អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសអាស៊ានគ្រោងជួបគ្នា ដើម្បីពិភាក្សាជុំវិញបញ្ហានៅមីយ៉ាន់ម៉ានៅសប្តាហ៍ក្រោយ
22, Oct 2022 , 10:20 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសអាស៊ាន នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស នាពេលកន្លងមក។ រូបភាព៖ Thmey Thmey
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសអាស៊ាន នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស នាពេលកន្លងមក។ រូបភាព៖ Thmey Thmey
រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងមានកិច្ចពិភាក្សាបន្ទាន់មួយ នៅក្រុងហ្សាការតា ឥណ្ឌូណេស៊ី នាសប្តាហ៍ក្រោយ ដើម្បីជជែកពីបញ្ហានយោបាយនៅមីយ៉ាន់ម៉ា រួមទាំងពិនិត្យមើលការអនុវត្តការឯកភាព ៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំអាស៊ាននាពេលកន្លងមក។

 
វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា នៅតែបន្តអូសបន្លាយ ខណៈការអនុវត្តផែនការ ៥ចំណុច ដែលដាក់ចេញដោយមេដឹកនាំអាស៊ាន ក៏មិនត្រូវបានមេដឹកនាំយោធាអនុវត្តឱ្យបានត្រឹមត្រូវដែរ។ ស្របគ្នានេះ កិច្ចប្រជុំកំពូលអាស៊ាន ជិតមកដល់ហើយ។ 
 
ទាក់ទិននឹងបញ្ហាខាងលើ រដ្ឋមន្រ្តីការបរទេសអាស៊ាន គ្រោងជួបគ្នានៅលេខាធិការដ្ឋានអាស៊ាន នាក្រុងហ្សាការតា ឥណ្ឌូណេស៊ី ដើម្បីពិភាក្សាពីបញ្ហាមីយ៉ាន់ម៉ា។ មន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថា កិច្ចប្រជុំគ្រោងធ្វើឡើងនៅថ្ងៃ២៧ ខែតុលាខាងមុខ ដោយកិច្ចពិភាក្សា ត្រូវបានរំពឹងថា នឹងពិនិត្យលើការឯកភាព ៥ចំណុចផង។ 
 
«ពេលនេះ កិច្ចប្រជុំពិសេស គឺចាំបាច់ ដោយវាមានបញ្ហាជាក់លាក់នឹងត្រូវពិនិត្យមើលបន្ថែមមុនកិច្ចប្រជុំថ្នាក់ដឹកនាំមកដល់»។ មន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់បែបនេះ ទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP ដោយបន្តថា របបសឹកមីយ៉ាន់ម៉ា មិនបានបង្ហាញពីឆន្ទៈ ឬជំហានជាក់លាក់លើការអនុវត្តការឯកភាព ៥ចំណុចឡើយ។ 
 
ទន្ទឹមនេះ មន្រ្តីឥណ្ឌូណេស៊ីដដែល បានបន្ថែមថា ការព្យួរមីយ៉ាន់ម៉ា ក្នុងនាមជាសមាជិកអាស៊ាន មិនមែនជានីតិវិធីងាយស្រួលឡើយ។ ក្នុងជំនួបនៅសប្តាហ៍ក្រោយ លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសអាស៊ាន នឹងធ្វើជាប្រធាន។​
 
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ លោក មីន អ៊ុងឡាំង មិនត្រូវបានអញ្ជើញឱ្យចូលរួមឡើយ។ នេះជាឆ្នាំទីពីរដែលអាស៊ាន មិនអញ្ជើញមេដឹកនាំយោធាមីយ៉ាន់ម៉ាចូលរួម ដោយសារមិនមានការវិវឌ្ឍស្ថានការណ៍នយោបាយក្នុងប្រទេស៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com