កីឡាជាតិ
ជម្រើសជាតិកម្ពុជា នៅតែមិនអាចយកឈ្នះបង់ក្លាដែសបានក្រោយបរាជ័យក្នុងលទ្ធផល ១-០
22, Sep 2022 , 9:47 pm        
រូបភាព
ដោយ:


ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបរាជ័យជាថ្មីម្តងទៀតក្រោយចាញ់ក្រុមភ្ញៀវបង់ក្លាដែស ក្នុងលទ្ធផល ១-០ នាជំនួបមិត្តភាពអន្តរជាតិ MinebeaMitsumi កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នាពហុកីឡដ្ឋានមរតកតេជោ។



ក្នុងវគ្គទី១ ក្រុមគោព្រៃរបូតបាល់១គ្រាប់ បន្ទាប់ពីខ្សែប្រយុទ្ធភ្ញៀវបង់ក្លាដែស Rakb Hossain ស៊ុតបញ្ចូលទីនៅនាទី ២២។ ទោះមានការវាយបកទៅវិញយ៉ាងណាក៏ដោយតែសម្រាប់ម្ចាស់ផ្ទះពុំមានសំណាងឡើយក្នុងការបញ្ចប់ទី។ បញ្ចប់វគ្គទី១ បង់ក្លាដែស ១-០ កម្ពុជា។


ចូលដល់វគ្គទី២ កម្ពុជាមានការផ្លាស់ប្តូរសមាសភាពកីឡាករមួយចំនួនដូចជា គួច ដានី ប្តូរចូលជំនួស គីម សុខយុទ្ធ ត្រាយ វិចិត្រ ចូលជំនួស សឿត បារាំង ដាវ នីម ចូលជំនួស ប្រាក់ ធីវ៉ា នីកាឡាស់ថេល័រ ឌឿង ចូលជំនួស ស៊ិន កក្កដា និងម៉ាត់ នូរុណ ចូលជំនួស រឿង ប៊ុនហៀង។ ទោះមានការផ្លាស់ប្តូរកីឡាករក្តីសម្រាប់កម្ពូជា នៅតែមិនអាចទម្លាយសំណាញ់ទីភ្ញៀវបានឡើយ។ បញ្ចប់ការប្រកួតកម្ពុជា ចាញ់បង់ក្លាដែស ១-០។


សម្រាប់ស្ថិតិនៃការប្រកួត ម្ចាស់ផ្ទះគ្រប់គ្រងបាន ៤៦ភាគរយ ស៊ុតចេញ១០ជើង ចំគោលដៅ២ជើង ទទួលបានបាល់ទាត់ចេញពីជ្រុង៥លើក ខណៈភ្ញៀវបង់ក្លាដែស គ្រប់គ្រងបាន៥៤ភាគរយ ស៊ុត៨ជើង ចំគោលដៅ៣ជើង និងទទួលបានបាល់ទាត់ជ្រុង១លើកផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com