កីឡាជាតិ
ជាតិ
Top 4 លីគ​កំពូល ចាប់ផ្តើមប្រកួតសន្សំពិន្ទុដើម្បីឆ្ពោះកាន់តំណែងជើងឯកឆ្នាំ២០២២
29, Oct 2022 , 7:59 am        
រូបភាព
រូបថតពី Cambodia Premier League
រូបថតពី Cambodia Premier League
 ព្រះខ័នរាជ​ស្វាយរៀង វិសាខា ភ្នំពេញក្រោន និង​បឹងកេត បន្ត​យុទ្ធនាការ​របស់ខ្លួ​ន​ដើម្បីប្រជែងជើងឯកពាន​រង្វាន់ខេមបូឌានព្រីមៀរលីគ​ឆ្នាំ២០២២។ ក្រុម Top 4 ទាំងនេះ ត្រូវប្រកួតគ្នាទៅវិញ​មក ដោយថ្ងៃសៅរ៍ ទី២៩ ខែ​តុលា នេះ បឹងកេតស្វាគមន៍ព្រះខ័នរាជស្វាយ​រៀង មុនពេល​ដែល ភ្នំពេញក្រោន តទល់ជាមួយភ្ញៀវ​ វិសាខា។

 
បឹងកេត vs ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេមបូឌាអ៊ែរវេ នៅម៉ោង​៣ និង៤៥នាទី
 
ព្រះខ័នរាជ​ស្វាយ​រៀង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សុំទោ​ស​ក្រុម​អ្នកគាំទ្រ​របស់ខ្លួនចំពោះ​ការ​ផ្លាស់ប្តូរទីលាន​ប្រកួត។ ដំបូងឡើយ ជំនួបគ្រោង​ធ្វើឡើងនៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ប៉ុន្តែ​ដោយសារ​មាន​ការរៀបចំពិធីបុណ្យអុំទូក​ក្នុងខេត្ត បឹង​កេត​ដែលជា​ក្រុមភ្ញៀវ​មិនអាច​មាន​កន្លែង​ស្នាក់នៅ​ត្រឹមត្រូវ ទើបក្លិបទាំងពីរព្រម​ព្រៀងគ្នា​ផ្លាស់ប្តូរទៅ​ប្រកួតនៅ​កីឡដ្ឋានខេមបូឌាអ៊ែរវេ​វិញ។



ព្រះខ័នរាជស្វាយរៀង ឈរលេខ១​លើ​តារាងដោយមាន​៤៦ពិន្ទុ កំពុង​បោះជំហាន​ដើម្បី​ក្លាយជា​ម្ចាស់ពាន​លីគ​កំពូលជាលើកទី៣ ខណៈពីររដូវកាល​ចុងក្រោយ បានត្រឹម​រង​តំណែងជើងឯក។ រីឯម្ចាស់ផ្ទះ​បឹងកេត ដែល​តោងជាប់តារាង Top 4 ដោយមាន​៣៥ពិន្ទុ ព្យាយាម​ដើម្បី​ឱកាស​លើកពាន​ជាលើកទី​៥។
 
នាជំនួប​៣លើកកន្លងមក ព្រះខ័នរាជស្វាយរៀង បាន​យកឈ្នះ២ប្រកួត និងស្មើគ្នា១ប្រកួត។ នៅទឹកដីស្វាយរៀងជើងទី១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ៤-០ ដោយខ្សែបម្រើ​កាណាដា Marcus Haber រកបាន​២គ្រាប់តែម្នាក់ឯង។ ឈាន​ដល់ជើងទី២ Haber នាំជ័យជម្នះ​សារជាថ្មីជាមួយនឹងលទ្ធផល ១-០ នៅទឹកដី​បឹងកេត។ 
 
លទ្ធផល​ស្មើ ២-២ បាន​កើតឡើងនៅជើងទី៣ ដោយ Haber និង សឿយ វិសាល រកបាន​ម្នាក់១គ្រាប់ឲ្យ​ស្វាយរៀង ខណៈ Sakari Tukiainen និង ម៉ាត់ នូរុណ រក​បាន​ម្នាក់១គ្រាប់ឲ្យ​បឹងកេត។
 
ភ្នំពេញក្រោន vs វិសាខា នៅកីឡដ្ឋាន ស្មាត អ.អេស.អិន នា​វេលាម៉ោង​៦ និង៣០នាទី
 
ក្រុមភ្ញៀវ​វិសាខា ស្ថិតនៅ​លេខ​២ដោយមាន​៤០ពិន្ទុ រីឯម្ចាស់ផ្ទះភ្នំពេញក្រោន​ស្ថិតនៅ​លេខ​៣ ដោយមាន​៣៦ពិន្ទុ។ ភ្នំពេញក្រោន​ជាម្ចាស់​ការពារ​តំណែងជើងឯក ខណៈវិសាខា តាំងចិត្ត​ដើម្បី​លើក​ពាន​ក្របខណ្ឌកំពូល​ជាលើកដំបូងក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន។



ក្រុមទាំង​ពីរ ផ្តើមនៅជើងទីមួយ ដោយលទ្ធផលគ្មានគ្រាប់បាល់បញ្ចូលទី មុនពេល​ដែល​វិសាខា បានយកឈ្នះ ៣-១ នៅជើងទីពីរ។ ឈាន​ដល់ជើងទីបី ពួក​គេបានបញ្ចប់​ក្នុងលទ្ធផលស្មើ ២-២។ 
 
បន្ថែមពី​លើនេះ វិសាខា មាន​ប្រៀប​ទាំង​ពីរ​ជើងលើភ្នំពេញ​ក្រោន​​ក្នុងការ​ប្រកួតពាន​រង្វាន់សម្តេច ហ៊ុន សែន ទាំងពីរជើង ជាមួយ​នឹង​លទ្ធផល ២-១ ដូចគ្នា។
 
ក្រុមដែលស្ថិតនៅក្រៅតំបន់ Top 4 រួមមាន ណាហ្គាវើលដ៍, កងយោធពលខេមរភូមិន្ទ, អង្គរថាយហ្គឺរ មិនមាន​ការ​ប្រកួតទៀតឡើយ ខណៈក្រុម​បាតតារាងគិរីវង់សុខសែនជ័យ រងចាំ​ការប្រកួត play-off ជាមួយ​ក្រុម​លេខ​៣ពីលីគ២ ដើម្បី​ប្រជែងកៅអីរក្សាខ្លួននៅក្របខណ្ឌកំពូល៕
 

Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com