កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក Honda៖ ខ្ញុំបារម្ភពីអនាគត​បាល់ទាត់ខ្មែរ..មិនយកកីឡាករដើម្បី​តេស្តសមត្ថភាពដឹកនាំ​របស់ខ្លួនឡើយ
26, Oct 2022 , 5:48 pm        
រូបភាព
លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បកស្រាយសំនួរ ដល់អ្នកសារព័ត៌មាន។ រូបពី Cambodian Premier League
លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បកស្រាយសំនួរ ដល់អ្នកសារព័ត៌មាន។ រូបពី Cambodian Premier League
លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បង្ហាញក្តីបារម្ភចំពោះវិស័យកីឡាបាល់ទាត់កម្ពុជា ខណៈកិច្ចសន្យាដឹកនាំក្រុមរបស់ខ្លួន នៅសល់មិនដល់មួយឆ្នាំផង។ នៅក្នុងសន្និសីទព័ត៌មាន នៅការិយាល័យ Cambodian Premier League ក្រុមហ៊ុនលីគកម្ពុជា នៅថ្ងៃទី២៦ ខែតុលា អ្នកចាត់ការរូបនេះ ថាខ្លួនមិនបានយកកីឡាករកម្ពុជាដកស្រង់សមត្ថភាពដឹកនាំរបស់លោក តាមការរិះគន់របស់អ្នកគាំទ្រឡើយ ប៉ុន្ដែជាការស្វែងរកកីឡាករ មានទេព្យកោសល្យសម្រាប់ក្រុមទៅវិញទេ។


លោក Keisuke Honda បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសភាព មិនទាន់ជាសះស្បើយស្រួលបួលពីរបួសវះកាត់ជង្គង់ ថារូបលោក យកចិត្តទុកដាក់ជាខ្លាំង ចំពោះកីឡាបាល់ទាត់កម្ពុជា នាពេលអនាគត។ ក្រោមការដឹកនាំរបស់អ្នកចាត់ការរូបនេះ អស់រយៈពេលជិត៤ឆ្នាំ ទម្រង់ប្រកួតរបស់ជម្រើសជាតិមានការផ្លាស់ប្ដូជាខ្លាំង ដោយកីឡាករ មានទំនុកចិត្តក្នុងការគ្រប់គ្រងបាល់ និងការបង្កើតទម្រង់លេងជាក្រុមដោយជឿជាក់។ តែទោះជាយ៉ាងនេះក្ដី ក្រុមជម្រើសជាតិកម្ពុជា មិនទាន់សម្រេចបានសមិទ្ធផលណាមួយធំដុមនោះទេនៅលើឆាកអន្ដរជាតិ ដែលជាហេតុធ្វើឲ្យមានការបញ្ចេញមតិរិះគន់ជាច្រើនដល់អ្នកចាត់ការរូបនេះ។
 
«ខ្ញុំនឹងដោះស្រាយរឿងនេះ ហើយប្រហែលជាត្រូវស្វែងរកអ្នកជំនួសខ្ញុំ។ ខ្ញុំបារម្ភពីអនាគតកីឡាបាល់ទាត់កម្ពុជា ហេតុនេះហើយ បានជាខ្ញុំនៅទីនេះ។ ខ្ញុំមិននិយាយពី តួនាទី ឬការងាររបស់ខ្ញុំទេ បើទោះជាខ្ញុំ នឹងត្រូវចប់កិច្ចសន្យាពីក្រុមជម្រើសជាតិ ឆ្នាំក្រោយ ក្រុមជម្រើសជាតិកម្ពុជា គួរតែបន្ដនូវទម្រង់ និងទស្សនៈដដែល ជាមួយមនុស្សត្រឹមត្រូវ។»។ លោក Keisuke Honda បាននិយាយប្រាប់ទាំងទឹកមុខស្មើៗដូច្នេះ។
 
