ជាតិ
កម្ពុជា ជំរុញឱ្យកូរ៉េខាងជើងគោរពតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ
04, Oct 2022 , 10:23 pm        
រូបភាព
រូបភាព៖ KCNA
រូបភាព៖ KCNA
ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៤ ខែតុលា បានអំពាវនាវដល់កូរ៉េខាងជើង ដែលបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកចម្ងាយមធ្យម ឱ្យអនុវត្តបានពេញលេញនូវរាល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ 


 
 
កូរ៉េខាងជើង នៅថ្ងៃទី៤ ខែតុលា បាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមមួយគ្រាប់សំដៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយហោះរំលងជប៉ុនថែមទៀត។ នេះជាលើកទី៥ ដែលកូរ៉េខាងជើងបាញ់មីស៊ីលក្នុងពេលជាងសប្ដាហ៍។ ប៉ុន្មានម៉ោងក្រោយ កម្ពុជា ដែលជាប្រធានផ្លាស់វេនអាស៊ានក្នុងឆ្នាំ២០២២ ផងនោះ បានចេញសេចក្តីថ្លែងការណ៍មួយជំរុញឱ្យកូរ៉េខាងជើងអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានដាក់ចេញចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១៧។ 
 
«ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) អនុវត្តឱ្យបានពេញលេញនូវរាល់សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន»។ នេះបើតាមសេចក្តីថ្លែងការណ៍ចេញនៅល្ងាចថ្ងៃទី៤ ខែតុលា។ 
 
ទន្ទឹមនេះ ក្រសួងការបរទេសកម្ពុជា ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធរក្សាភាពអត់ធ្មត់ សម្រាប់បើកច្រកឱ្យមានកិច្ចចរចា និងឈានដល់ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េឱ្យបានពេញលេញ។ ទន្ទឹមនេះ កម្ពុជាក៏បានចាត់ទុកការបាញ់សាកល្បងរបស់កូរ៉េខាងជើងខាងលើ ជាការបំពានសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។ 
 
សូមបញ្ជាក់ថា ក្រោយការបាញ់សាកល្បងរបស់កូរ៉េខាងជើង កូរ៉េខាងត្បូង​ បានទម្លាក់គ្រាប់បែក JADAM ចំនួន ២គ្រាប់នៅតំបន់សាកល្បងអាវុធលើ កោះ Jikdo ដែលគ្មានមនុស្សរស់នៅក្នុងសមុទ្រលឿង។ ការទម្លាក់គ្រាប់បែកនេះ ជាការឆ្លើយតបនឹងមីស៊ីលរបស់ក្រុងព្យុងយ៉ាង៕ 
 

Tag:
 កម្ពុជា
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com