ជាតិ
អត្ថបទពាណិជ្ជកម្ម
អេសស៊ីជី (SCG) មានមោទនភាព​ក្នុងការ​ជួយឧបត្ថម្ភគាំទ្រ​ដល់​កម្មវិធីប្រកួតជំនាញថ្នាក់ជាតិ​របស់​ កម្ពុជា
28, Oct 2022 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
អេសស៊ីជី (SCG) បានចូលរួមជាមួយបណ្ដាស្ថាប័ន​ជាច្រើនទៀត ក្នុងការឧបត្ថម្ភគាំទ្រកម្មវិធី ប្រកួតជំនាញថ្នាក់​ជាតិលើកទី៨ របស់កម្ពុជា ដែលរៀបចំឡើងនៅសួនអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិត​នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ។
 
កម្មវិធីប្រកួតជំនាញថ្នាក់​ជាតិលើកទី៨នេះ​បានចាប់ផ្ដើមកាលពីថ្ងៃទី ២៤ ហើយនឹង​បន្តរហូតដល់ថ្ងៃទី ២៨ តុលា ដែលមានរយៈពេលប្រាំថ្ងៃជាប់គ្នា ។
 
កម្មវិធីប្រកួតជំនាញថ្នាក់​ជាតិ ត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្ដង ហើយ​ការ​ប្រកួត​ក្នុងឆ្នាំនេះ មានការចូលរួមពីបេក្ខជនចំនួន ៦១ រូប ដើម្បីប្រជែង​យកតំណែងជើងឯក។ 
 
បេក្ខជនទាំងអស់នោះ មកពីគ្រឹះស្ថានបណ្ដុះបណ្ដាលចំនួន ១៣ ដែលផ្ដល់ការ​បណ្ដុះបណ្ដាលបច្ចេកទេស​ និង​វិជ្ជាជីវៈដល់យុវជន​កម្ពុជា ដែលក្នុងនោះរួមមាន វិទ្យាស្ថានអភិវឌ្ឍន៍មុខ​ជំនាញកម្ពុជា-ថៃ អង្គការ PSE សាលាដុនបូស្កូ និង​គ្រឹះស្ថានផ្សេងទៀត ។ 
 
កម្មវិធីប្រកួតនេះ ផ្ដោតលើ​មុខជំនាញ​ជា​ច្រើន​រួមមាន ជំនាញត​បណ្ដាញអគ្គិសនី ជំនាញ​សរ​សេរ​កម្មវិធី​កុំព្យូទ័រ​ធុរកិច្ច​ ជំនាញ​រៀប​ឥដ្ឋ និងជំនាញរៀបការ៉ូជាដើម។ 

 
 
ក្នុងឱកាស​អញ្ជើញជា​អធិបតី​ក្នុងពិធីបើកនោះ ឯកឧត្តម បណ្ឌិត​ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ​ប្រចាំការ​ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា៖ “គោលបំណងនៃការ​រៀបចំឲ្យមានការ​ប្រកួត​ប្រជែងជំនាញ នេះ គឺដើម្បីផ្ដល់នូវវេទិកា​មួយ សម្រាប់​យុវជន សិស្ស-និស្សិត​ គ្រូបង្រៀន ទីផ្សារ​ការងារ​ ​ឧស្សាហកម្ម ឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើនទំនាក់ទំនង មិត្តភាព សហប្រតិបត្តិការ ការ​ផ្លាស់ប្ដូរជំនាញ និងលើកកម្ពស់ការអប់រំ បណ្ដុះបណ្ដាល បច្ចេកទេស​ និងវិជ្ជាជីវៈរបស់កម្ពុជា”។
 
ក្រុមហ៊ុន អេសស៊ីជី បានឲ្យដឹងថា ការឧបត្ថម្ភដល់កម្មវិធី​ប្រកួតប្រជែងបែបនេះ គឺមានគោលបំណងចូលរួមជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍ​ជំនាញរបស់​ កម្លាំងពលកម្មរបស់​ប្រទេស កម្ពុជាឲ្យ​កាន់តែមានជំនាញ និងផលិតភាពខ្លាំងជាងមុន ហើយទៅថ្ងៃអនាគត ពួកគេនឹង​អាចជួយជំរុញផលិតភាពរបស់ក្រុមហ៊ុនបាន នៅពេលដែលកម្លាំងពលកម្មជំនាញទាំងនោះចូលរួមធ្វើការ​បម្រើ​ឲ្យ​សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន។
 
ក្នុងកម្មវិធីប្រកួតជំនាញថ្នាក់ជាតិនេះ បេក្ខជន​ដែលឈ្នះបានមេដាយមាស​នឹង​ទទួលបានរង្វាន់លើកទឹកចិត្ជាទឹកប្រាក់ ៣ លានរៀន មេដាយប្រាក់ទទួលបាន ២ លានរៀន និងមេដាយសំរិទ្ធទទួលបាន ១ លានរៀល ។ បេក្ខជនជ័យលាភី ក៏មាន​ឱកាស​ទៅចូលរួមប្រកួតប្រជែងជំនាញ​នៅថ្នាក់តំបន់ និង​​សកល​លោក​ផងដែរ ។ 
 
ឯកឧត្តម បណ្ឌិត​ពេជ សោភ័ន មានប្រសាសន៍ថា កន្លងមកកម្ពុជា​ធ្លាប់បានចូលរួម​នៅ​ក្នុងការ​ប្រកួតជំនាញនៅ​ថ្នាក់អាស៊ានជា​ច្រើនលើកមកហើយ ហើយក៏បានឈ្នះមេដាយ​សម្រាប់ប្រទេស​ជាតិផងដែរ។ ឯកឧត្តម បណ្ឌិត បានបន្តថា ក្នុងឆ្នាំ ២០១៥  កម្ពុជាក៏បានចូលរួម​​ក្នុងការ​ប្រកួតជំនាញនៅ​ក្នុង​ប្រទេស​ចិន​ដោយបានឈ្នះមេដាយមាស​​សម្រាប់​វិញ្ញាសារ​ម៉ាស៊ីនស្វ័យប្រវត្តិកម្មថែមទៀតផង។ 

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com