កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡដ្ឋានចំនួន១០ អាចជាជំរំហ្វឹកហាត់របស់ប្រតិភូកីឡាបាល់ទាត់អាស៊ាន សម្រាប់ស៊ីហ្គេមលើកទី៣២
08, Nov 2022 , 8:29 pm        
រូបភាព
ទិដ្ឋភាពពហុកីឡដ្ឋានជាតិអូឡាំពិក អំឡុងប្រកួតមិត្តភាពជាមួយម៉ុងហ្គោល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រូបពីសហព័ន្ធបាល់ទាត់កម្ពុជា
ទិដ្ឋភាពពហុកីឡដ្ឋានជាតិអូឡាំពិក អំឡុងប្រកួតមិត្តភាពជាមួយម៉ុងហ្គោល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រូបពីសហព័ន្ធបាល់ទាត់កម្ពុជា
កីឡាបាល់ទាត់ គឺជាកីឡាមួយ ក្នុងចំណោម ៣៩ប្រភេទ ដែលបានដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេម លើកទី៣២។ ការប្រកួតលើវិញ្ញាសានេះ មាន១១ប្រទេសចូលរួម ដោយរាប់ទាំងកម្ពុជា ជាម្ចាស់ផ្ទះ។ ដូច្នេះ ទីលានសម្រាប់ទទួលក្រុមភ្ញៀវ ដើម្បីហ្វឹកហាត់ អំឡុងពេលប្រកួតនៅកម្ពុជា អាចត្រូវបានប្រើប្រាស់ចំនួន១០ កីឡដ្ឋានផងដែរ។


 
១-ពហុកីឡដ្ឋានជាតិអូឡាំពិក

ទិដ្ឋភាពពហុកីឡដ្ឋានជាតិអូឡាំពិក អំឡុងប្រកួតមិត្តភាពជាមួយម៉ុងហ្គោល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ រូបពីសហព័ន្ធបាល់ទាត់កម្ពុជា
 
ពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាទីលាន សម្រាប់ប្រកួតកីឡាជាច្រើនប្រភេទ នៅក្នុងនោះក៏មានទីលានបាល់ទាត់ ដ៏ល្អមួយ ដែលត្រូវបានប្រជាពលរដ្ឋកម្ពុជា ស្គាល់ច្បាស់។ ពហុកីឡដ្ឋាននេះ អាចផ្ទុកអ្នកគាំទ្របានចំនួនរហូត ៧ម៉ឺននាក់។ ជាមួយស្មៅធម្មជាតិ និងបរិយាកាស ចំកណ្ដាលទីប្រជុំជន ដោយព័ទ្ធជុំវិញដោយអាគារទំនើបៗ។ កីឡដ្ឋាននេះ អាចឲ្យក្រុមភ្ញៀវ ដឹងថាទីក្រុងភ្នំពេញ គឺជាតំបន់ពាណិជ្ជកម្ម ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។
 
២-កីឡដ្ឋានស្មាត អ អេស អិន

កីឡដ្ឋាន Smart RSN រូបពី Cambodian Premier League
 
កីឡដ្ឋានស្មាត អ អេស អិន (កីឡដ្ឋានក្លិបភ្នំពេញក្រោន) ដែលស្ថិតនៅជិតកាំកូស៊ីធី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទីលានស្អាត ជាមួយនឹងស្មៅធម្មជាតិ និងខ្យល់អាកាសត្រជាក់ នាពេលរសៀល។ បើទោះជាកីឡដ្ឋាននេះ ស្ថិតក្នុងទីក្រុងភ្នំពេញ ប្រតិភូកីឡា មានអារម្មណ៍ស្រស់ស្រាយ ជាមួយធម្មជាតិ ដូចជាដើមឈើតាមដងមហាវិថីអង្គរ និងទេសភាពបឹង ជាមួយវាលស្មៅខ្លះៗ។ 
 
ផ្នែកខាងក្នុង នៃកីឡដ្ឋានមានកន្លែងសម្រាប់កីឡាករ ផ្លាស់ប្ដូរសម្លៀកបំពាក់ បន្ទប់ទឹក និងបន្ទប់ទទួលភ្ញៀវដ៏ល្អ បន្ទប់ពេទ្យ និងបន្ទប់អាជ្ញាកណ្ដាល។ កីឡដ្ឋាននេះ អាចផ្ទុកអ្នកគាំទ្ររហូត បានជាង៥ពាន់នាក់។
 
