ជាតិ
បុណ្យភ្ជុំបិណ្ឌ
ការបោះបាយបិណ្ឌនៅកម្ពុជាក្រោម៖ ពុទ្ធបរិស័ទ យកមួយផ្នែកប្រគេនព្រះសង្ឃឆាន់ និងបោះជុំវិញវត្ត
14, Oct 2023 , 3:12 pm        
រូបភាព
ពុទ្ធបរិស័ទបោះបាយបិណ្ឌនៅវត្តស្វាយសៀមចាស់ ។ រូបពី ហ្វេសប៊ុក វត្តស្វាយសៀមចាស់។
ពុទ្ធបរិស័ទបោះបាយបិណ្ឌនៅវត្តស្វាយសៀមចាស់ ។ រូបពី ហ្វេសប៊ុក វត្តស្វាយសៀមចាស់។
ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានពលរដ្ឋខ្មែរកម្ពុជាក្រោមហៅថា បុណ្យសែនដូនតា។ ពិធីបុណ្យនេះ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ ១រោចដល់ ១៥រោចខែភទ្របទ ។ ចំណែកវត្តអារាមនៅទីនោះខ្លះទៀត ប្រារព្ធពិធីរហូតដល់ ១៦ថ្ងៃ ហើយវត្តខ្លះ ត្រឹមតែ៣ថ្ងៃ ឬមួយសប្ដាហ៍ប៉ុណ្ណោះ។


 
មិនខុសពីប្រពៃណីទំនៀមទម្លាប់នៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅកម្ពុជាទេ ពលរដ្ឋខ្មែរកម្ពុជាក្រោម តែងតែទៅវត្តអារាមនាំយកនូវចង្ហាន់ នំចំណី ផ្លែឈើ ផ្សេងៗដើម្បីប្រគេនព្រះសង្ឃ។
ព្រះភិក្ខុ ថាច់ ថាយ យ៉ៀង គង់នៅវត្តពោធិព្រឹក្សគិរីវង្ស​ស្វាយសៀមចាស់​ ស្ថិតនៅ ភូមិស្វាយសៀមស្រុកថ្កូវ​ ខេត្តព្រះត្រពាំង (ត្រាវិញ) មានសង្ឃដីកាប្រាប់សារព័ត៌មានថ្មីៗ​ ថា ពលរដ្ឋខ្មែរកម្ពុជា ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសដល់ជីដូនជីតា និងថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរ ឱ្យបានគង់វង្ស។

 ព្រះភិក្ខុ ថាច់ ថាយ យ៉ៀង ព្រះចៅអធិការគង់នៅវត្តពោធិព្រឹក្សគិរីវង្សស្វាយសៀមចាស់

ទំនៀមទម្លាប់នៃការធ្វើពិធីបុណ្យភ្ជុំបិណ្ឌនៅកម្ពុជាក្រោម សុទ្ធសឹងតែដូចនៅកម្ពុជាកណ្តាលដែរ ពោលគឺព្រះសង្ឃតែងតែសូត្រធម៌បរាភវសូត្រនាពេលទៀបភ្លឺ ពលរដ្ឋយកចង្ហាន់ទៅវត្តដើម្បីប្រគេនព្រះសង្ឃ ។ ប៉ុន្តែខុសប្លែកគ្នាបន្តិចទាក់ទងនិងការបោះបាយបិណ្ឌ។ នេះបើតាមព្រះអង្គ ថាយ យ៉ៀង។ 
 
ជុំវិញភាពខុសប្លែកគ្នាយ៉ាងណានោះ ព្រះចៅអធិការវត្តស្វាយសៀមចាស់រូបនេះ មានសង្ឃដីកាច្បាស់ៗថា ៖«ការបោះបិណ្ឌនៅកម្ពុជាក្រោម ពុទ្ធបរិស័ទ គ្រាន់តែយកបាយបិណ្ឌដង្ហែជុំវិញព្រះវិហារ រួចយកទុកប្រគេនព្រះសង្ឃឆាន់មួយផ្នែក និងបាយបិណ្ឌមួយចំនួនទៀត គឺសម្រាប់ដាក់កន្លែងណាមួយជុំវិញព្រះវិហារសម្រាប់ឧទ្ទិសដល់ជីដូនជីតា​ ញាត្តិការដែលបានចែកឋានទៅ ដោយមិនបោះរញ៉េរញ៉ៃដែលនាំឱ្យប្រឡាក់ព្រះវិហារនោះទេ»។ 
 
ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានពលរដ្ឋខែ្មរក្រោមនិយមហៅថា បុណ្យសែនដូនតា  ។ ពាក្យថា សែនដូនតា នេះ មានន័យថា ការដឹងគុណ ការតបគុណ និងការរំលឹកគុណ។ 
 
ដោយឡែកចាប់ពីថ្ងៃ១រោច ដល់ ១៣រោច ខែភទ្របទ គេហៅថា​ ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ។ ពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ តែងតែដាក់វេនប្រចាំថ្ងៃ ដើម្បីយកចង្ហាន់ប្រគេនព្រះសង្ឃ និងព្រមទាំងយកបាយបិណ្ឌទៅដាក់តាមចេតិយ ជ្រុងនៃព្រះវិហារ ឬក្រោមដើមឈើ ដើម្បី​ឧទ្ទិស​ដល់​បុព្វការី​ជន​របស់ខ្លួន ​ដែល​អាចធ្លាក់ខ្លួនក្នុងកំណើតណាមួយ។
 
នៅថ្ងៃ ១៤ ខែភទ្របទ គេហៅថា ​ពិធីសែនដូនតា។ ពលរដ្ឋខ្មែរក្រោម តែងតែនិមន្តព្រះសង្ឃមកទទួលភត្ត (បាយ អាហារ) នៅតាមផ្ទះគ្រប់ៗគ្នា ចាប់ពីព្រឹករហូតដល់ថ្ងៃត្រង់។ ចំណែកថ្ងៃ ១៥រោច ​ហៅថា ពិធី​ភ្ជុំបិណ្ឌ ដោយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់ បានមក​វត្ត​ធ្វើបុណ្យ​រួមគ្នា​តែមួយ​ថ្ងៃ ដើម្បី​ដារ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ដែលបាន​ស្លាប់ទៅ។ នៅយប់ថ្ងៃ ១៥រោចនេះ​ នៅតាមវត្តអារាមមួយចំនួន ក៏មាន​កម្មវិធី​ប្រគុំ​តន្ត្រី​សម្រាប់​យុវជន ច្រៀង​រាំ​កម្សាន្ត​ផងដែរ បន្ទាប់ពី​ព្រះសង្ឃ​សម្ដែងធម្ម​ទេសនា​រួច។ 
 
ដោយឡែក ថ្ងៃ ១កើត ខែអស្សុជ ហៅថា ថ្ងៃជូនដូនតា ដែលនៅមានវត្តអារាមមួយចំនួនប៉ុណ្ណោះ បានប្រារព្ធពិធីនេះ ។ ពុទ្ធបរស័ទ នាំគ្នាយកចង្ហាន់ទៅវត្តធម្មតា​ បន្ទាប់មកយកទូក ឬសំពៅ ដែលបានធ្វើពីដើមចេក ដោយដាក់ បាយ សម្ល នៅលើនោះ រួចយកទៅបណ្តែត នៅតាមស្រះ អូរ ស្ទឹង ទន្លេ ជាដើម ដើម្បីជូនដូនតាទៅស្រុកវិញ ។ នេះបើតាមសង្ឃដីការបស់ភិក្ខុ ថាច់ ថាយ យ៉ៀង។
 
សូមជម្រាបថា ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌនេះ ពលរដ្ឋខ្មែរក្រោមតែងតែបង្កើតកម្មវិធីមួយចំនួន នៅតាមវត្តអារាមនានា ដើម្បីចែកអំណោយទៅដល់ ជនក្រីក្រ ចាស់ជរាគ្មានទីពឹង សិស្សានុសិស្សដែលបានសិក្សាភាសាខ្មែរ ទទួលបានជ័យលាភីផងដែរ៕
 

Tag:
 កម្ពុជាក្រោម ភ្ជុំបិណ្ឌ ខ្មែរក្រោម ស្វាយសៀមចាស់
© រក្សាសិទ្ធិដោយ thmeythmey.com