កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក Satoshi Saito៖ ខ្ញុំមកទីនេះដើម្បីជួយលីគកម្ពុជា, មានលីគល្អ កីឡាករជម្រើសជាតិនឹងខ្លាំង
27, Oct 2022 , 8:59 am        
រូបភាព
លោក Satoshi Saito នាយកប្រតិបត្តិ Cambodian Premier League  ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ
លោក Satoshi Saito នាយកប្រតិបត្តិ Cambodian Premier League ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ
លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Premier League (CPL) នឹងព្យាយាមធ្វើឲ្យលីគកីឡាបាល់ទាត់កម្ពុជា ក្លាយជាលីគ ល្អជាងគេបំផុតនៅក្នុងតំបន់អាស៊ាន បើទោះត្រូវប្រជែងខ្លាំងជាមួយលីគដែលកំពុងអភិវឌ្ឍលឿនក៏ដោយ។ នាយកប្រតិបត្តិសញ្ជាតិជប៉ុនរូបនេះ អះអាងថា នៅពេលកម្ពុជា មានលីគល្អ នោះក្រុមជម្រើសជាតិកម្ពុជា ក៏មានគុណភាពផងដែរ ពីព្រោះកីឡាករស្ទើរតែ ១០០ភាគរយ ប្រកបអាជីពជាមួយលីគក្នុងស្រុក។


លោក Satoshi Saito បានផ្ដល់បទសម្ភាសន៍មកកាន់សារព័ត៌មានថ្មីៗ នៅការិយាល័យ Cambodian Premier League ដូច្នេះថា រូបលោក មកកម្ពុជា មិនមែនជាលក្ខណៈកម្សាន្ត ឬទេសចរទេ ប៉ុន្ដែមក ដើម្បីរួមចំណែកជួយ វិស័យកីឡាបាល់ទាត់កម្ពុជា។ នាយកប្រតិបត្តិរូបនេះ បានមកដល់កម្ពុជា តាំងខែតុលា ឆ្នាំ២០២១ ហើយបានចាប់ផ្ដើមសម័យកាលកីឡាបាល់ទាត់កម្ពុជាថ្មីមួយ ឈ្មោះថា Cambodian Premier League  បន្ទាប់ Metofne Cambodian League ឬ C-League បានបញ្ចប់សម័យកាល។
 
នាយកសញ្ជាតិជប៉ុននេះ បញ្ជាក់ពីគោលជំហរថា នឹងជំរុញឲ្យវិស័យកីឡាបាល់ទាត់កម្ពុជា ឈានទៅរកស្ដង់ដារមួយ ដែលល្អ និងមានភាពទាក់ទាញជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក Satoshi បានប្រាប់ថា៖«លីគកម្ពុជា មិនមែនបង្កើតឡើងឲ្យមានកម្រិតទាបជាងប្រទេសក្នុងតំបន់អាស៊ានទេ តែគឺជាលីគដែលមានស្ដង់ដារ។»។
 
នាយកប្រតិបត្តិ ដែលមានបទពិសោធន៍ជាង៨ឆ្នាំជាមួយសមាគមកីឡាបាល់ទាត់ជប៉ុន (JFA)  និងជាជាប្រធានគ្រប់គ្រងទីផ្សាររបស់ក្លិប Barcelona អះអាងថា នៅពេលកម្ពុជា មានលីគដ៏ល្អមួយរួចហើយ នោះសមាជិកក្រុមជម្រើសជាតិកម្ពុជា ក៏មានគុណភាពតាមនោះដែរ ពីព្រោះកីឡាករកម្ពុជាស្ទើរទាំងអស់ ប្រកបអាជីពជាមួយលីគក្នុងលីគក្នុងស្រុក ខណៈកីឡាករចំនួនតិចបំផុត ប្រកបអាជីពនៅក្រៅប្រទេស។
 
«គោលបំណងរបស់ខ្ញុំ គឺត្រូវជួយឲ្យក្រុមជម្រើសជាតិកម្ពុជា ឈានទៅរកស្ដង់ដារ មួយដែលល្អបំផុត។ នៅពេលយើងមាន លីគអាជីពដ៏ល្អមួយ ជាធម្មតាក្រុមជម្រើសជាតិ ក៏មានការអភិវឌ្ឍផងដែរ។ យើង ជឿថាប្រសិន យើងមានលីគដែលមានគុណភាព យើងនឹងអាចរៀបចំកីឡាករ សម្រាប់ក្រុមជម្រើសជាតិ។ ហើយពួកគេអាចបង្ហាញទម្រង់លេងបានល្អ។ នេះ គឺជាអ្វីដែលយើង បានរៀបចំ តាមរយៈការប្រកួតក្នុងលីគដ៏គួរឲ្យជក់ចិត្ត។ យើង តែងតែស្នើឲ្យកីឡាករ ពង្រឹងសមត្ថភាព ដើម្បីរៀបចំខ្លួន សម្រាប់ចូលរួមជាមួយជម្រើសជាតិ។»។ លោក Satoshi បាននិយាយដូច្នេះ។
 
