អន្តរជាតិ
ដូចការរំពឹងទុក លោក ស៊ី ជិនភីង បន្តកាន់តំណែងអគ្គលេខាបក្សកុម្មុយនីស្តលើកទី៣
23, Oct 2022 , 11:39 am        
រូបភាព
 លោក ស៊ី ជិនភីង នៅថ្ងៃទី២៣ ខែតុលា បន្តជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនសម្រាប់អាណត្តិទី៣ ដែលជារឿងមិនធ្លាប់មានចាប់តាំងពីការធ្វើកំណែទម្រង់នៅឆ្នាំ១៩៧៨ មក។ លោក ស៊ី ក្លាយជាមេដឹកនាំដែលមានឥទ្ធិពលបំផុតចាប់តាំងសម័យលោកប្រធាន ម៉ៅ សេទុង មក។ ក្បាលម៉ាស៊ីនដឹកនាំថ្មី ក៏ត្រូវបានបង្ហាញមុខដែរ។

 
គណៈមជ្ឈិមបក្សកុម្មុយនីស្តបក្សចិនអាណត្តទី២០ បើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅថ្ងៃទី២៣ ខែតុលា ដោយបានបោះឆ្នោតជ្រើសរើសលោក ស៊ី ជិនភីង ជាអគ្គលេខាធិការបក្ស។ នេះជាអាណត្តិទី៣ សម្រាប់លោក ស៊ី ដែលជាមេដឹកនាំបក្សកុម្មុយនីស្តចិនដំបូងគេ កាន់តំណែងកំពូលនេះលើសពីពីរអាណត្តិ។
 
ជាមួយនឹងតំណែងលេខាបក្សនេះ លោក ស៊ី នឹងបន្តកាន់តំណែងប្រធានាធិបតីចិនក្នុងការបោះឆ្នោតខែមីនា ឆ្នាំ២០២៣ ផងដែរ។ ជាមួយគ្នានេះ លោក ស៊ី ក៏បន្តធ្វើជាប្រធានគណៈកម្មការយោធាមជ្ឈិមដែរ។
 
សមាជិកគណៈអចិន្រ្តៃយ៍ថ្មី៦នាក់ ក៏ត្រូវបានជ្រើសរើសដែរ។ លោក ស៊ី, លោក ចាវ ឡឹជី និងលោក វ៉ាង ហ៊ូនីង រក្សាកៅអីដដែល។ លេខាបក្សក្រុងសៀងហៃ លី ឈាំង, លេខាបក្សក្រុងប៉េកាំង ឆៃ ឈី, ប្រធានការិយាល័យគណៈមជ្ឈិម ទីង សៀស៊ាំង និងលេខាបក្សខេត្តគ័ងតុង លី ស៊ី ដែលសុទ្ធសឹងជាមនុស្សជំនិតរបស់លោក ស៊ី ជាសមាជិកថ្មី។ 
 
ក្នុងពេលដើរទៅវេទិកាចំពោះមុខអ្នកសារព័ត៌មាន លោក ស៊ី ដើរនៅខាងមុខសមាជិក៦នាក់ទៀតនៃគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយដែលជាក្បាលម៉ាស៊ីនដឹកនាំកំពូល។ លំដាប់នៃការដើរនេះ បង្ហាញពីឋានានុក្រមរបស់សមាជិកគណៈអចិន្រ្តៃយ៍ការិយាល័យនយោបាយ។​ ដើរពីក្រោយលោក ស៊ី មានលោក លី ឈាំង, លោក ចាវ ឡឹជី, លោក វ៉ាង ហ៊ូនីង, លោក ឆៃ ឈី, លោក ទីង សៀស៊ាំង និងចុងក្រោយលោក លី ស៊ី។  
 
លោក លី ឈាំង ទំនងជាស្នងតំណែងលោក លី ខឹឈាំង ជានាយករដ្ឋមន្រ្តីក្នុងកិច្ចប្រជុំសភាខែមីនា ឆ្នាំ២០២៣។
 
 ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកាន់តំណែង៥ឆ្នាំទៀត លោក ស៊ី ប្រកាសការប្ដេជ្ញាចិត្តធ្វើឱ្យខ្លាំងក្លាដើម្បីបំពេញគោលដៅកំណត់ដោយបក្ស។
 
«ខ្ញុំអរគុណបក្សដែលបានផ្ដល់ទំនុកចិត្តលើយើង។» លោក ស៊ី បញ្ជាក់បែបនេះ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com