សេដ្ឋកិច្ច
អន្តរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក មានភាពប្រសើរជាងមុន បន្ទាប់ពីបានកញ្ចប់ថវិកាជំនួយពីរដ្ឋាភិបាល
22, Oct 2022 , 8:59 pm        
រូបភាព
យន្តហោះ_របស់_ក្រុមហ៊ុន_អាកាសចរណ៍ Air China នៅ_លើ_អាកាសយានដ្ឋាន_ក្រុង_ប៉េកាំង។ រូបថត៖ AFP។
យន្តហោះ_របស់_ក្រុមហ៊ុន_អាកាសចរណ៍ Air China នៅ_លើ_អាកាសយានដ្ឋាន_ក្រុង_ប៉េកាំង។ រូបថត៖ AFP។
ប្រទេសចិន ថៃ និង អូស្ត្រាលី ជាដើម បានចាយលុយរាប់ពាន់លានដុល្លារ ដើម្បីសង្គ្រោះវិស័យអាកាសចរណ៍របស់ខ្លួនត្រលប់មកវិញ នៅពេលក្រុមហ៊ុនអាកាសចរណ៍ទាំងនោះជិតក្ស័យធន។



នៅក្នុងប្រទេសចិន រដ្ឋាភិបាលកំពុងបង្កើនការជួយសង្គ្រោះវិស័យអាកាសចរណ៍ បន្ទាប់មើលឃើញអាជីវកម្មក្នុងវិស័យនេះមានការធ្លាក់ចុះ។ កញ្ចប់ថវិកាជំរុញលើកទឹកចិត្តកាលពីខែមិថុនាពីរដ្ឋាភិបាលចិនទៅដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍នានា រួមមានប្រាក់កម្ចីបន្ទាន់ចំនួន ១៥០ពាន់លានយ៉ន់ (២0,៧១ពាន់លានដុល្លារ) និងជាមួយកូតា​មូលបត្រ​បំណុល ២០០​ពាន់​លាន​យ៉ន់ (២៧,៦១ពាន់លានដុល្លារ) ។
 
ក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងកាលពីខែឧសភាថា ខ្លួននឹងឧបត្ថម្ភធនដល់ក្រុមហ៊ុនអាកាសចរណ៍រយៈពេលពីរខែ ដែលប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺរាតត្បាត និងការកើនឡើងតម្លៃប្រេងឥន្ធនៈ។ កញ្ចប់ថវិកាសម្រាប់ឧបត្ថម្ភជាអតិបរមាមានចំនួន ២៤ ០០០យ៉ន់ (៣ ៣១៣ដុល្លារ) ក្នុងមួយម៉ោងចំពោះការហោះហើរដែលខាតបង់។ ប៉ុន្តែជំនួយនេះ នឹងត្រូវបានផ្តល់ជូនតែជើងហោះហើរក្នុងស្រុកជាមធ្យមប្រចាំថ្ងៃដែលមានចំនួនក្រោម ឬស្មើនឹង ៤ ៥០០ជើងក្នុងមួយសប្តាហ៍តែប៉ុណ្ណោះ។
 
បើតាម​ CNN ការឧបត្ថម្ភធននេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ធំជាងគេចំនួនបីរបស់ប្រទេសចិនគឺ Air China, China Southern Airlines និង China Eastern Airlines បានកត់ត្រាការខាតបង់ប្រមាណ ៧,២ ពាន់លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ។ ចាប់ពីខែមករាឆ្នាំ២០២០ ដល់ខែមិថុនាឆ្នាំ២០២២ ការខាតបង់ថវិកាសរុបរបស់ក្រុមហ៊ុនទាំងបីនេះមានចំនួន ១៨,៤ ពាន់លានដុល្លារ។
 
បើតាមតំណាងក្រុមហ៊ុនខាងលើ ផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងការធ្លាក់ចុះនៃប្រាក់យ៉ន់បានបង្កឱ្យមានឧបសគ្គយ៉ាងខ្លាំងចំពោះសកម្មភាពអាជីវកម្ម។ អត្រាប្តូរប្រាក់យ៉ន់ធៀបនឹងប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតបន្ទាប់ពីរយៈពេល ១៤ឆ្នាំ ដែលធ្វើឱ្យវិស័យអាកាសចរណ៍ទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារវាពឹងផ្អែកលើគ្រឿងបន្លាស់ និងប្រេងឥន្ធនៈដែលនាំចូល។ លើសពីនេះ គោលនយោបាយសូន្យកូវីដ (Zero Covid) ជាមួយនឹងការរឹតបន្តឹងព្រំដែនជាច្រើននៅតែត្រូវបានអនុវត្ត បណ្តាលឱ្យបាត់បង់ប្រាក់ចំណូលពីផ្លូវអាកាសអន្តរជាតិ។
 