៣-កីឡដ្ឋានខេមបូឌាអ៊ែរវេ 

កីឡដ្ឋាន Cambodian Airway រូបពី Cambodian Premier League
 
កីឡដ្ឋានខេមបូឌាអ៊ែរវេ (កីឡដ្ឋានបឹងកេត) មានទីតាំងនៅទល់មុខបុរីពិភពថ្មីបឹងស្នោរ ខណ្ឌច្បារអំពៅ។ កីឡដ្ឋាននេះ មានទីលានជាស្មៅធម្មជាតិ ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់ បានដល់២៥០០នាក់។ បរិយាកាសនៅកីឡដ្ឋាន មានខ្យល់អាកាសត្រជាក់នាពេលរសៀល ដែលបក់មកពីទន្លេចតុមុខ។ ផ្នែកត្បូង គឺជាអាគារទីតាំងកីឡដ្ឋាន ដោយខាងក្នុងអាគារ មានបន្ទប់ទទួលភ្ញៀវ បន្ទប់កីឡាករ បន្ទប់ពេទ្យ និងបន្ទប់អាជ្ញាកណ្ដាល។ ផ្នែកខាងកើត ខាងលិច និងខាងកើត ជាទីដីវាល បានចាក់ខ្សាច់។
 
៤-កីឡដ្ឋានព្រីនស៍

កីឡដ្ឋានព្រីនស៍ រូបពីក្លិបវិសាខា
 
កីឡដ្ឋានព្រីនស៍ (កីឡដ្ឋានក្លិបវិសាខា) ស្ថិតនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធាននីភ្នំពេញ។ កីឡដ្ឋាននេះ អាចផ្ទុកអ្នកគាំទ្រ បានជាង១៥០០០នាក់។ ទីតាំងនេះ ធ្លាប់ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានយកមករៀបចំការប្រកួតព្រឹត្តិការណ៍ AFF Under-23 Championship កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២។ រចនាសម្ព័ន្ធកីឡដ្ឋាន មានច្រកទ្វារបន្ទាន់ ពេលមានអាសន្ន, មានបន្ទប់ពេទ្យ បន្ទប់កីឡាករ បន្ទប់អាជ្ញាកណ្ដាល និងបន្ទប់ទឹក។
 
៥-កីឡដ្ឋានស្ដាតចាស់ 

កីឡដ្ឋានស្តាតចាស់ រូបពីពានសម្ដេច ហ៊ុន សែន
 
កីឡដ្ឋានស្ដាតចាស់ (កីឡដ្ឋានកងយោធពលខេមភូមិន្ទ) មានទីតាំងស្ថិតនៅខណ្ឌជ្រោយចង្វារ នៅជាប់នឹងផ្សារទួលសង្កែ និងជិតទីតាំងអគ្គិសនីកម្ពុជា។ កីឡដ្ឋាននេះ អាចផ្ទុកអ្នកគាំទ្រ ចន្លោះពី ៨០០០នាក់ ទៅ១០០០០នាក់។ ស្មៅ ក្នុងទីលានជាស្មៅធម្មជាតិ។ រចនាសម្ព័ន្ធកីឡដ្ឋាន មានបន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ បន្ទប់អាជ្ញាកណ្ដាល បន្ទប់កីឡាករ និងបន្ទប់ពេទ្យ។
 
៦-កីឡដ្ឋានខេត្តកំពង់ស្ពឺ 

កីឡដ្ឋានខេត្តកំពង់ស្ពឺ រូបពី Cambodian Premier League
 
កីឡដ្ឋានខេត្តកំពង់ស្ពឺ (កីឡដ្ឋានក្លិបណាហ្គាវើលដ៍) មានទីតាំងនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ កីឡដ្ឋាននេះ បានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។ ស្មៅ ក្នុងទីលានជាស្មៅសិប្បនិមិ្មត។ ទីតាំងនេះ អាចទទួលអ្នកចូលទស្សនា បានរហូតជាង៣០០០នាក់។ បរិយាកាសជុំវិញ និងនៅក្នុងទីលាន មានភាពស្រស់ស្រាយ ដោយអាចឲ្យប្រតិភូកីឡា ឃើញពីទេសភាពវាលស្រែ ជាមួយនឹងខ្យល់ត្រជាក់ៗ នៅតំបន់នោះ។ រចនាសម្ព័ន្ធកីឡដ្ឋាន ត្រូវបានទទួលស្គាល់ថាត្រូវតាមស្ដង់ដា មានច្រកទ្វារបន្ទាន់ ពេលមានអាសន្ន បន្ទប់ទឹក បន្ទប់ពេទ្យ បន្ទប់កីឡាករ និងបន្ទប់អាជ្ញាកណ្ដាល។
 
