កីឡាជាតិ
ជាតិ
បិទតារាងបាល់ទះ៖ សហព័ន្ធ គាំទ្រឱ្យបិទតារាងភ្នាល់លុយច្រើន ប៉ុន្តែគួរលើកលែងករណីតូចតាច
27, Oct 2022 , 12:59 pm        
រូបភាព
សកម្មបញ្ជាការដ្ឋានស្រុកសាមគ្គីមានជ័យ ចុះបង្រ្កាបការតារាងបាល់ទះ មួយកន្លែង ដែលភ្នាល់រហូតជិតដល់ពាន់ដុល្លារ។ រូបពីហ្វេសប៊ុក
សកម្មបញ្ជាការដ្ឋានស្រុកសាមគ្គីមានជ័យ ចុះបង្រ្កាបការតារាងបាល់ទះ មួយកន្លែង ដែលភ្នាល់រហូតជិតដល់ពាន់ដុល្លារ។ រូបពីហ្វេសប៊ុក
ដោយ:
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បកស្រាយជុំវិញបញ្ហា«ការបិទតារាងបាល់ទះមួយកន្លែងនៅខេត្តកំពង់ឆ្នាំង» ថាដោយសារពាក់ព័ន្ធនឹងការលេងភ្នាល់លុយធំរាប់ពាន់ដុល្លារ ដែលជាលក្ខណៈប្រព្រឹត្តបទល្បែងស៊ីសង។ ក្នុងករណីនេះ លោក សិរីពិសិដ្ឋ គាំទ្រឱ្យបិទតារាង ឬក្លិបបាល់ទះណាមានការភ្លាល់ច្រើន តែក្នុងកម្រិតតិចតួចគួរលើកលែង។

 
ទាក់ទិននឹងការបិទតារាងបាល់ទះមួយកន្លែងនៅខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៦ ខែតុលា ថ្មីៗនេះមានបណ្តាមហាជនជាច្រើនលើកឡើងដោយមតិប្រយោលថាការបិទនោះប៉ះពាល់ដល់វិស័យកីឡាបាល់ទះ និងជាការជាន់ពន្លិចដល់វិស័យកីឡាបាល់ទះដែលលេងត្រឹមដាក់ទឹកសុទ្ធ និងបែកញើសដើម្បីសុខភាព។
 
អ្នកខ្លះទៀតលើកឡើងជាបទវិភាគថាការលេងបាល់ទះចាក់លុយតិចតួចវាមិនមែនជាល្បែងស៊ីសងនោះទេ។ រដ្ឋបាលស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី២៧ ខែតុលា បានចេញលិខិតបំភ្លឺព័ត៌មាន ទាក់ទងនឹងមហាជនបញ្ចេញមតិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ចំណាត់ការនៅតារាងបាល់ទះមួយកន្លែងស្ថិតនៅភូមិ មានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គឺបិទព្រោះមានការភ្នាល់ប្រាក់រហូតជិតដល់ពាន់ដុល្លារ។ គណៈបញ្ជាការរដ្ឋបាលស្រុកពុំមានការហាមឃាត់នោះទេចំពោះការលេងដើម្បីសុខភាព មានតែការលើកស្ទួយបន្ថែម។
 
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានពន្យល់បន្ថែមអំពីបញ្ហានៃការបិទអាជីវកម្ម(តារាងបាល់ទះជនបទ)ដែលលេងភ្នាល់ដាក់លុយរហូតដល់ជិតពាន់ដុល្លារនោះផងដែរ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២៧ ខែតុលា តាមទូរសព្ទថា ការលេងដើម្បីសុខភាពមិនមានការហាមឃាត់ឡើយ តែហាមដាច់ខាតចំពោះការភ្នាល់ល្បែងស៊ីសង ដែលក្នុងទំហំលុយច្រើនៗ។
 
«គោលនយោបាយឃុំសង្កាត់មានសុវត្ថិភាពគឺល្បែងស៊ីសងមិនអាចមានបានទេ។ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំសហព័ន្ធបានចុះណែនាំនៅតាមតារាងបាល់ ដែលយើងចង់ដឹងថាគាត់មានបង្កប់នៅល្បែងស៊ីសង»។ នេះជាការបញ្ជាក់របស់អគ្គលេខាធិការ មុនបន្ថែមថា តារាងបាល់ខ្លះ មានបង្កប់ល្បែងស៊ីសង និងភ្លាល់ដល់រាប់លានរៀងគួរត្រូវបិទ ប៉ុន្តែបើគ្រាន់តែដាក់ទឹក មិនចាត់ទុកជាល្បែងស៊ីសងទេ គឺគ្រាន់តែជាការកម្សាន្តប៉ុណ្ណោះ។
លោក អាំង សិរីពិសិដ្ឋ បានបន្តថា៖«ពេលខ្លះគាត់បើកជាតារាងបាល់ ឬក៏ជាកីឡាផ្សេងៗប៉ុន្តែធាតុពិតនៅខាងក្នុងមានបង្កប់ល្បែងស៊ីសងរួចជាស្រេចហើយ។ មែនទែនទៅបើគ្រាន់តែភ្នាល់ដាក់ទឹក វាគ្រាន់ជាការកម្សាន្តប៉ុណ្ណោះ ប៉ុន្តែតារាងខ្លះតាមដែលការសង្កេតមានការភ្នាល់រហូតដល់រាប់លានរៀលក៏មានដែរ ខ្ញុំជឿជាក់ថាយើងមិនមានការតឹងរ៉ឹងត្បិតត្បៀតដល់ថ្នាក់ហ្នឹងទេ»៕
 

Tag:
 កីឡាបាល់ទះ
© រក្សាសិទ្ធិដោយ thmeythmey.com