ជាមួយគ្នានេះនៅក្នុងប្រទេសថៃ វិស័យអាកាសចរណ៍បានបង្ហាញសញ្ញាវិជ្ជមានជាងមុន បន្ទាប់ពីមានការងើបឡើងវិញខ្លះពីវិស័យទេសចរណ៍។ កន្លងមកក្រុមហ៊ុនអាកាសចរណ៍ជាតិ Thai Airways បានដាក់ពាក្យសុំការការពារក្ស័យធននៅឆ្នាំ ២០២០ ដោយសារតែការខាតបង់បន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០១៣។
 
កាលពីដើមខែសីហា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Arkhom Termpittayapaisith បានលើកឡើងថា  ក្រុមហ៊ុន Thai Airways នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ផែនការរបស់ខ្លួនក្នុងការបង្កើនដើមទុនដល់ ៨០ពាន់លានបាត (២,២ពាន់លានដុល្លារ) និងប្តូរបំណុលទៅជាភាគហ៊ុនដើម្បីងើបឡើងវិញពីការក្ស័យធន។ នេះបើតាមសារព័ត៌មាន Bloomberg ។
 
លោក Arkhom បាន​ថ្លែង​ថា​៖ «​ស្ថានភាព​ក្រុមហ៊ុន Thai Airways គឺ​ល្អ​ប្រសើរ​ជាង​មុន​។ រឿងនេះបានផ្តល់ទំនុកចិត្តដល់ម្ចាស់បំណុល និងម្ចាស់ភាគហ៊ុនចំពោះអត្ថិភាព និងអនាគតរបស់ក្រុមហ៊ុនអាកាសចរណ៍»។
 
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសអូស្ត្រាលីក៏បានប្រកាសពីការខាតបង់ចំនួន ៨៣០,៦៧លានដុល្លារក្នុងរយៈពេល៣ឆ្នាំជាប់គ្នាផងដែរ។ នាយកប្រតិបត្តិក្រុមហ៊ុន Qantas លោក Alan Joyce បាននិយាយថា ៖« ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនមិនអាចរកប្រាក់ចំណេញបានលឿនដូចក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដូចនៅសិង្ហបុរីនោះទេ ព្រោះយើងមិនទទួលបានការគាំទ្រពីរដ្ឋាភិបាលច្រើន និងខ្វះផែនការ ព្រមទាំងប្រឈមមុខនឹងរលកនៃជំងឺកូវីដ-១៩»។
 
បើតាម CNBC ការ​ប្រកាស​ពី​ការ​ខាត​បង់​នេះ ​បាន​កើត​ឡើង​បន្ទាប់​ពី​ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក Qantas មុន​ពេល​មានការ​ចរចា​ប្រាក់​ខែ​ដែល​ដែលមិនទាន់មានការឆ្លើយតមពីភាគីក្រុមហ៊ុន។  Qantas គឺជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេលំដាប់ទី ១១នៅលើពិភពលោក។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ធ្លាប់​បាន​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ប្រមាណ ២ពាន់​លាន​ដុល្លារ រួម​ទាំង​ប្រាក់​ឧបត្ថម្ភ ៨៥០ លាន​ដុល្លារ​សម្រាប់​អ្នក​ដែល​បាត់បង់​ការងារ។ ចាប់តាំងពីជំងឺរាតត្បាតមក ក្រុមហ៊ុនបានកាត់បន្ថយការងារជិត ៩​ ០០០កន្លែងក្នុងចំណោមជិត ៣០ ០០០កន្លែង។
 
បើទោះបីទិដ្ឋភាពក្នុងវិស័យអាកាសចរណ៍ពិភពលោកនៅឆ្នាំ ២០២២ ហាក់មានពន្លឺជាងឆ្នាំ ២០២១បន្តិច ប៉ុន្តែអ្នកជំនាញបានព្រមានថានឹងនៅតែជួបការលំបាកជាច្រើន។ តម្លៃប្រេងឥន្ធនៈកាន់តែខ្ពស់ ហើយហានិភ័យនៃវិបត្តិសេដ្ឋកិច្ចកាន់តែបង្ហាញឱ្យឃើញកាន់តែច្បាស់ជាងមុន។ មូលនិធិរូបិយវត្ថុអន្តរជាត(IMF) ទើបតែបានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួនសម្រាប់ឆ្នាំ ២០២៣ នៅត្រឹម ២,៧ភាគរយ។ ទន្ទឺមនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានធ្លាក់ចុះជាបន្តបន្ទាប់ នៅពេលដែលធនាគារកណ្តាលអាម៉េរិកបានដំឡើងអត្រាការប្រាក់៕ 

Tag:
 អាកាសចរណ៍ ថៃ ចិន អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com