អន្តរជាតិ
នរណាស្នងតំណែងជានាយករដ្ឋមន្រ្តីចិនបន្ទាប់ពីលោក លី ខឹឈាំង?
22, Oct 2022 , 7:39 pm        
រូបភាព
ដោយ:
តំណែងក្នុងជួរបក្សកុម្មុយនីស្តដ៏មានឥទ្ធិពលរបស់ចិនសម្រាប់អាណត្តិថ្មីនឹងត្រូវប្រកាសជាសាធារណៈនៅថ្ងៃបញ្ចប់សមាជបក្សលើកទី២០ នៅថ្ងៃទី២៣ ខែតុលា។ ខណៈលោក លី ខឹឈាំង មិនបន្តជាសមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយ ហើយចាកចេញពីតំណែងជានាយករដ្ឋមន្រ្តីចិននៅខែមីនាខាងមុខនេះ។ តើអ្នកនយោបាយចិនរូបណាអាចនឹត្រូវបានតែងតាំងជានាយកដ្ឋមន្រ្តីចិនសម្រាប់៥ឆ្នាំបន្ទាប់?

 
កន្លងមក តំណែងនាយករដ្ឋមន្រ្តីចិន ជាសមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយដែលមានសមាជិក៧រូប និងជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុតរបស់បក្សកុម្មុយនីស្តចិន។ ដូច្នោះ បេក្ខភាពនាយករដ្ឋមន្រ្តីចិនសម្រាប់អាណត្តិក្រោយនឹងអាចស្មានបានតាមរយៈការប្រកាសសមាសភាពថ្មីរបស់ស្ថាប័នកំពូលនេះ ក្រោយចប់សមាជបក្សលើកទី២០ នាថ្ងៃទី២៣ ខែតុលាដែរ។ 
 
សមាជបក្សកុម្មុយនីស្តចិនត្រូវបានរៀបចំឡើងជារៀងរាល់៥ឆ្នាំម្តងដើម្បីបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំបក្សថ្មី ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងរៀបចំគោលនយោបាយប្រទេសសម្រាប់អាណត្តិបន្ទាប់។ នៅបញ្ចប់សមាជបក្សរយៈពេល១សប្តាហ៍នេះ សមាជិកគណៈមជ្ឈិមបក្សថ្មីប្រមាណ២០០នាក់ ក៏ចេញផ្សាយហើយ ដោយមិនមានវត្តមានលោក លី ខឹឈាំង ឡើយ។ ចំណែកសមាសភាពគណៈអចិន្ត្រៃយ៍ នឹងផ្លាស់ប្ដូរដល់ទៅ៤នាក់ឯណោះ។ 
 
ក្រោមលក្ខន្តិកៈរបស់បក្សដែលកំណត់ថា មន្រ្តីណាដែលមានវ័យ៦៧ឆ្នាំ ឬក្រោមនេះត្រឹមថ្ងៃសមាជបក្សអាចត្រូវបានដំឡើងឋានៈ ឬរក្សាតំណែង ខណៈមន្រ្តីណាដែលមានអាយុ៦៨ឆ្នាំ ឬលើសនេះត្រូវបានរំពឹងចូលនិវត្តន៍ ប៉ុន្តែលើកលែងតែប្រធានាធិបតីចិន ស៊ី ជិនភីង ប៉ុណ្ណោះដែលរំពឹងកាន់តំណែងអគ្គលេខាបក្សអាណត្តិទី៣ទាំងវ័យ៦៩ឆ្នាំ។ 
 
ទន្ទឹមនឹងលោក ស៊ី មានឋានៈធំបំផុតក្នុងគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយ មន្រ្តីណាដែលមានឋានៈលំដាប់ខ្ពស់ទីពីរ ឬទីបីក្នុងស្ថាប័នកំពូលនេះជាទូទៅនឹងត្រូវតែងតាំងជានាយករដ្ឋមន្រ្តីចិនថ្មី។ បន្ថែមពីលើនេះ កន្លងមកមន្រ្តីដែលអាចស្នងកៅអីនាយករដ្ឋមន្រ្តីចិនត្រូវតែមានអាយុមិនលើសពី៦៧ឆ្នាំ ហើយធ្លាប់បំពេញតួនាទីជាឧបនាយករដ្ឋមន្រ្តី និងបទពិសោធគ្រប់គ្រងសេដ្ឋកិច្ចថ្នាក់ខេត្តជាច្រើន។​ ខុសពីប្រធានាធិបតីដែលទទួលបន្ទុកកិច្ចការបរទេស និងនយោបាយ នាយករដ្ឋមន្រ្តីចិនមានតួនាទីចម្បងគ្រប់គ្រងសេដ្ឋកិច្ចប្រទេស។
 
ដ្បិតតំណែងលេខាបក្ស និងប្រធានាធិបតីនឹងនៅតែជាលោក ស៊ី អ្វីដែលគេរង់ចាំគឺនរណាធ្វើជានាយករដ្ឋមន្រ្តីបន្តពីលោក លី ។​ លោក វ៉ាង យ៉ាង ដែលត្រូវមើលឃើញជាបេក្ខជនមួយនោះ ក៏ត្រូវចូលនិវត្តន៍ដែរ។ នាយករដ្ឋមន្រ្តីថ្មី ត្រូវតែជាមនុស្សជំនិតរបស់លោក ស៊ី ដើម្បីអនុវត្តគោលនយោបាយរបស់លោក។ 
 
ឧបនាយករដ្ឋមន្រ្តី ហ៊ូ ឈុនហ័រ ដែលមាននិន្នាការសេរីនិយម ស្ថិតក្នុងចំណោមបេក្ខជនដែលអាចឡើងធ្វើជានាយករដ្ឋមន្រ្តី។ ប៉ុន្តែលោកមិនមានប្រវត្តិធ្វើការជាមួយលោក ស៊ី កាលពីមុនឡើយ តែវាធ្វើឱ្យមានភាគរយមិនច្រើនឡើយ។ ក្រៅពីនេះ លេខាបក្សក្រុងសៀងហៃ លី ឈាំង, លេខាបក្សខេត្តគ័ងតុង លី ស៊ី ក៏ជាបេក្ខភាពដែលអាចបន្តតំណែពីលោក លី ដែរ។ 
 
សម្រាប់លោក លី ឈាំង លោក Li ទោះមិនអាចស្នងកៅអីនាយករដ្ឋមន្រ្តីចិនក៏ដោយ ក៏លោកនៅតែអាចក្លាយជាសមាជិកការិយាល័យនយោបាយចិនបានដែរ។ រឿងនេះក៏នឹងកើតឡើងដូចលោក លី ស៊ី ដែរ។ 
 
សូមបញ្ជាក់ថា លោក លី ខឹឈាំង បញ្ចប់តំណែងជានាយករដ្ឋមន្រ្តីចិននៅឆ្នាំក្រោយ។ តាមរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្រ្តីចិនដែលមានឋានៈធំទីពីរបន្ទាប់ពីប្រធានាធិបតីចិនអាចកាន់តំណែងបានពីរអាណត្តិប៉ុណ្ណោះដែលមួយអាណត្តិមានប្រាំឆ្នាំ។ សមាសភាពនាយករដ្ឋមន្រ្តីចិនសម្រាប់អាណត្តិបន្ទាប់នឹងត្រូវប្រកាសដោយសភាប្រជាជនចិនអំឡុងកិច្ចប្រជុំប្រចាំឆ្នាំនៅខែមីនា ឆ្នាំ២០២៣៕
 

Tag:
 (ចិន)
© រក្សាសិទ្ធិដោយ thmeythmey.com