នះដូចគ្នា។



គ្រូបង្វឹកបង់ក្លាដែស លើកឡើងក្នុងសន្និសីទសារព័ត៌មានថា ក្រុមម្ចាស់ផ្ទះ បានរៀបចំខ្លួនយ៉ាងល្អ ដើម្បីទទួលក្រុមភ្ញៀវ។ ដូច្នេះ ប្រសិនជាកូនក្រុមរបស់លោក Martin ឈ្នះប្រកួតមិត្តភាពនេះ នោះ គឺជាការបង្ហាញនៅភាពខ្លាំងរបស់ក្រុមបង់ក្លាដែស។ 
 
«ពួកយើង មានកម្លាំងចិត្ត និងកម្លាំងកាយដើម្បីប្រកួត ឲ្យបានល្អបំផុត នៅយប់ស្អែកនេះ។ ពួកយើង មកទីនេះដើម្បីបង្ហាញឲ្យអ្នកទាំងអស់គ្នា បាឃើញពីជ័យជម្នះរបស់ពួកយើង»។ លោក Martin បានប្រាប់ពីការតាំងចិត្តបែបនេះ។
 
ជាសារប្រាប់ដល់អ្នកគាំទ្រកម្ពុជា ក៏ដូចជាក្រុមភ្ញៀវវិញផងដែរ លោក Hirose Ryu គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា បាននិយាយទាំងជឿជាក់លើកូនក្រុមខ្លួនថា៖«ពួកយើង ស្រេកឃ្លានជ័យជម្នះ តែមិនមានន័យថា ការប្រកួតមានភាពងាយស្រួលនោះទេ។ នេះ គឺជាកាតព្វកិច្ច ដែលយើងត្រូវតែយកឈ្នះលើការប្រកួត ក្នុងនាមជាម្ចាស់ផ្ទះ»។ 
ជាមួយគ្នានេះដែរ គ្រូបង្វឹកជម្រើសជាតិកម្ពុជារូបនេះ ក៏បានបញ្ជាក់ពីទំនុបចិត្តផងដែរ បើទោះជាក្រុមកម្ពុជាឈុតធំពេលនេះ មិនមានកីឡាករ ដែលមានបទពិសោធន៍ក្នុងក្រុមពីមុនៗ ចូលរួមក៏ដោយ។
 
គួរបញ្ជាក់ផងដែរថា ពីរប្រកួតចុងក្រោយក្នុងជំនួបមិត្តភាពអន្តរជាតិ កម្ពុជា​ចាញ់បង់ក្លាដែសទាំងពីរលើក។ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០៩ កម្ពុជា ចាញ់ បង់ក្លាដែស ក្នុងលទ្ធផល ១-០ និងនៅថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៩ បង់ក្លាដែស ឈ្នះក្នុងលទ្ធផល​ ១-០៕
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com