អន្តរជាតិ
Ken Lo តារាហុងកុងជើងចាស់ក្នុងក្រុម ឈិន ឡុង មានកំណើតនៅខេត្តស្ទឹងត្រែង
24, Sep 2022 , 8:59 am        
រូបភាព
ដោយ: ធីតា
លោក Ken Lo សិល្បករក្បាច់គុន និងជាតារាសម្តែងហុងកុង ដែលមានឈ្មោះល្បីល្បាញក្នុងរឿងជាច្រើន ជាមួយលោក Jackie Chan ហៅ ឈិន ឡុង ជាអ្នកដែលមានទីកំណើតនៅខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា។ ប៉ុន្តែជាមួយគ្នានេះ មានឯកសារមិនផ្លូវការមួយចំនួន សរសេរថា លោកកើតនៅឡាវ មុនប្តូរមករស់នៅកម្ពុជា។

 
លោក Ken Lo កើតនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៥៧ នៅខេត្តស្ទឹងត្រែង ដោយមានឈ្មោះដើមថា Kenneth Lo Wai-Kwong។ ឪពុករបស់លោកជាជនជាតិចិន និងម្តាយជាជនជាតិឡាវ។ នេះបើតាមគេហទំព័រ Martial Arts Entertainment។
 
នៅពេលមានអាយុ១៥ឆ្នាំ លោក និងក្រុមគ្រួសារបានភៀសខ្លួនចេញពីកម្ពុជាទៅរស់នៅខេត្ត Udon Thani ប្រទេសថៃ នាឆ្នាំ១៩៧៥។ ៥ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំ១៩៨០ លោកបានទៅរស់នៅហុងកុង ហើយបម្រើការជាមគ្គទ្ទេសក៏ទេសចរណ៍។
 
ពេលនៅក្មេង លោក Ken Lo ចាត់ទុកលោក Bruce Lee (លី សៀវឡុង) ជានិមិត្តរូប ហើយបានចូលហ្វឹកហាត់ក្បាច់គុន ជាពិសេសតេក្វាន់ដូ នៅក្នុងប្រទេស។ លោកក៏ធ្លាប់ឈ្នះជើងឯកក្បាច់គុន Freestyle Fighting ៧លើកផងដែរ ដែលនាំឲ្យលោកមានឱកាសបង្ហាញខ្លួនក្នុងខ្សែភាពយន្តលើកដំបូងក្នុងរឿង Working Class នាឆ្នាំ១៩៨៥ ក្រោមការដឹកនាំរបស់របស់លោក Sam Hui។


 
Martial Arts Entertainment បានបញ្ជាក់ថា លោក Ken Lo បានជួប លោក ឈិន ឡុង ក្នុងហាងឌីស្កូមួយកន្លែងនៅហុងកុង ដែលនៅពេលនោះ លោកមានតួនាទីជាប្រធានសន្តិសុខ។ បន្ទាប់មក Jackie Chan បានជ្រើសរើសលោកជាអង្គរក្សផ្ទាល់ខ្លួន ដែលបានបម្រើការពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១០។
 
នៅឆ្នាំ១៩៨៦ លោក Ken Lo បានចូលរួមក្នុងក្រុមការងារសម្តែង Jackie Chan Stunt Team for Martial Arts and Action Choreography ហើយក៏បានចាប់ផ្តើមថតរឿងជាច្រើន។ តួអង្គដ៏ល្បីល្បាញដែលនាំឲ្យគេស្គាល់លោកច្រើននោះ គឺពេលលោកដើរតួ ជា John ដ៏ចិត្តអាក្រក់ និងជាដៃស្តាំរបស់ទូតអង់គ្លេស ក្នុងរឿង ក្បាច់ស្រវឹងឈិនឡុង វគ្គ២ (Drunken Master II) នាឆ្នាំ១៩៩៤។ ក្នុងសាច់រឿង John មានឆាកប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយ ឈិន ឡុង។

 
 
ឈានដល់វ័យ៦៥ឆ្នាំ លោក Ken Lo នៅតែបន្តការងារក្នុងឧស្សាហកម្មភាពយន្តហុងកុងរហូតដល់បច្ចុប្បន្ន។ រឿងជាច្រើនទៀតដែលលោកបានចូលរួមសម្តែង មានដូចជា Rush Hour (១៩៩៨), New Police Story (២០០៤), The Man from Macau II (២០១៥), SPL 2: A Time for Consequences (២០១៥), Paradox (២០១៧) និងរឿង Raging Fire (២០២១) ដែលមានតួអង្គឯក Donnie Yen (ហៅកុំកុំ)៕







Tag:
 តារាអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com