កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក Honda ផ្តោតសំខាន់លើស៊ីហ្គេម ខណៈកីឡាករត្រូវពង្រឹងកាយសម្បទា និងបច្ចេកទេស
28, Oct 2022 , 5:29 pm        
រូបភាព
 លោក Keisuke Honda ក្នុងកិច្ចសំណេះសំណាល់ជាមួយអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ រូបពី Cambodian Premier League
លោក Keisuke Honda ក្នុងកិច្ចសំណេះសំណាល់ជាមួយអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ រូបពី Cambodian Premier League
 លោក Keisuke Honda អ្នកចាត់ការក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា មានផែនការណ៍ ២សំខាន់ដើម្បីត្រៀមសម្រាប់ក្រុមកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ផែនការ១ ពង្រឹងសមត្ថភាពកីឡាករ បច្ចេកទេស និងកាយសម្បទា និងទី២ ការជ្រើសរើសកីឡាករ អាយុលើស២២ឆ្នាំ ដែលមានសមត្ថភាព ដើម្បីជួយក្រុមប្រជែងមេដាយ។



លោក Keisuke Honda ចាត់ទុកការត្រៀមខ្លួនប្រកួតស៊ីហ្គេមរបស់ក្រុមជម្រើសជាតិកម្ពុជា គឺជារឿងសំខាន់។ លោកអះអាងបែបនេះ ក្នុងកិច្ចសំណេះណាលជាមួយអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី២៦ ខែតុលា នៅទីស្នាក់ការរបស់ Cambodian Premier League ដោយបញ្ជាក់ពីគម្រោងសំខាន់ៗ២យ៉ាង ដើម្បីត្រៀមស៊ីហ្គេម នាឆ្នាំ២០២៣។


លោក Keisuke Honda ក្នុងកិច្ចសំណេះសំណាល់ជាមួយអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ រូបពី Cambodian Premier League

ផែនការទី១នោះ គឺការហ្វឹកហាត់យុទ្ធសាស្ត្រ កាយសម្បទា និងបច្ចេកទេស។ សម្រាប់ការប្រកួតរបស់ក្រុមជម្រើសជាតិកន្លងមក គ្រូបង្វឹករូបនេះ ព្យាយាមផ្លាស់ប្ដូរកីឡាករច្រើន រួមទាំងការតេស្ដកីឡាករ និងប្តូរទម្រង់ប្រកួតផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យក្រុមជម្រើសជាតិសម្រេចលទ្ធផលល្អ។

ក្នុងការតេស្ដកីឡាករប៉ុន្មានប្រកួតចុងក្រោយនេះ លោក Honda បានអនុវត្តទៅលើតេស្ដ IFT 31-15 ដែលជាការតេស្ដល្បឿនអំណត់ និងកម្លាំងរបស់កីឡាករ។ ប៉ុន្ដែលទ្ធផលទាំងនោះ នៅតែមិនទទួលបានលទ្ធផលគាប់ប្រសើរនោះទេ ដែលនាំឱ្យមានមតិរិះគន់ច្រើន។

ជាមួយគ្នានេះដែរ កីឡាករ ដែលមានវ័យលើសពី២២ឆ្នាំ មានបទពិសោធន៍ច្រើនក្នុងក្រុមជម្រើសជាតិ អាចនឹងត្រូវកោះហៅឲ្យចូលក្នុងក្រុមបាល់ទាត់សម្រាប់ស៊ីហ្គេម។ ការកោះហៅនេះ គឺជាផែនការទី២ របស់អ្នកចាត់ការទូទៅសញ្ជាតិជប៉ុន ដែលបានលើកឡើងក្នុងកិច្ចសំណេះសំណាលនោះ។

«ការប្រកួតស៊ីហ្គេម គឺសំខាន់ណាស់សម្រាប់យើង។ យើង នឹងព្យាយាមដើម្បីទទួលបានលទ្ធផលល្អ។ យើងគ្រប់គ្នា ត្រូវយល់ពីការប្រកួតប្រជែងដ៏លំបាកនេះ។ ប៉ុន្ដែ ខ្ញុំនៅតែគិតថា យើងអាចធ្វើបាន បើទោះជាត្រូវប្រកួតជាមួយ វៀតណាម និងថៃ បើទោះជាសង្ឃឹមមានភាគរយតិចតួចក៏ដោយ។ ជាការពិតណាស់ អ្វីៗទាំងអស់ គឺអាចទៅរួច។»។ អ្នកចាត់ការវ័យ ៣៦ឆ្នាំរូបនេះ បានប្រាប់ដូច្នេះ។
ជាមួយនិងការបញ្ជាក់ពីការត្រៀមខ្លួននេះដែរ លោក Honda ក៏បង្ហាញពីការមិនគាំទ្រចំពោះមតិមួយចំនួន ដែលរិះគន់ថាបាល់ទាត់កម្ពុជា មិនមានភាពរីកចម្រើន។ អតីតសមាជិកក្រុមជម្រើសជាតិជប៉ុនរូបនេះ បាននិយាយដូច្នេះថា៖« ខ្ញុំ មិនបានយល់ថាកម្ពុជា មិនមានការអភិវឌ្ឍទេ។ នេះ ប្រហែលជាពួកគេ អភិវឌ្ឍលឿនជាងយើង។ យើង អភិវឌ្ឍម្ដងបន្ដិចៗហើយ ប៉ុន្ដែយើងត្រូវមើលទៅលើការអភិវឌ្ឍរបស់ប្រទេសជិតខាង។ ពេលយើង និយាយពីពាក្យថាការអភិវឌ្ឍ ​យើងមើលរំលងលើការអភិវឌ្ឍរបស់ប្រទេសដ៏ទៃ។»។

