ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋអាចបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានចាប់ពីល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង
22, Sep 2022 , 8:59 am        
រូបភាព
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​តម្លៃជាង២០០០លានដុល្លារ ។ រូប៖ ក្រសួងសាធារណការនិងដឹកជញ្ជូន
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​តម្លៃជាង២០០០លានដុល្លារ ។ រូប៖ ក្រសួងសាធារណការនិងដឹកជញ្ជូន
ផ្លូវល្បឿនលឿន(Expressway)ភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានកំណត់ឱ្យអ្នកបើកបរក្នុងលឿនទាបបំផុត៦០គីឡូម៉ែត្រក្នុងម៉ោង​មួយ និងល្បឿនដែលលឿនបំផុត ត្រឹម១២០គីឡូម៉ែត្រក្នុងមួយម៉ោង។ ការកំណត់នេះ គឺសម្រាប់តែប្រភេទរថយន្តគ្រួសារប៉ុណ្ណោះ។​

 
កម្ពុជា ត្រៀមដាក់ឱ្យដំណើរការសាកល្បងនូវផ្លូវល្បឿនលឿន​ភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី១តុលា ឆ្នាំ២០២២។ ជាមួយនឹងការត្រៀមដាក់ឱ្យពលរដ្ឋប្រើប្រាស់ផ្លូវនេះ លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីសាធារណការ​ និងដឹកជញ្ជូន​ បានបញ្ជាក់ថា​ ផ្លូវនេះ ពលរដ្ឋគឺអាចបើកបររថយន្តបានក្នុងល្បឿនចាប់ពី៦០ដល់១២០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្តគ្រួសារ។ 
 
ដោយឡែក ប្រភេទរថយន្តកុងតឺន័រដែលមានសណ្តោង ក្រសួងអនុញ្ញាតឱ្យអ្នកបើកបរត្រឹមល្បឿនតែ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈម្ចាស់រថយន្តធំអត់មានសណ្តោង​អាចបើកបរបានក្នុងល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងដំណើរត្រួតពិនិត្យផ្លូវល្បឿនលឿននារសៀលថ្ងៃទី២១កញ្ញា​ថា​ លោក ស៊ុន ចាន់ថុល បានទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវនេះ ចាំបាច់ត្រូវគោរពច្បាប់ចរចរណ៍ដែលក្រសួងបានកំណត់ និងត្រូវបើកបរប្រកាន់សាំ្តជានិច្ច ដើម្បីបង្ការគ្រោះថ្នាក់ឬហានិភ័យផ្សេងៗក្នុងអំឡុងពេលធ្វើដំណើរ។​
 
ផ្លូវល្បឿនលឿននេះ មានតម្លៃជាង២០០០លានដុល្លារដែលត្រូវបានវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) ពីប្រទេសចិនតាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd។ ក្រសួងសាធារណការ បានបញ្ជាក់ថា ផ្លូវមានប្រវែង១៨៧គីឡូម៉ែត្រនេះ បានភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅភូមិ១ សង្កាត់លេខ៣ នៃក្រុងព្រះសីហនុ៕ 
 

Tag:
 ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com