កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
នួន សូរិយា ៖កីឡាករប្រដាល់ ត្រូវដាក់គោលដៅបង្កើតភាពល្បីល្បាញសម្រាប់ខ្លួនឯង ទើបជួយអភិវឌ្ឍន៍វិស័យនេះបាន
28, Oct 2022 , 8:59 am        
រូបភាព
 អតីតកីឡាករប្រដាល់ រហស្សនាមខ្លាចាស់កំពូលល្បិច នួន សូរិយា ។ រូបកាលពីអំឡុងឆ្នាំ ២០១២
អតីតកីឡាករប្រដាល់ រហស្សនាមខ្លាចាស់កំពូលល្បិច នួន សូរិយា ។ រូបកាលពីអំឡុងឆ្នាំ ២០១២
ភ្នំពេញ៖ អតីតកីឡាករប្រដាល់ល្បីល្បាញមួយរូប លោក នួន សូរិយា ជំរុញឱ្យកីឡាករជំនាន់ក្រោយ ដាក់គោលដៅ និងផែនការឱ្យបានខ្ពស់សម្រាប់ខ្លួនឯង ទើបអាចជួយអភិវឌ្ឍន៍ និងទ្រទ្រង់វិស័យកីឡាគុនខ្មែរ ឱ្យមានការរីកចម្រើន។



ក្រោយបញ្ចប់អាជីពប្រដាល់ នៅអំឡុងឆ្នាំ២០១៥ កីឡាកររហ័សនាម ខ្លាចាស់កំពូលល្បិច នួន សូរិយា បានទៅរស់នៅលើទឹកដីអាម៉េរិក ក្នុងគោលបំណងផ្សព្វផ្សាយពីគុនខ្មែរ។ ប៉ុន្តែបច្ចុប្បន្ននេះ លោក ឃ្លាតឆ្ងាយពីការងារផ្សព្វផ្សាយនេះបន្តិច ដោយសាររវល់នឹងការងារជាអ្នកធ្វើនំដូណាត់ ឱ្យហាង The Donuttery ក្នុងទីក្រុង ឡុងប៊ិច នៃរដ្ឋកាលីហ្វ័ញ៉ា ។


   លោក នួន សូរិយា ធ្វើនំដូណាត់ នៅហាង The Donuttery ក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា អាម៉េរិក





 
ឃ្លាតឆ្ងាយពីអាជីពប្រដាល់បន្ដិចមែន ប៉ុន្តែកីឡាករជើងចាស់រូបនេះ នៅបន្តតាមដានវិស័យប្រដាល់ជានិច្ច។ អតីតកីឡាករប្រដាល់ វ័យ៤២ឆ្នាំរូបនេះ មើលឃើញថា កីឡាករកម្ពុជា បច្ចុប្បន្ន សម្បូរក្មេងៗ មានសមត្ថភាពច្រើន ប៉ុន្តែត្រូវការលត់ដំ និងហ្វឹកហាត់បច្ចេកទេសខ្លាំង។
 
បើតាមលោក នួន សូរិយា កីឡាករទាំងអស់ត្រូវមានគោលដៅកំណត់ខ្លួនឯង ឱ្យក្លាយទៅជាកីឡាករខ្លាំង និងមានភាពល្បីល្បាញ តំណាងឱ្យកម្ពុជា ទើបអាចជួយអភិវឌ្ឍន៍ និងទ្រទ្រង់វិស័យមួយនេះបាន។ ការដាក់ផែនការ និងឆន្ទៈបែបនេះ គឺកីឡាករជើងចាស់រូបនេះ ចង់សំដៅលើការខិតខំប្រឹងប្រែងហ្វឹកហាត់ គោរពវិន័យជាធំ និងចៀសឱ្យផុតពីការប្រើប្រាស់គ្រឿងស្រវឹង។
 