ទាក់ទងទៅលើការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា អ្នកចាត់ការសញ្ជាតិជប៉ុនរូបនេះ ទំនងជាបង្ហាញថាវិស័យកីឡាមួយនេះ នឹងអាចអភិវឌ្ឍលឿនជាងប្រទេសជិតខាងដូចជា ថៃ និងវៀតណាម ដែលមានកម្រិតខ្ពស់ជាងកម្ពុជា ប្រសិនជាមានការវិនិយោគទន់ច្រើនពីស្ថាប័នឯកជន និងស្ថាប័នពាក់ព័ន្ធដទៃ។

«ប្រទេសវៀតណាម ធ្វើវិនិយោគទុនជាច្រើន ច្រើនជាងកម្ពុជាទៅទៀត។ ប្រសិនជាយើង ចង់ឈានទៅកម្រិតដូចគេ យើងត្រូវធ្វើវិនិយោគច្រើនជាងនេះ។ យើង ត្រូវផ្លាស់ប្ដូឲ្យបានច្រើន។ ឥឡូវយើង ចាញ់ពេលប្រកួតជាមួយពួកគេ។ ជាសំនួររបស់ខ្ញុំ តើយើងត្រូវធ្វើបែបណា​ ទើបអភិវឌ្ឍលឿនជាងគេ?»។ អ្នកចាត់ការជម្រើសជាតិកម្ពុជា បានប្រាប់ និងចោទជាសំនួរដូច្នេះ។
លោក Honda ក៏បានប្រាប់ឲ្យអ្នកគាំទ្រ និងអ្នកដែលចូលរួមអភិវឌ្ឍកីឡាបាល់ទាត់កម្ពុជា អត់ធ្មត់ ព្រោះកីឡាមួយនេះ ត្រូវការពេលវេលាដើម្បីរីកចម្រើន បើទោះជាអ្នកគាំទ្រមួយចំនួនទាំងក្នុង និងក្រៅប្រទេសពិតជាចង់បានលទ្ធផលឈ្នះ ឬលទ្ធផលណាគាប់ប្រសើរ តែមិនអាចបានភ្លាមៗ ដូចអ្វីដែលត្រូវការនោះទេ។

លោក Keisuke Honda បន្ថែមដូច្នេះថា៖«ជាការពិត យើងមិនអាចផ្លាស់ប្ដូរក្រុមយើងឲ្យល្អជាងគេបានភ្លាមៗនោះទេ។ ប្រសិនជាយើង ចង់បានលទ្ធផលល្អភ្លាមៗ។ ចំពោះយុទ្ធសាស្ត្រ ប៉ុន្មានប្រកួតចុងក្រោយ មានការប្ដូរជាញឹកញាប់។ យើង មិនអាចផ្លាសប្ដូរ ឲ្យកម្ពុជា ទៅជាក្រុមខ្លាំងមួយភ្លាមៗបានទេ។ យើង ខិតខំ ប្រទេសផ្សេងៗ ក៏ខិតខំដូចគ្នាដែរ។»។

គួរបញ្ជាក់ថា លោក Keisuke Honda បានមកដឹកនាំកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៨ ដោយដឹកនាំឈុតធំកម្ពុជា បាន៣០ប្រកួត ក្នុងនោះឈ្នះ៧ ស្មើ៤ និងចាញ់១៩។ ៣០ប្រកួតនោះ មានកីឡាករចំនួន ៦៣រូបធ្លាប់ចូលរួមជាមួយក្រុមជម្រើសជាតិ។ អ្នកចាត់ការក្រុមជម្រើសជាតិរូបនេះ នឹងផុតកិច្ចសន្យានៅពាក់កណ្ដាលឆ្នាំ២០២៣។ ចំពោះការបន្ដកិច្ចសន្យា ឬចូលរួមជួយវិស័យបាល់ទាត់កម្ពុជាបែបណានោះ លោក Keisuke Honda មិនទាន់បានបញ្ជាក់បានទេ៕

Tag:
 បាល់ទាត់
  Keisuke Honda
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com