លោក Satoshi តែងសម្លឹងឃើញនៅចំណុចវិជ្ជាមានរបស់កីឡាករកម្ពុជា បើទោះជាជាក់ស្ដែក កីឡាករទាំងនោះមានចំណុចខ្វះខាតខ្លះក៏ដោយ។ កីឡាករកម្ពុជា មានមហិច្ឆតា ចង់ឈ្នះ និងការតស៊ូក្នុងការប្រកួត។ នាយកប្រតិបត្តិរូបនេះ បានប្រៀបធៀបថា៖«វាងាយស្រួលណាស់ក្នុងការប្រៀបធៀប ជាមួយជប៉ុន, កូរ៉េខាងត្បូង, ឬមួយក៏ចិន ហើយអ្នកនឹងឃើញអ្វីមួយ ដែលកម្ពុជាមិនមាន។ ខ្ញុំមិនមើលទៅលើអ្វីដែលកម្ពុជា មិនមានទេ ប៉ុន្ដែ ខ្ញុំមើលទៅលើអ្វីដែលកម្ពុជាកំពុងមានក្នុងដៃ។ យើង មានរឿងវិជ្ជមានជាច្រើន។»។
 
ទន្ទឹមគ្នាជាមួយការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ប្រទេសដ៏ទៃក្នុងតំបន់អាស៊ាន ក៏មានការអភិវឌ្ឍផងដែរ។ លោក Satoshi បន្ថែមថា ដើម្បីឲ្យកម្ពុជា អាចឈានទៅមុនប្រទេសផ្សេងទៀតក្នុងតំបន់បាន កម្ពុជា មិនត្រូវអនុវត្តនូវអ្វី ដែលប្រទេសទាំងនោះកំពុងធ្វើទេ ប៉ុន្ដែកម្ពុជា ត្រូវតែអនុវត្តផ្សេងពីគេ។
 
«នៅពេលយើងកំពុងអភិវឌ្ឍ ប្រទេសដទៃក៏អភិវឌ្ឍ។ លុះត្រាតែយើង អភិវឌ្ឍលឿនជាងពួកគេ។ យើង នឹងមិនអាចទាន់គេទេ ប្រសិនជាពួកគេអភិវឌ្ឍ ដូចនេះ យើងត្រូវតែពន្លឿន មានន័យថា យើងត្រូវតែដើរលឿនជាងការអភិវឌ្ឍរបស់ពួកគេ ដូចនេះ យើងនឹងដើរទាន់គេ។ ប្រសិនជាយើងគ្រាន់តែធ្វើតាមបទពិសោធន៍របស់ប្រទេសដទៃធ្លាប់ធ្វើ យើងនឹងមិនអាចតាមទាន់គេទេ ដូច្នេះ យើងត្រូវធ្វើនូវអ្វី ដែលផ្សេងពីគេ។ យើងព្យាយាមនាំយកអ្វី ដែលមិនមានប្រទេសណាក្នុងតំបន់អាស៊ានធ្លាប់ធ្វើ។»។ លោក Satoshi និយាយដូច្នេះ។
 
សម្រាប់ការប្រកួតលីគក្នុងរដូវកាលនេះ នាយកប្រតិបត្តិរូបនេះ បានបញ្ជាក់ពីគោលដៅសំខាន់ថា ដើម្បីការជួយកីឡាករត្រៀមសម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយក្រុមហ៊ុនលីគ មានគោលការឲ្យកីឡាករ ក្រោម២២ឆ្នាំ ចំនួនពីរនាក់ អាចបង្ហាញខ្លួនក្នុងពេលប្រកួត។ គោលការនេះ គឺជាការត្រៀមកីឡាករ ក៏ជាការផ្ដល់បទពិសោធឲ្យកីឡាករ ក្រោម២២ឆ្នាំ តាមក្លិបអាជីពមួយចំនួន បានបង្ហាញពីសមត្ថភាពរបស់ពួកគេ។
 
ការប្រកួតពានរង្វាន់ Cambodian Premier League និងលីគ២ បានមកដលចុងរដូវកាលហើយ ដោយក្របខ័ណ្ឌលីគកំពូលឈានដល់វគ្គប្រកួត ខ្វែង៤ក្រុម ដែលមានពិន្ទុច្រើន ខណៈលីគ២ ត្រូវប្រកួតបញ្ចប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។ 
 
ចំពោះគម្រោងសម្រាប់រដូវក្រោយយ៉ាងណានោះ លោក Satoshi  ដែលជាអ្នករដ្ឋបាលកីឡាដ៏មានបទពិសោធន៍ជាអន្តរជាតិ លើជំនាញយុទ្ធសាស្ត្រទីផ្សារ និងសិទ្ធិពាណិជ្ជកម្ម ជាមួយបណ្តាក្រុមហ៊ុន អ្នកផ្សព្វផ្សាយ និងភ្នាក់ងារធំៗ បានបញ្ជាក់ថា នឹងពន្លឿនការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ដើម្បីឲ្យឈានទៅដល់កម្រិតស្ដង់ដារមួយ ដែលល្អ និងមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ៕
 

Tag:
 បាល់ទាត់
  Satoshi Saito
  Cambodian Premier League
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com