ចំពោះការបន្ដកិច្ចសន្យា ឬក៏មិនបន្ដ អ្នកចាត់ការវ័យ៣៦ឆ្នាំរូបនេះ មិនបានបញ្ជាក់ទេ។ ក្រោមការដឹកនាំរបស់លោក Keisuke Honda ជម្រើសជាតិកម្ពុជា មិនសូវទទួលបានលទ្ធផលវិជ្ជមានប៉ុន្មានទេ ដោយ រូប​​លោក បានដឹកនាំ ឈុតធំកម្ពុជា ប្រកួតអន្ដរជាតិសរុបចំនួន ៣០លើក ក្នុងនោះឈ្នះ៧ ស្មើ៤ និងចាញ់១៩។ ជាមួយនិងមតិគាំទ្រ អ្នកចាត់ការរូបនេះ ក៏ទទួលការរិះគន់ជាច្រើនផងដែរ ពីអ្នកគាំទ្របាល់ទាត់កម្ពុជា ដោយចោតថា លោក Keisuke Honda មិនមានបទពិសោធន៍ជាអ្នកដឹកនាំ និងបង្វឹកកីឡាករទេ ប៉ុន្ដែ បានយកកីឡាករកម្ពុជា មកធ្វើតេស្ដសមត្ថភាពដឹកនាំរបស់ខ្លួនទៅវិញ។ 
 
ឆ្លើយតបនិងការបញ្ចេញមតិដូច្នេះ លោក Keisuke Honda បានបកស្រាយថា មិនមែនជាការតេស្ដសមត្ថភាពដឹកនាំរបស់ខ្លួនទេ ប៉ុន្ដែជាការស្វែងរកកីឡាករ ដែលមានទេព្យកោសល្យល្អៗ ដើម្បីជួយក្រុមជម្រើសជាតិ។ អ្នកចាត់ការវ័យ៣៦ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖«ក្រុមជម្រើសជាតិកម្ពុជា កំពុងអភិវឌ្ឍ ហើយយើងមិនអាចនិយាយបានថា ក្រុមកម្ពុជា ជាក្រុមខ្លាំងទេ។ យើង ធ្វើតេស្ដកីឡាករក៏ច្រើនបែបនេះ ព្រោះអ្នកទាំងនោះ មិនប្រាកដជាប់ជម្រើសជាតិទេ ហើយមិនមានកីឡាករ ដែលល្អដាច់គេទេ។ ដូច្នេះហើយ ខ្ញុំ ផ្ដល់ឱកាសកីឡាករឲ្យបានច្រើន ដើម្បីស្វែងរកអ្នកដែលមានទេព្យកោសល្យថ្មីៗ ដែលយើងមិនអាចរកបាន។ ខ្ញុំ​ ដឹងច្បាស់ពីចំណុចខ្លាំង និងខ្សោយរបស់កីឡាករ។»។
 
ដើម្បីធ្វើឲ្យកីឡាករ មានសមត្ថភាពដូចជាកីឡាករបរទេស និងប្រទេសដែលមានសក្ដានុពលលើវិស័យកីឡាបាល់ទាត់ អ្នកចាត់ការរូបនេះ បានបញ្ជាក់ថាកីឡាករ ត្រូវមាន៤ចំណុចសំខាន់ៗ  រួមមាន បច្ចេកទេស (Technique Ability), កម្លាំងកាយសម្បទា (Physical Ability), បញ្ញាស្មារតី (Mental Ability) និង កល្បិច (Trick)។ មិនថែមប៉ុណ្ណោះ ការអភិវឌ្ឍកីឡាបាល់ទាត់ ក៏ត្រូវគិតអំពីផែនការរយៈវែង ឬក៏ខ្លីទៅតាមអ្វីដែលរៀបចំ។
 
ចំពោះការអភិវឌ្ឍកីឡាករ លោក Keisuke Honda ត្រូវអភិវឌ្ឍទៅកីឡាករថ្នាល ដែលមានវ័យក្មេង មិនទាន់ជំទង់ ព្រោះពួកគេអាចអភិវឌ្ឍបានលឿន។ ម្យ៉ាងវិញទៀត កីឡាករថ្នាលទាំងនោះ អាចអភិវឌ្ឍបាន នូវធាតុផ្សំទាំង៤នេះ។ ដោយឡែកចំពោះ ក្រុមឈុតធំ មានការពិបាកខ្លាំងក្នុងការអភិវឌ្ឍទៅលើចំណុចមួយចំនួន នូវធាតុផ្សំទាំងនេះ។
គួរបញ្ចាក់ផងដែរថា អ្នកចាត់ការរូបនេះ បានដឹកនាំឈុតធំកម្ពុជា ចំនួន៣០លើក ឈ្នះ៧ ស្មើ៤ និងចាញ់១៩ ហើយកីឡាករ ដែលបានចូលលេងក្នុងជម្រើសជាតិ ដោយគិតតាំងពី ខែសីហា ឆ្នាំ២០១៨ មកទល់ពេលនេះ មានចំនួន ៦៣រូប ដែលជាចំនួនច្រើនជាងគេទាំងអស់៕
 
 

Tag:
 បាល់ទាត់
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com