អន្តរជាតិ
​ឆ្លងកាត់ជាង១ទសវត្សរ៍មកនេះ តើកត្តាអ្វីខ្លះបង្អាក់សមាជិកភាពអាស៊ានរបស់ទីម័រខាងកើត?
19, Oct 2022 , 8:29 pm        
រូបភាព
ពិធីបុណ្យខួប២០ឆ្នាំឯករាជ្យទីម័រខាងកើតក្នុងឆ្នាំ២០២២។ រូបថត AFP
ពិធីបុណ្យខួប២០ឆ្នាំឯករាជ្យទីម័រខាងកើតក្នុងឆ្នាំ២០២២។ រូបថត AFP
ដោយ:
ជារដ្ឋអាស៊ីអាគ្នេយ៍តែមួយគត់ដែលនៅក្រៅអង្គការអាស៊ាន ទីម័រខាងកើតទន្ទឹងរង់ចាំជាង១១ឆ្នាំហើយដើម្បីក្លាយជាសមាជិកប្លុកមួយនេះជាផ្លូវការ។ តើមានឧបសគ្គអ្វីខ្លះដែលរារាំងទីម័រខាងកើតពីការទទួលបានសមាជិកភាពអាស៊ាន ខណៈប្រទេសមួយនេះមានកំណើនសេដ្ឋកិច្ចមិនចាញ់រដ្ឋអាស៊ានដទៃទៀតប៉ុន្មានទេ ហើយក៏ជាប្រទេសប្រជាធិបតេយ្យជាងគេបំផុតធៀបនឹងមាជិកអាស៊ានទាំងអស់ដែរ?

 
ក្រោយទទួលបានឯករាជ្យពីឥណ្ឌូណេស៊ីនៅឆ្នាំ២០០២ ទីម័រខាងកើតដែលមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតដាក់ពាក្យចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ជាផ្លូវការនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១១។ ទន្ទឹមនឹងរំពឹងទទួលបានផលប្រយោជន៍ដ៏ច្រើនទាំងការអភិវឌ្ឍសេដ្ឋកិច្ច ធនធានមនុស្ស សន្តិសុខ និងអត្តសញ្ញាណរួមពីប្លុកអាស៊ាន ជាង១១ឆ្នាំមកនេះទីម័រខាងកើតនៅតែមិនទាន់ក្លាយជាសមាជិកអាស៊ានផ្លូវការនៅឡើយដោយសារតែការខ្វែងគំនិតគ្នាក្នុងចំណោមសមាជិកទាំង១០។ 


 រដ្ឋមន្រ្តីការបរទេសអាស៊ាននាជំនួបខែសីហានៅទីក្រុងភ្នំពេញ។ រូបថត Xinhua
 
យោងតាមជំពូកទី៦៩(៣)នៃធម្មនុញ្ញអាស៊ាន ការទទួលយកសមាជិកថ្មីទាមទារការយល់ព្រមជាឯកច្ឆន្ទពីរដ្ឋសមាជិកទាំងអស់។ ខណៈរដ្ឋសមាជិកទាំង៩រួមមានកម្ពុជា និងឥណ្ឌូណេស៊ីជាដើមបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់ការចូលជាសមាជិកអាស៊ានទី១១របស់ទីម័រខាងកើត សិង្ហបុរីជារដ្ឋសមាជិកតែមួយគត់ដែលជំទាស់ក្រោមហេតុផលថាប្រទេសមួយនេះមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយ។ 
 
បន្ថែមពីលើនេះ ​ជំពូកទី៦នៃធម្មនុញ្ញអាស៊ានបញ្ជាក់ថា ប្រទេសដែលអាចដាក់ពាក្យស្នើសុំចូលជាសមាជិកអាស៊ានបានលុះត្រាតែប្រទេសនោះស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានទទួលស្គាល់ជារដ្ឋឯករាជ្យដោយរដ្ឋសមាជិកទាំង១០ គោរពតាមធម្មនុញ្ញអាស៊ាន និងមានសមត្ថភាព​ ព្រមទាំងឆន្ទៈបំពេញតួនាទីជាសមាជិក។ ក្នុងចំណោមលក្ខខណ្ឌទាំង៤នេះ សមត្ថភាព និងឆន្ទៈបំពេញតួនាទីជាសមាជិកអាស៊ានត្រូវបានមើលឃើញថាជាបញ្ហាចម្បងសម្រាប់ទីម័រខាងកើត។ 
 
