កីឡាអន្តរជាតិ
អន្តរជាតិ
EPL ៖ ការប្រកួត ៤គូក្នុងរាត្រីនេះ មុនជំនួបធំរវាង ​Liverpool និង Man City
15, Oct 2022 , 2:29 pm        
រូបភាព
រូបភាព៖ Manchester City
រូបភាព៖ Manchester City
ការប្រកួតក្របខណ្ឌ Premier League ឈានដល់ការប្រកួតសប្តាហ៍ទី១០ ហើយ។ ជំនួប៤ គូនឹងធ្វើឡើងក្នុងថ្ងៃទី១៥ ខែតុលា នេះ មុនជំនួបធំប្រចាំសប្តាហ៍រវាង Liverpool ស្វាគមន៍ Manchester City នៅ Anfield រាត្រីថ្ងៃទី១៦ វេលាម៉ោង ១០:៣០យប់។



ក្រុម Leicester City បច្ចុប្បន្នដែលដឹកនាំដោយ Brendan Rogers ដែលកំពុងស្ថិតនៅបាតតារាងនឹងត្រូវបើកទ្វារកីឡដ្ឋាន King Power របស់ខ្លួនស្វាគមន៍ក្រុម Crystal Palace របស់លោក Patrick Vieira វេលាម៉ោង ៦:៣០ ល្ងាចថ្ងៃទី១៥ ខែតុលា។ Leicester City ចាប់ផ្តើមរដូវកាលថ្មីដោយទម្រង់លេងធ្លាក់ខ្លាំងសឹងមិនគួរឱ្យជឿ ស្របពេលត្រូវជួប Crystal ដែលទើបឈ្នះ Leeds United សប្តាហ៍មុន។
 
ការប្រកួតនាកីឡដ្ឋាន Craven Cottage ក្រុម Fulham នឹងទទួលស្វាគមន៍ AFC Bournemouth វេលាម៉ោង ៩។ ក្រុមដឹកនាំដោយលោក Marco Silva នាពីរប្រកួតចុងក្រោយមកនេះហាក់ធ្វើមិនសូវបានល្អប៉ុន្មានឡើង ខណៈ Bournemouth ទើបរកបានជ័យជម្នះលើ Leicester កាលពីជំនួបសប្តាហ៍មុនរួចមក។
 
ក្រុមស្ថិតនៅតំបន់បាតតារាងលេងទី១៨  Wolverhampton Wanderers ត្រូវស្វាគមន៍ក្រុមលំដាប់លេខ១៩ Nottingham Forest វេលាម៉ោង ៩យប់។ Wolver សប្តាហ៍មុនរងបរាជ័យ ៣-០ ក្រោមថ្វីជើងក្រុមខ្លាំង Chelsea ខណត្រូវជួប Nothingham ដែលទើបស្មើជាមួយ Aston Villa លទ្ធផល ១-១ សប្តាហ៍មុន។
 
ក្រឡែកទៅកីឡដ្ឋាន Tottenham Hotspur វិញ ក្រុម Spurs ដឹកនាំដោយលោក Antonio Conte កំពុងស្វែងរកពិន្ទុបន្ថែមដើម្បីប្រជែងតំបន់កំពូលតារាងខណៈសប្តាហ៍មុនយកឈ្នះ ១-០ លើក្រុម Brighton & Hove Albion យ៉ាងលំបាក។ រាត្រីនេះ Spurs នឹងស្វាគមន៍ Everton ដែលកំពុងមានភាពរីកចម្រើនវិញដែលដឹកនាំដោយលោក Frank Lampard បើទោះសប្តាហ៍មុនពួកគេចាញ់ក្រោមថ្វីជើង Manchester United ២-១ ក្តី។ ៦ប្រកួតចុងក្រោយរបស់ Everton រងបរាជ័យតែមួយលើកប៉ុណ្ណោះ ខណៈស្មើ៣ នឹងឈ្នះ២ នៃការប្រកួត Premier League រដូវកាលថ្មីនេះ។
 
ជំនួបធំប្រចាំសប្តាហ៍ហង្សក្រហម Liverpool នឹងបើកទ្វារផ្ទះកីឡដ្ឋាន Anfield ស្វាគមន៍ក្រុមភ្ញៀវដែលកំពុងមានភាពខ្លាំងក្លាគួរឱ្យភ្ញាក់ផ្អើលក្រុមមេឃខៀវ Manchester City។ រដូវកាលថ្មីនេះ Liverpool ដឹកនាំដោយលោក Jurgen Klopp ហាក់ធ្វើមិនសូវបានល្អដោយឆ្លងកាត់៨ ប្រកួតមកនេះ រកបានត្រឹមជ័យជម្នះ ២លើកប៉ុណ្ណោះខណៈ ស្មើ៤​ និងចាញ់២ ជាលទ្ធផលដ៏អាក្រក់មួយសម្រាប់ពួកគេ ចំណែក Man City របស់ Pep Guardiola ស្ថិតនៅលំដាប់លេខ២ កំពូលតារាង មិនទាន់ស្គាល់បរាជ័យម្តងឡើយឆ្លងកាត់៩ប្រកួតរួចមក។ 
 
Liverpool អាចនឹងរងផលវិបាកសារជាថ្មីពេលប៉ះ Man City ខណៈដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់មិនទាន់អាចរកទម្រង់លេងល្អដូចដើមវិញបាននៅរដូវកាលថ្មីនេះ។
 
ខាងក្រោមនេះជាការប្រកួតក្រុមដទៃទៀត៖
 
Brentford ស្វាគមន៍ Brighton វេលាម៉ោង ២យប់ ថ្ងៃទី១៥
​ការប្រកួតថ្ងៃទី១៦ វេលាម៉ោង៨ 
Aston Villa ទទួល Chelsea 
Leeds United ទទួល Arsenal 
Manchester United ទទួល Newcastle 
West Ham United ប៉ះ Southampton៕
 
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com