ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ជប៉ុនផ្តល់ជំនួយជាង៥០ម៉ឺនដុល្លារដល់ក្រសួងវប្បធម៌ ដើម្បីជួសជុលប្រាសាទបាយ័ន សកម្មភាពក្រុមការងារជំនាញកំពុងជួសជុលប្រាសាទបាយ័ន នាពេលកន្លងមក។ រូបថត៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា
×
ដោយ៖ ចៀន និតា
រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ជំនួយប្រមាណ៥២ម៉ឺនដុល្លារ ដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការអនុវត្តគម្រោងថ្មី ដើម្បីជួសជុលប្រាសាទបាយ័ន ដែលស្ថិតនៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។ បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា និង ក្រសួងវប្បធម៌ នាថ្ងៃី១៩តុលា។
ជំនួយដែលក្រសួងវប្បធម៌ ទទួលបានពីរដ្ឋាភិបាលជប៉ុននេះ គឺសម្រាប់គម្រោងថែទាំយានយន្ត និងម៉ាស៊ីនធុនធ្ងន់ ព្រមទាំងទិញសម្ភារសម្រាប់ការងាររក្សាលំនឹងតួប៉មកណ្តាលនៃប្រាសាទបាយ័ន ដែលទាក់ទងនឹងគម្រោង JASA។ ការអនុវត្តគម្រោងថ្មីនេះ រដ្ឋាភិបាលជប៉ុនសង្ឃឹមថា នឹងបានរួមចំណែកដល់ការអនុវត្តការងារអភិវរក្សនិងជួសជុលប្រាសាទបាយ័ន ដែលជាប្រាសាទដ៏សំខាន់បំផុតមួយនៅក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។
នៅឆ្នាំ១៩៩៥ រដ្ឋាភិបាលជប៉ុនបានបង្កើតក្រុមរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទអង្គរ(JSA) ដែលជាគម្រោងតាមរយៈអង្គការយូណេស្កូ (Japan Fund in Trust) សម្រាប់អភិរក្សវប្បធម៌បេតិកភណ្ឌពិភពលោក។ សេចក្តីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ថា JSA បានចំណាយថវិកាប្រមាណ២៧លានដុល្លារ ដើម្បីអនុវត្តសកម្មភាពអភិរក្ស និងជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ចាប់ពីជំហានទី១ដល់ទី៥។
ដោយឡែក ក្នុងខែមេសា ឆ្នាំ២០២២ មកទល់បច្ចុប្បន្ន ជំហានទី៦របស់ JSA ក៏ត្រូវចាប់ផ្តើមស្រាវជ្រាវ ដោយផ្តោតលើការរក្សាលំនឹងតួប៉មកណ្តាលនៃប្រាសាទបាយ័នជាចម្បង៕
© រក្សាសិទ្ធិដោយ thmeythmey.com