កត្តាសេដ្ឋកិច្ច
ជាប្រទេសក្មេងជាងគេក្នុងចំណោមរដ្ឋអាស៊ីអាគ្នេយ៍ទាំងអស់ ទីម័រខាងកើតមានកំណើនសេដ្ឋកិច្ចប្រហាក់ប្រហែលទៅនឹងបណ្តារដ្ឋអាស៊ានផ្សេងទៀតដែរ។

បើតាមទិន្នន័យធនាគារពិភពលោក នៅឆ្នាំ២០២១ទីម័រខាងកើតមានកំណើនសេដ្ឋកិច្ច៤,៤ភាគរយ ខ្ពស់ជាងកម្ពុជា (កើន៣ភាគរយ), ឥណ្ឌូណេស៊ី (កើន៣,៧​​ភាគរយ), ឡាវ (កើន២,៥ភាគរយ), ម៉ាឡេស៊ី (កើន៣,១ភាគរយ), ថៃ (១,៦ភាគរយ),  វៀតណាម (២,៦ភាគរយ), មីយ៉ាន់ម៉ា (ថយចុះ១៨ ភាគរយ), (ព្រុយណេថយ១,៦ ភាគរយ) និងទាបជាងតែសិង្ហបុរី (កើន៧,៦ភាគរយ) និងហ្វីលីពីន (កើន៥,៧ភាគរយ)។ 
 
យ៉ាងណាមិញ ប្រទេសមានចំណូលមធ្យមកម្រិតទាបមួយនេះពឹងផ្អែកយ៉ាងខ្លាំងលើវិស័យថាមពលដើម្បីបង្កើតចំណូល ខណៈវិស័យផ្សេងទៀតក្រៅពីហ្គាស និងប្រេងដូចជាវិស័យកសិកម្មមិនសូវជារីកចម្រើនប៉ុន្មានទេ។ គួបផ្សំនឹងការពឹងផ្អែកយ៉ាងខ្លាំងលើជំនួយបរទេសមួយទៀត ការណ៍ដែលអនុញ្ញាតឱ្យទីម័រខាងកើតចូលជាសមាជិកអាស៊ានត្រូវមើលឃើញថាជាបន្ទុក ហើយពន្យឺតគោលដៅសមាហរណកម្មសេដ្ឋកិច្ចរបស់ប្លុកទៀតផង។
 
កត្តាសង្គម
ទាំងវិស័យអប់រំ ធនធានមនុស្ស ពលកម្មជំនាញ (skilled labor) នៅទីម័រខាងកើតមានកម្រិតយ៉ាងខ្លាំង។ ទាក់ទងការអភិវឌ្ឍមនុស្ស ទីម័រខាងកើតស្ថិតក្នុងលេខរៀងទី១៤០នៃប្រទេស១៩១ ឯណោះ។ នេះបើតាមសន្ទស្សន៍អភិវឌ្ឍន៍មនុស្សរបស់អង្គការសហប្រជាជាតិឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ ប្រជាជនទីម័រជិត៤២ភាគរយរស់នៅក្រោមបន្ទាត់ក្រីក្រដែលជាកត្តាមួយនាំឱ្យក្មេងៗបាត់បង់ឱកាសរៀនសូត្រ និងអភិវឌ្ឍខ្លួន។ បន្ថែមពីនេះ ​បើតាមរបាយការណ៍ Census ឆ្នាំ២០១៥ ត្រឹម៥,៣ភាគរយប៉ុណ្ណោះនៃសិស្សជាង៦៥ភាគរយដែលទទួលបានការអប់រំបានបញ្ចប់ថ្នាក់សាកលវិទ្យាល័យ។ 
 
កត្តានយោបាយ 
តាមសន្ទស្សន៍លទ្ធិប្រជាធិបតេយ្យរបស់កាសែត Economist ឆ្នាំ២០២១ ទីម័រខាងកើតស្ថិតក្នុងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យមាំទាំជាងគេបំផុតលើពិភពលោក បើគិតទៅលើដំណើរការបោះឆ្នោត ពហុបក្ស ការចូលរួមផ្នែកនយោបាយ មុខងាររដ្ឋាភិបាល វប្បធម៌នយោបាយ និងសេរីភាពមូលដ្ឋាន។ ទន្ទឹមនេះ ទិន្នន័យរបស់ Democracy Matrix ឆ្នាំ២០២០ ទីម័រខាងកើតគឺជាប្រទេសប្រជាធិបតេយ្យលំដាប់ទី១ក្នុងចំណោមសមាជិកអាស៊ានទាំងអស់។
 
