កីឡាជាតិ
ជាតិ
លោក អាំង សិរីពិសិដ្ឋ៖ ករណីបិទតារាងបាល់ទះនៅកំពង់ឆ្នាំ អាជ្ញាធរពុំគួររុះរើតារាងលឿនពេកទេ
29, Oct 2022 , 11:29 am        
រូបភាព
សកម្មភាពមន្រ្តីអាជ្ញាធរក្នុងស្រុកសាមគ្គីមានជ័យ_ ចុះរុះរើតារាងបាល់ទះ នៅចំនុចភូមិន មានកកើតែ ខេត្តកំពង់ឆ្នាំង។ រូបពី Facebook
សកម្មភាពមន្រ្តីអាជ្ញាធរក្នុងស្រុកសាមគ្គីមានជ័យ_ ចុះរុះរើតារាងបាល់ទះ នៅចំនុចភូមិន មានកកើតែ ខេត្តកំពង់ឆ្នាំង។ រូបពី Facebook
ដោយ:
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បង្ហាញញអារម្មណ៍ស្ទាក់ស្ទើរលើការគាំទ្រចំណាត់ការរបស់អាជ្ញាធរដែលចុះរុះរើតារាងបាល់ទះមួយកន្លែងនៅខេត្តកំពង់ឆ្នាំង។ លោកសិរីពិសិដ្ឋ លើកឡើងដូច្នេះបន្ទាប់ពីបញ្ជាការដ្ឋានស្រុកសាមគ្គីមានជ័យ បានចុះបិទតារាងបាល់ទះ កាលពីថ្ងៃទី២៦ ខែតុលា។

 
«ពាក់ព័ន្ធទៅនឹងល្បែងស៊ីសងកម្រិតណា ដែលយើងត្រូវដឹងថាហាមឃាត់ទាំងស្រុង និងកម្រិតណាយើងគួរតែអប់រំ។ ជាក់ស្តែងក្នុងប្រទេសកម្ពុជារបស់យើងវិស័យបាល់ទះគឺគ្រប់កន្លែង ហើយភាគច្រើនការលេងបាល់ទះប្រសិនបើគ្មានការភ្នាល់ដាក់ទឹកសុទ្ធប្រហែលជាអត់ប្រឹងទេ»។ លោក អាំង សិរីពិសិដ្ឋ លើកឡើងដូច្នេះក្រោយបញ្ចប់កិច្ចប្រជុំពិធីចុះអនុសារណៈយោគយល់ជាមួយសាមាគមកីឡាកម្ពុជា-អាម៉េរិក នៅថ្ងៃទី២៨ ខែតុលា។
 
ទន្ទឹមនឹងនោះដែរតាមការសង្កេតរបស់សហព័ន្ធ ឃើញថាមានតារាងបាល់ទះមួយចំនួនពិតជាមានបង្កប់ល្បែងស៊ីសងពិតប្រាកដមែន ហើយប្រសិនអាជ្ញាធរមានចំណាត់ការក្នុងការហាមឃាត់គឺមិនខុសទេ ស្របពេលសហព័ន្ធក៏មិនគាំទ្រឱ្យមានល្បែងស៊ីសងដែរ។ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាមើលឃើញភាពផ្ទុយថា ប្រសិនតែការលេងដាក់ត្រឹមទឹកសុទ្ធ និងសុខភាពល្អនោះគួរមានការយោគយល់។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។
លោក សិរីពិសិដ្ឋ បន្តថា៖«ករណីសង្ស័យថាមានការភ្នាល់ដាក់លុយធំ ជំហានដំបូងយើងគួរមានកិច្ចសន្យាកុំឱ្យមានការបង្កើតល្បែងស៊ីសងនៅក្នុងតារាងបាល់ទះជាមុន មុនឈានទៅបិតទីតាំងនោះ។ ជាគោលជំហររបស់ខ្ញុំសូមឱ្យមានការថ្លឹងថ្លែង ថាជាករណីធំដុំ ឬតូចតាច»។
 
 អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា យល់ថាជុំវិញចំណាត់ការរបស់អាជ្ញាធរដែលចាត់វិធានការលឿនដោយចុះកាត់តារាងបាល់ទះភ្លាមៗ នៅខេត្តកំពង់ឆ្នាំ ដោយពុំមានសេចក្តីថ្លែងការណ៍ណាមួយជាជំហានដំបូងសិននោះ ពុំគួរកើតឡើងទេ។ អាជ្ញាធរត្រូវធ្វើការតាមប្រព័ន្ធរដ្ឋបាល ដោយចេញសេចក្តីប្រកាសព័ត៌មានជាមុនសិន មុននឹងឈានដល់ការបិទតារាងជាស្ថាពរ៕

Tag:
 កីឡាបាល់ទះ
 អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com