បើកីឡាករទាំងអស់ អាចធ្វើបានបែបនេះ នោះពួកគេនឹងអាចកសាងខ្លួនឯង ទៅជាកីឡាករល្បីឈ្មោះ ក្នុងវិស័យមួយនេះ។ ខ្លាចាស់កំពូលល្បិចរូបនេះ បានបន្ថែមថា ៖«សំខាន់បំផុតគឺខ្លួនឯង មិនសំខាន់អ្នកលើកទឹកចិត្តអីប៉ុន្មានទេ វាសំខាន់ដែរ តែវាសំខាន់បន្ទាប់ពីខ្លួនឯងទេ។ ខ្លួនឯងចង់ក្លាយជាអ្នកខ្លាំងអត់ ?ខ្លួនឯងចង់ក្លាយជាអ្នកល្បីអត់? បើចង់ខ្លួនឯងចង់ក្លាយជាអ្នកល្បី មិនចាំបាច់ទាល់តែមានអ្នកឧបត្ថម្ភទេ ។ ប៉ុន្តែបើមានអ្នកឧបត្ថម្ភក៏កាន់តែល្អ»។


 លោក នួន សូរិយា ធ្វើនំដូណាត់ នៅហាង The Donuttery ក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា អាម៉េរិក
 
ជាអតីតកីឡាករល្បីឈ្មោះមួយរូប នាដើមឆ្នាំ២០០០ នួន សូរិយា បានចែករំលែកបទសោធន៍ថា អំឡុងពេលប្រកបអាជីពប្រដាល់ លោកបានដាក់កាលវិភាគហ្វឹកហាត់ ៦ម៉ោងក្នុងមួយថ្ងៃ ដោយមានទាំងការរត់យកកម្លាំងសាច់ដុំជើង និងការហ្វឹកហាត់បច្ចេកទេស។ ជាពិសេសលោក ចំណាយពេលហ្វឹកហាត់ជាមួយកីឡាករប្រដាល់សកលអាជីព នៃក្រុមជម្រើសជាតិ។ បើតាមខ្លាចាស់កំពូលល្បិចរូបនេះ ការហាត់ជាមួយកីឡាករប្រដាល់សកល អាចជួយឱ្យរូបលោកមានភាពរហ័សរហួនក្នុងការគេចពីកណ្ដាប់ដៃ និងជើង គូប្រកួត ហើយក៏អាចឱ្យលោកអាចប្រើប្រាស់កណ្ដាប់ដៃវាយធ្ងន់ៗផងដែរ។
 
នួន​ សូរិយា​ ​កើត​នៅ​ថ្ងៃ​ទី​០៥​ ខែ​មករា​ ឆ្នាំ១៩៨០​ នៅ​ជំរំសាយធូ។ បន្ទាប់​មក​លោក​បាន​មក​រស់​នៅ​ជា​មួយ​ក្រុម​គ្រួសារ​នៅ​ខេត្ត​កំពង់ចាម។ សូរិយា ប្រកបអាជីពប្រដាល់ចាប់ពីឆ្នាំ១៩៩៦ ដល់ដើមឆ្នាំ២០១៥ ដោយចូលរួមប្រកួតជាង៨០លើក ចាញ់១៣លើក និងស្មើ២លើក។ មុនពេលបញ្ចប់អាជីពនេះ សូរិយា​ ធ្លាប់​គ្រង​បាន​ខ្សែក្រវាត់៤​ខ្សែ​រួមមាន​ ខ្សែក្រវាត់​ស៊ីម៉ង់ត៍​ខ្លា​ ខ្សែក្រវាត់​ខារ៉ាបាវ​ និង​ខ្សែក្រវាត់​អន្តរជាតិ​ចំនួន២៕


 លោក នួន សូរិយា ធ្វើនំដូណាត់ នៅហាង The Donuttery ក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា អាម៉េរិក
 

Tag:
 នួន សូរីយា
  កីឡាប្រដាល់
  គុនខ្មែរ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com