ជារួម ជំហរនយោបាយ គួបផ្សំនឹងកង្វះខាតការអភិវឌ្ឍសេដ្ឋកិច្ច ធនធានមនុស្ស ក៏ដូចជាសមត្ថភាពបំពេញតួនាទីជាសមាជិករបស់រដ្ឋអាស៊ីអាគ្នេយ៍មួយនេះត្រូវបានរដ្ឋសមាជិក មើលឃើញជាការពង្យឺតសហគមន៍អាស៊ាន ជាជាងពន្លឿនចក្ខុវិស័យរបស់ប្លុកថ្នាក់តំបន់មួយនេះ។ ម្យ៉ាង រដ្ឋសមាជិកបារម្ភថា ទីម័រខាងកើតមិនអាចបំពេញកាតព្វកិច្ចដែលបានចែងក្នុងជំពូកទី៦របស់ធម្មនុញ្ញអាស៊ានបានដែលមានដូចជា៖
 
ចូលរួមរាល់កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន
គោរពតាមកិច្ចព្រមព្រៀងអាស៊ានទាំងអស់
បរិច្ចាគវិភាគទាន១លានដុល្លារសម្រាប់ថ្លៃសមាជិកភាព
ប្តេជ្ញាចូលរួមកិច្ចប្រជុំអាស៊ានទាំងអស់ដែលបានគ្រោងទុក និងចូលរួមក្នុងគម្រោងក្នុងតំបន់ក្រោមវិស័យនៃកិច្ចសហប្រតិបត្តិការផ្សេងៗ
ប្តេជ្ញារួមចំណែកស្មើៗគ្នានឹងសមាជិកដទៃទៀតក្នុងថវិកាប្រតិបត្តិការប្រចាំឆ្នាំរបស់លេខាធិការដ្ឋានអាស៊ានប្រហែល២លានដុល្លារ។
 
យ៉ាងណាមិញ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បង្ហាញក្តីសង្ឃឹមយ៉ាងខ្លាំងថា ទីម័រខាងកើតអាចនឹងក្លាយជាសមាជិកអាស៊ានជាផ្លូវការនៅឆ្នាំ២០២៣ក្រោមប្រធានផ្លាស់វេនឥណ្ឌូណេស៊ីដែលជាប្រទេសធ្លាប់ដាក់អាណានិគមលើទីម័រប្រមាណ២៤ឆ្នាំ។ ក្នុងសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥នាទីក្រុងភ្នំពេញ សម្តេច ហ៊ុន សែន លើកឡើងថា ដំណើរការចូលប្លុកអាស៊ានរបស់ទីម័រខាងកើតកំពុងវិវឌ្ឍបានយ៉ាងល្អ។
 
ចំណែកទីម័រខាងកើតផ្ទាល់វិញក៏បានបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួនណាស់ដែរ។ ក្នុងនោះរួមមានការបើកស្ថានទូតនៅគ្រប់ប្រទេសសមាជិកអាស៊ាន ចូលរួមវេទិកាថ្នាក់តំបន់អាស៊ានតាំងពីឆ្នាំ២០០៥ ហើយក៏បានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងឆ្នាំ២០០៧ហើយដែរដែលជាលក្ខខណ្ឌដើម្បីទទួលបានសមាជិកភាពអាស៊ានពេញលេញ។ 
 
តើទីម័រខាងកើតនឹងក្លាយជាសមាជិកអាស៊ានទី១១នៅឆ្នាំ២០២៣ ឬយ៉ាងណា?
ថាតើរដ្ឋអាស៊ីអាគ្នេយ៍មួយនេះនឹងអាចទទួលបានសមាជិកភាពអាស៊ានជាផ្លូវការនៅឆ្នាំក្រោយឬអត់អាស្រ័យលើរបាយការណ៍វាយតម្លៃលើការអភិវឌ្ឍសសរស្តម្ភទាំងបីរបស់អាស៊ាននៅទីម័រខាងកើត
ដែលនឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសម្របសម្រួលអាស៊ានដើម្បីពិចារណា។ អាស៊ានបានបញ្ចប់បេសកកម្មវាយតម្លៃលើសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាននៅទីម័រខាងកើតកាលពីខែកក្កដាកន្លងទៅនេះ។ បេសកកម្មដែលអាស៊ានបើកនៅឆ្នាំ២០១៩នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់ និងពន្លឿនដំណើរការចូលសមាជិកអាស៊ានរបស់ទីម័រខាងកើត៕
 

Tag:
 អាស៊ាន
  ទីម័រខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com