ជាតិ
ករណីលិចទូកដរនៅស្រុកលើកដែក៖ ក្រុមសង្គ្រោះរកឃើញសពសិស្សសាលា៤នាក់ទៀត
14, Oct 2022 , 8:32 am        
រូបភាព
ដោយ: រួបរួម
គិតត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា នេះ កម្លាំងចម្រុះ បានរកឃើញសាកសពជនរងគ្រោះ៤នាក់ទៀត ក្នុងគ្រោះថ្នាក់លិចទូកដរទទឹង កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។ នេះបើតាមការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

 
ជនរងគ្រោះទាំង៤នាក់ សុទ្ធតែជាសិស្សសាលា ដែលមានអាយុ១៣ និង១៤ឆ្នាំ ក្នុងនោះ ប្រុស៣ ស្រី១។ អ្នកទាំងនោះ មានឈ្មោះ ចាន់ សុខជីម, ភារម្យ ដាវីន, ចិន្តា ជូលី និង ផាត សុខហេង។
 
 
មកដល់ពេលនេះ ជនរងគ្រោះសរុប១០នាក់ហើយដែលត្រូវបានរកឃើញ ដោយក្នុងនោះ៦នាក់បានស្លាប់បាត់បង់ជីវិត។
 
ប្រតិបត្តិការសង្គ្រោះមានកម្លាំងចម្រុះ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលដឹកនាំដោយលោក គីម វីរៈ ដែលជាអ្នកអគ្គលេខាធិការ, លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។ 
 
បើតាមស្នងការដ្ឋាននគរបាលខេត្តកណ្តាល  ករណីលិចទូកដរទទឹងនេះ គឺបណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោងសម្រាប់ការពារ។ 
 
សមត្ថកិច្ចបន្តតាមរកមនុស្ស៥នាក់ទៀត ដែលកំពុងបាត់ខ្លួនក្នុងគ្រោះថ្នាក់នេះ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com