ជាតិ
អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ ផ្ដល់ឱកាសហាត់ការ និងបណ្ដុះបណ្ដាលដល់និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្រ្ដ
20, Oct 2022 , 3:06 pm        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ - គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ដបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាក្នុងគោលបំណង​​ផ្សារភ្ជាប់​រវាងកម្មវិធីសិក្សា ជាមួយនិងតម្រូវការជំនាញក្នុងការងារ តាមរយៈផ្តល់ឱកាសហាត់ការដល់សិស្ស និស្សិតនៅក្នុងស្ថាប័នហិរញ្ញវត្ថុ។ ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយមានការចូលរួមដោយលោក សុខ កុសល ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ លោក Ian Findlay សាកលវិទ្យាធិការ និង អនុអធិការបតីនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ដ និងភ្ញៀវកិត្តិយសជាច្រើនទៀត។
 
លោក សុខ កុសល ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា៖ «​វិស័យ​អប់រំ​ ​ដើរតួ​នាទី​យ៉ាង​សំខាន់​ដែលបានរៀបចំ​ក្នុង​ការ​បណ្តុះបណ្តាល​ និង​ការ​បញ្ចេញ​ធនធានមនុស្ស​ដើម្បី​បម្រើ​ប្រទេស​ជាតិ ហើយដើម្បីឲ្យវិស័យអប់រំកាន់តែមានប្រសិទ្ធភាព យើងត្រូវផ្សារភ្ជាប់កម្មវិធីសិក្សា ជាមួយនឹងតម្រូវការការងារនៅលើទីផ្សារ។ អេ អឹម ខេ ពិតជាមានសេចក្ដីសោមនស្ស ដែលបានសហការជាមួយសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ដ ក្នុងការផ្ដល់ឱកាសដល់សិស្ស និស្សិត ឲ្យទទួលបានការបណ្ដុះបណ្ដាល ក៏ដូចជាហាត់ការនៅក្នុង អេ អឹម ខេ»។


 
លោក Ian Findlay សាកលវិទ្យាធិការ និង អនុអធិការបតីនៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ដ បានមានប្រសាសន៍ថា៖ «មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅលើពិភពលោកទេ យើងសព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ជំងឺរាតត្បាត អតិផរណា អត្រាការប្រាក់កើនឡើង និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច។ ហេតុដូចនេះហើយ យើងកំពុងរង់ចាំមនុស្សជំនាន់ក្រោយ ដែលបានបញ្ចប់ការសិក្សាជាមួយនឹងចំណេះ និងជំនាញរបស់ពួកគេ មកជួយដោះស្រាយបញ្ហា និងធ្វើឲ្យពិភពលោកប្រសើរឡើង។ ហើយសិស្ស និស្សិតបញ្ចប់ការសិក្សារបស់យើង បានត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញនូវអ្វីដែលល្អបំផុតដែលយើងអាចធ្វើបាននៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ យើងពិតជារីករាយដែលបានសហការជាមួយ អេ អឹម ខេ ដែលមានទស្សនៈវិស័យវែងឆ្ងាយក្នុងការចូលរួមជាមួយយើង ដើម្បីសម្រេចនូវគោលដៅដ៏អស្ចារ្យជាមួយគ្នា»។
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ 

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥១កន្លែង និងភ្នាក់ងារជាង ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។
 


អំពីសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត

សាកលវិទ្យាល័យពុទ្ធិសាស្ត្រ គឺជាសាកលវិទ្យាល័យឯកជនមួយក្នុងរាជធានីភ្នំពេញ ដែលត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមអនុក្រឹត្យលេខ​១៧៤ អនក្រ.បក ចុះថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០០៧។ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក៏បានទទួលការទទួលស្គាល់ពេញលេញផងដែរ សម្រាប់វគ្គសិក្សាឆ្នាំមូលដ្ឋានរបស់ខ្លួន ដោយគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា (ACC)។
 
ជាមួយនឹងឧត្តមភាពជាងមួយទសវត្សរ៍ក្នុងវិស័យវិទ្យាសាស្ត្រសុខាភិបាល និងបច្ចេកវិទ្យា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ បានបណ្តុះបណ្តាលវេជ្ជបណ្ឌិត ទន្តពេទ្យ ឱសថការី គិលានុបដ្ឋាយិកា ឆ្មប អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នកវិទ្យាសាស្ត្រកុំព្យូទ័រ និងសហគ្រិនបច្ចេកវិទ្យាជាច្រើនរូប។ បច្ចុប្បន្នសាកលវិទ្យាល័យពុទ្ធិសាស្ត្រ​ មានមហាវិទ្យាល័យចំនួនប្រាំបី ដែលពាក់ព័ន្ធនឹងវិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមមាន មហាវិទ្យាល័យវេជ្ជសាស្ត្រ មហាវិទ្យាល័យទន្តសាស្រ្ត មហាវិទ្យាល័យឱសថសាស្រ្ត មហាវិទ្យាល័យគិលានុបដ្ឋាកនិង ឆ្មប មហាវិទ្យាល័យសុខាភិបាល និងជីវបច្ចេកវិទ្យា មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា មហាវិទ្យាសាស្រ្ត ស្រាវជ្រាវ និងមហាវិទ្យាល័យ ភាសាអង់គ្លេសនិងការងារ៕
 




អត្ថបទពាណិជ្ជកម្ម
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com