ជាតិ
Giz ជ្រើសរើសខេត្តសៀមរាប ដើម្បីលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹង ក្នុងបណ្តាប្រទេសអាស៊ាន
08, Oct 2022 , 10:29 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ គម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង (Giz) បានជ្រើសរើសប្រទេសចំនួន៣ នៅតំបន់អាស៊ាន ជាទីក្រុងសាកល្បងលើការគ្រប់គ្រងកាកសំណង់រឹងទីក្រុងទេសចរណ៍ ក្នុងនោះប្រទេសកម្ពុជា, ប្រទេសឡាវ និងប្រទេសវៀតណាម។

 
កាលពីថ្ងៃទី៤ តុលា រដ្ឋបាលខេត្តសៀមរាប រួមជាមួយគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង (Giz) បានរៀបចំកិច្ចពិភាក្សាលើកកម្ពស់ការគ្រប់គ្រងសម្រាម សំណល់រឹងទីក្រុងទេសចរណ៍ក្នុងបណ្តាប្រទេសនៅអាស៊ាន។ គម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង បានជ្រើសរើសប្រទេសចំនួន៣ នៅតំបន់អាស៊ាន ជាទីក្រុងសាកល្បងលើការគ្រប់គ្រងកាកសំណង់រឹងទីក្រុងទេសចរណ៍។ 

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប
 
កិច្ចពិភាក្សាខាងលើ មានការចូលរួមពីតំណាងក្រសួងបរិស្ថាន និងមន្ទីរពាក់ព័ន្ធ រួមទាំងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និងលោក Frank Jattke នាយកគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់។
 
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ខេត្តសៀមរាប ជាក្រុងអនុវត្តសាកល្បង លើការគ្រប់គ្រងកាកសំណល់រឹង និងការអនុវត្តការគ្រប់គ្រងសំណល់ប្រកបដោយនិរន្តរភាព រវាងស្ថាប័នជាដៃគូសហការជាមួយសមាគមទេសចរណ៍។ អភិបាលរងខេត្តសៀមរាប អរគុណគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ ដែលបានជ្រើសយកខេត្តសៀមរាប សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់។
 
លោក Frank Jattke នាយកគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ បានបញ្ជាក់ថា គម្រោងនេះ មានគោលបំណងចូលរួមចំណែក ការធ្វើឲ្យប្រសើរឡើង នូវគុណភាពបរិស្ថានក្នុងក្រុងទេសចរណ៍ខ្នាតមធ្យមនៅក្នុងតំបន់អាស៊ាន។  លើសពីនេះ គម្រោងនេះក៏បានរួមចំណែកដល់ការសម្រេចបាននូវគោលដៅរបស់អាស៊ាន ដូចបានចែងក្នុងផែនការ របស់សហគមន៍សង្គមវប្បធម៌អាស៊ានឆ្នាំ២០២៥ ។  

លោក Frank Jattke នាយកគម្រោងកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់។ រូបភាពពីរដ្ឋបាលសៀមរាប
 
សូមបញ្ជាក់ដែរថា ក្នុងកិច្ចពិភាក្សានេះ ក៏មានការបង្ហាញរបស់គម្រោង និងចំណាប់អារម្មណ៍របស់តំណាងក្រសួងពាក់ព័ន្ធ ចំពោះការគ្រប់គ្រងសំណល់រឹង ក្នុងការប្រឡងប្រណាំងនៅថ្នាក់ក្រោមជាតិ និងការពង្រឹងសមត្ថភាព។ ជាមួយគ្នានេះ កិច្ចពិភាក្សាខាងលើ ក៏លើកឡើងពីការទុកដាក់សំណល់ ការកែច្នៃឡើងវិញ ប្រកបដោយប្រសិទ្ធភាព និងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់រឹង និងគិតគូរពីតួនាទីរបស់យេនឌ័រនៅក្នុងទីក្រុងទេសចរណ៍ផងដែរ៕
 
 

Tag:
 សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com