កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក អាំងសិរីពិសិដ្ឋ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា ស្វាគមន៍អត្តពលិកមានសមត្ថភាព ពីក្រៅប្រទេស
28, Oct 2022 , 5:59 pm        
រូបភាព
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងកិច្ចប្រជុំចុះអនុសារណៈយោគយល់ជាមួយសមាគមកីឡាកម្ពុជា-អាម៉េរិក តាមរយៈហ្ស៊ូម។ រូបពី VFC
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងកិច្ចប្រជុំចុះអនុសារណៈយោគយល់ជាមួយសមាគមកីឡាកម្ពុជា-អាម៉េរិក តាមរយៈហ្ស៊ូម។ រូបពី VFC
ដោយ:
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ស្វាគមន៍រាល់អត្តពលិកមានសមត្ថភាពពីក្រៅប្រទេស ដើម្បីជួយអភិវឌ្ឍវិស័យកីឡាករបាល់ទះកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ លោក សិរីពិសិដ្ឋ និយាយដូច្នេះក្រោយបញ្ចប់ពិធីចុះអនុសារណៈយោគយល់គ្នា ជាមួយសមាគមកីឡាកម្ពុជា-អាម៉េរិក នៅថ្ងៃទី២៨ ខែតុលា នាទីស្នាក់សហព័ន្ធកីឡាបាល់ទះកម្ពុជា។



សហព័ន្ធកីឡាបាល់ទះកម្ពុជា នៅថ្ងៃទី២៨ ខែតុលា នេះបានបើកកិច្ចប្រជុំមួយទាក់ទងនឹងការចុះអនុសារណៈយោគយល់(MOU) ជាមួយសមាគមកីឡាកម្ពុជា-អាម៉េរិក តាមប្រព័ន្ធបណ្តាញហ្ស៊ូម(Zoom) ដែលដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។

លោក សិរីពិសិដ្ឋ លើកឡើងថា៖«ពាក់ព័ន្ធទៅលើវិញ្ញាសាឆ្នេរខ្សាច់ ខ្ញុំជឿជាក់ថាបងប្អូនជនរួមជាតិអាចនឹងជ្រាបហើយកីឡាករ-កីឡាការិនីឆ្នេរខ្សាច់នៅកម្ពុជាយើងគឺមិនដែលមានទេ។ អ៊ីចឹង! យើងបានសំណូមពរទៅកាន់បណ្តាអត្តពលិកមិនត្រឹមតែនៅអាម៉េរិកទេ ប្រទេសណាក៏ដោយ ឱ្យតែចង់ចូលរួមជាមួយកម្ពុជា គឺយើងស្វាគមន៍ជានិច្ច ក្នុងករណីដែលមានទេព្យកោសលគ្រប់គ្រាន់»។

លោកអគ្គលេខាធិការបានបញ្ជាក់ថា គោលបំណងដែលបង្កើតឱ្យមានពិធីចុះអនុសារណៈ MOU រវាងកម្ពុជា និងសមាគមកីឡាអាម៉េរិក គឺចង់ឱ្យអត្តពលិកកីឡាបាល់ទះក្នុងសាល និងឆ្នេរខ្សាច់ដែលមានសមត្ថភាពពីក្រៅប្រទេស អាចចូលរួមប្រកួតដើម្បីកម្ពុជាបាន។ យ៉ាងណាលោក អាំង សិរីពិសិដ្ឋ ជឿជាក់ថាពិធីចុះអនុសារណៈនេះនឹងធ្វើឱ្យវិស័យកីឡាបាល់ទះកម្ពុជា ទាំងពីរវិញ្ញាសាមានសន្ទស្សន៍ទៅកាន់សកលលោកនាពេលខាងមុខ។

Tag:
 កីឡាបាល់ទះ
 លោក អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com