៧-កីឡដ្ឋាន AIA, KMH Park
 
កីឡដ្ឋាន AIA, KMH Park (កីឡដ្ឋានអាយ អេស អាយ ដង្កោសែនជ័យ) មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាចផ្ទុកអ្នកគាំទ្ររហូត បានជាង៣០០០នាក់។ កីឡដ្ឋាននេះ ត្រូវបានសម្ពោធ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ ទីតាំងនេះ អាចរៀបចំទទួលប្រតិភូ ក្នុងការហ្វឹកហាត់អំឡុងពេលប្រកួតស៊ីហ្គេម នៅកម្ពុជាបាន ដោយរចនាសម្ព័ន្ធកីឡដ្ឋានមានគ្រប់ និងតាមស្ដង់ដារ ដែលត្រូវការ មានដូចជា បន្ទប់ទឹក បន្ទប់ពេទ្យ បន្ទប់កីឡាករ និងបន្ទប់អាជ្ញាកណ្ដាល។ បរិយាកាសជុំវិញ មិនហប់ និងមិនមានអាគារខ្ពស់ព័ន្ធជុំវិញទេ។
 
៨-ទីលានបាល់ទាត់អគ្គិសនីកម្ពុជា 
 
ទីលានបាល់ទាត់អគ្គិសនីកម្ពុជា ស្ថិតនៅជាប់ផ្សារទួលសង្កែ ខណ្ឌជ្រោយចង្វារ។ ទីលាននេះ មានជាស្មៅធម្មជាតិ។ ទីលាននេះ អាចធ្វើជាកន្លែងហ្វឹកហាត់ អំឡុងពេលប្រកួតនៅកម្ពុជា ដោយបរិយាកាស មានខ្យល់ចេញចូលគ្រប់គ្រាន់។
 
៩-កីឡដ្ឋានអេ អ៊ី យូ ស្ពតផាក់

កីឡដ្ឋាន A E U Sport Park រូបពីគណៈកម្មាការរៀបចំការប្រកួតបាល់ទាត់ជាតិ (CNCC)
 
កីឡដ្ឋាន អេ អ៊ី យូ ស្ពតផាក់ (កីឡដ្ឋានអាស៊ីអឺរ៉ុបយូណាយធីត) មានទីតាំងនៅឃុំស្វាយជ្រុំ ស្រុកល្វាអែម ខេត្តកណ្ដាល។ កីឡដ្ឋាននេះ មានគ្រប់រចនាសម្ព័ន្ធកីឡា ដើម្បីអាចឲ្យក្រុមភ្ញៀវ យកធ្វើជាកន្លែងហ្វឹកហាត់។ ស្មៅ ក្នុងទីលានបាល់ទាត់ជាស្មៅធម្មជាតិ។ កីឡដ្ឋាន អាចផ្ទុកអ្នកទស្សនាបាន ជាង១០០០នាក់។ ជាមួយបរិយាកាសបែបធម្មជាតិ នៅព័ទ្ធជុំវិញទីលាន មានបឹង និងវាលដែលកំពុងចាក់ដីសាងសង់បុរី ជាមួយនឹងខ្យល់ ដែលបក់មកពីទន្លេមេគង្គ។
 
១០-ទីលានហ្វឹកហាត់បាល់ទាត់ព្រះខ័នរាជស្វាយរៀង
 
ទីលានហ្វឹកហាត់បាល់ទាត់ព្រះខ័នរាជស្វាយរៀង មានទីតាំងនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជិតពហុកីឡដ្ឋានជាតិមរតកតេជោ។ ទីតាំងនេះ ធ្លាប់ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា យកធ្វើជាកន្លែងហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ព្រុយណេ ក្នុងការមកប្រកួតនៅកម្ពុជា ក្នុងព្រឹត្តិការ AFF Under-23 Championship។ 
 
ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា នឹងធ្វើចាប់ពីថ្ងៃទី៥-១៧ ខែឧសភា។ នៅក្នុងការប្រកួតប្រភេទកីឡាបាល់ទាត់ នឹងមាន១១ប្រទេសចូលរួម មានម្ចាស់ផ្ទះកម្ពុជា, ព្រុយណេ, ហ្វីលីពីន, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, វៀតណាម, ឡាវ, មីយ៉ាន់ម៉ា និងទីម័រខាងកើត។ ចំពោះព័ត៌មានជាផ្លូវការ ក្នុងការរើសយកទីតាំងណាមួយនោះ គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ មិនទាន់បានបញ្ជាក់ទេ៕
 
 

Tag:
 បាល់ទាត់
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com