កីឡាជាតិ
ជាតិ
ជើងឯកយុវជនព្រឹទ្ធាចារ្យ ហែម ថុន៖ ដើម្បីរម្លឹកដល់ព្រឹទ្ធាចារ្យ ហែម ថុន និងបំផុសវិស័យកីឡាហែលទឹកដល់ក្មេងជំនាន់ក្រោយ
29, Oct 2022 , 4:29 pm        
រូបភាព
រាប់ពីឆ្វេងទី៤ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា និងអត្តពលិកហែលទឹក ដែលបានចូលរួមប្រកួតស៊ីហ្គេម
រាប់ពីឆ្វេងទី៤ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា និងអត្តពលិកហែលទឹក ដែលបានចូលរួមប្រកួតស៊ីហ្គេម
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បញ្ជាក់ប្រាប់ថា ការប្រកួតជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៥ ដើម្បីរលឹកដល់ព្រឹទ្ធាចារ្យ ហែម ថុន ដែលជាអ្នកបង្កើតសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោយរួចផុតសង្គ្រាមឆ្នាំ១៩៧៩។ លោក គិរី ដែលជាកូនប្រុសព្រឹទ្ធាចារ្យ ហែម ថុន ថាព្រឹត្តិកាណ៍នេះ ក៏ជាការបំផុសគំនិត និងផ្សព្វផ្សាយកីឡាហែលទឹកដល់អ្នកជំនាន់ក្រោយផងដែរ។



លោក ហែម គិរី បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា ការប្រកួតជើងឯកយុវជននេះ គឺរំលឹកដល់ការខិតខំប្រឹងប្រែងរបស់ព្រឹទ្ធាចារ្យ ហែម ថុន ដែលជាឪពុករបស់លោក ចំពោះការធ្វើឲ្យសហព័ន្ធបានដំណើរការសារជាថ្មីកាលពីឆ្នាំ១៩៨០។ កម្ពុជា ក្រោមភ្លើងសង្គ្រាម អស់រយៈពេល ៣ឆ្នាំ សហព័ន្ធខ្មែរកីឡាហែលទឹក បានបាត់បង់ទាំងស្រុង។
 
ព្រឹទ្ធាចារ្យ ហែម ថុ​ន ជាអតីតអគ្គ​លេខាធិការ​រង​នៃគណៈ​កម្មាធិការជាតិអូឡាំពិក​កម្ពុជា (NOCC) និង​ជា​អគ្គលេខាធិការ​សហព័ន្ធខ្មែរ​កីឡាហែលទឹក​ បាន​ទទួល​មរណភាព ​នា​កាលពីថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៥​ ក្នុងអាយុ​៧២​ឆ្នាំ ដោយសារ​បញ្ហា​ទឹក​ក្នុង​សួត។ បន្ទាប់មក លោក ហែម ថុ​ន គឺជា​អតីត​កីឡាករ​ហែល​ទឹក​ឆ្នើម ដែល​ធ្លាប់​ឈ្នះ​មេដាយ​អន្តរជាតិ​ចំនួន១២ រួមមាន​មាស១ ប្រាក់៦ និង​សំរឹទ្ធ៥ បានឡើងជាអគ្គលេខាធិការបន្ត។
 
លោក ហែម គិរី បានប្រាប់បន្ថែមថា ការប្រកួតនេះជាការផ្ដល់អាទិភាពដល់កុមារ និងយុវជន ដែលមានអាយុចាប់ពី១០ឆ្នាំឡើងដើម្បីចូលរួមប្រកួត ព្រោះមានគោលដៅបំផុស និងផ្សព្វផ្សាយពីវិស័យកីឡានេះ។ ម្យ៉ាងវិញទៀតជាការបើកភ្លើងខៀវ ដល់អ្នកដែលមានសមត្ថភាពបានចូលរួមហ្វឹកហាត់ជាមួយសហព័ន្ធ ហើយក៏ជាការបណ្ដុះបណ្ដាល និងជ្រើសរើសរកកីឡាករ និងកីឡាការិនីថ្នាល់ផងដែរ។ បន្ថែមលើសពីនេះទៀត ការប្រកួតនេះ ជាការផ្ដល់ឱកាសឲ្យកីឡាករ កីឡាការិនីវ័យក្មេងទាំងនោះទទួលបានបទពិសោធន៍ប្រកួតជាក់ស្ដែង។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៥ ឆ្នាំ២០២២ នឹងធ្វើទៅនាថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ បានបង្កើតឡើងចាបពីឆ្នាំ២០១៥ បន្ទាប់ពីលោកព្រឹទ្ធាចារ្យ ហែម ថុន បានទទួលមរណៈភាព ហើយត្រូវបានខកខានអស់រយៈពេល២ឆ្នាំ ដោយសារការរីករាលដាល នៃជំងឺកូវីដ ១៩៕
 

Tag:
 (កីឡាហែលទឹក
  ហែម គិរី
  ហែម ថុន)
© រក្សាសិទ្ធិដោយ thmeythmey.com