កីឡាអន្តរជាតិ
អន្តរជាតិ
លីគកំពូលស្កុតឡែននឹងប្រើប្រព័ន្ធ VAR ចាប់ពីសប្តាហ៍ក្រោយតទៅ
15, Oct 2022 , 8:29 am        
រូបភាព
វីដេអូជំនួយអាជ្ញាកណ្តាល( VAR) នឹងត្រូវដាក់ឱ្យប្រើប្រាស់លើកដំបូងក្នុងលីគកំពូលរបស់ប្រទេសស្កុតឡែន Scottish Premiership ក្នុងជំនួបរវាងក្រុម St Johnstone និងក្រុម ​Hibernian នៅសប្តាហ៍ក្រោយនេះ។



បើតាមសហព័ន្ធកីឡាបាល់ទាត់ស្កុតឡែន (FA) បានប្រកាសថានឹងដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យា VAR នេះ ទូទាំងការប្រកួតនៃលីគកំពូលស្កុតឡែន ចាប់ពីសប្តាហ៍ក្រោយនេះតទៅ។ VAR ក៏នឹងត្រូវបានប្រើប្រាស់ក្នុងការប្រកួតពានរង្វាន់ Scottish Cup និង League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រផងដែរ។
 
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ជាអ្នកសម្រេចចិត្តអនុញ្ញាតឱ្យប្រទេសស្កុតឡែនប្រើប្រាស់ VAR ក្រោយពេលសិក្សាគម្រោងរយៈពេលជាង ៣ឆ្នាំ។ VAR ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងការប្រកួតពានរង្វាន់របស់អឺរ៉ុបតែប៉ុណ្ណោះក្នុងប្រទេសស្កុតឡែន តែមិនត្រូវបានប្រើឡើយសម្រាប់លីគក្នុងស្រុក បើទោះបីជាធ្លាប់បានប្រើប្រាស់សាកល្បងសម្រាប់បច្ចេកវិទ្យានេះកាលពីមុនមកក្តី។
 
«យើងបានធ្វើការងារនេះយ៉ាងទូលំទូលាយជាងរយៈពេល ៣ឆ្នាំដើម្បីអាចសម្រេចបានមកដល់ចំណុចមួយនេះ។ យើងបានធ្វើតេស្តនៅរាល់កីឡដ្ឋានដែលការប្រកួតរបស់ក្រុមស្ថិតនៅក្នុងក្របខណ្ឌ Premiership ក៏ដូចជាផ្នែកមួយចំនួននៃការហ្វឹកហាត់ ហើយពេលនេះយើងគឺរួចរាល់ក្នុងការប្រើប្រាស់វាហើយ។»។ លោក Crawford Allan ជាប្រធានអាជ្ញាកណ្តាលនៃសហព័ន្ធបាល់ទាត់ស្កុតឡែនបាននិយាយបែបនេះ។
 
ទោះជាយ៉ាងណាមានក្រុមមួយក្នុងចំណោមក្រុមដែលបានបោះឆ្តោតឱ្យប្រើប្រាស់ VAR នៅលីគកំពូលស្កុតឡែន បានស្នើសុំឱ្យប្រើប្រាស់ VAR នេះក្រោយពេលការប្រកួត World Cup នៅប្រទេសកាតាបានបញ្ចប់។ តែទោះជាយ៉ាងណាសហព័ន្ធ FA នៃស្កុតឡែនអះអាងថានឹងតម្រូវឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ៕
 
 
 

Tag:
 Scottish Premiership
  VAR
© រក្សាសិទ្ធិដោយ thmeythmey.com