ការប្រកួតជម្រើសជើងឯកលីគ២ (Cambodian League 2) ឆ្នាំ២០០២ ឈានដល់ជំនួបចុងក្រោយនាថ្ងៃអាទិត្យ ទី៣០ ខែតុលា នេះ។ ជាជំនួបដ៏សំខាន់បំផុតសម្រាប់ក្រុមចំនួន៣ គឺអាយអេសអាយដង្កោសែនជ័យ, អគ្គិសនីកម្ពុជា និងនគរបាលជាតិ ដែលមាន៤៨ពិន្ទុដូចគ្នា ហើយមានឱកាសឈ្នះពានដូចគ្នា។
ជំនួបទាំង៦ប្រកួត នឹងប្រព្រឹត្តទៅនៅវេលាម៉ោង៣ និង៤៥នាទីដូចគ្នា។ ព្រៃវែងអេហ្វស៊ី ស្ថាគមន៍ ណិចស្តិបអេហ្វស៊ី, កោះកុងអេហ្វស៊ី ទទួល សាលាកីឡាបាល់ទាត់ជាតិ, អគ្គិសនីកម្ពុជា
តទល់ជាមួយភ្ញៀវ ខេត្តត្បូងឃ្មុំ, បន្ទាយមានជ័យអេហ្វស៊ី ទៅលេងក្នុងដី អាស៊ីអឺរ៉ុបយូណាយធីត, សូលទីឡូអង្គរ ប៉ះក្រុមក្នុងខេត្តតែមួយ គឺសៀមរាបអេហ្វស៊ី ខណៈ ម្ចាស់ផ្ទះ អាយ អេស អាយ ដង្កោរសែនជ័យ នឹងមានជំនួបដ៏ស្វិតស្វាញជាមួយនគរបាលជាតិ។
អាយ អេស អាយ ដង្កោសែនជ័យ ឈរចំណាត់ថ្នាក់លេខ១ មាន៤៨ពិន្ទុ តាមពីក្រោយដោយ អគ្គិសនីកម្ពុជា មាន៤៨ពិន្ទុ ស្មើគ្នាជាមួយ ក្រុមលេខ៣ នគរបាលជាតិ។ រីឯ កោះកុង អេហ្វស៊ី ឈរលេខ៤ មាន ៤៥ពិន្ទុ ចំណែក ព្រៃវែងអេហ្វស៊ី ឈរលេខ៥ មាន៤១ពិន្ទុ និងលេខ៦ អាស៊ីអឺរ៉ុបយូណាយធីត មាន៣៥ពិន្ទុ តាមពីក្រោយដោយ សូលទីឡូអង្គរ ឈរលេខ៧ មាន២៩ពិន្ទុ និងលេខ៨ សាលាកីឡាបាល់ទាត់ជាតិ មាន២០ពិន្ទុ តាមពីក្រោយដោយ ដោយត្បូងឃ្មុំ មានពិន្ទុ១៩ ស្មើគ្នាជា សៀមរាបអេហ្វស៊ី ឈរលេខ១០។ ចំណែក ណិចស្តិប លេខ១១ មាន៦ពិន្ទុ ស្មើគ្នាជាមួយ ក្រុមបន្ទាយមានជ័យអេហ្វស៊ី ឈរលេខ១២។
ផ្អែកតាមតារាងពិន្ទុ និងលទ្ធផល (Head to Head) កន្លងមក នគរបាលជាតិ អាចមានឱកាសក្លាយជាម្ចាស់ពានលីគ២ ក្នុងករណីពួកគេយកឈ្នះម្ចាស់ផ្ទះអាយ អេស អាយ ដង្កោសែនជ័យ។ សម្រាប់ ដង្កោសែនជ័យវិញ ឱកាសរបស់ពួកគេអាចកើតឡើង លុះត្រាតែពួកគេឈ្នះ ឬស្មើនគរបាលជាតិ ស្របពេលដែលអគ្គិសនី ស្មើ ឬចាញ់ត្បូងឃ្មុំ។ សម្រាប់អគ្គិសនីវិញ ពួកគេត្រូវឈ្នះត្បូងឃ្មុំ ហើយរំពឹងថា ដង្កោសែនជ័យ ឈ្នះឬស្មើនគរបាលជាតិ។
អាយ អេស អាយ ដង្កោសែនជ័យ បានបង្ហាញនូវសក្ដានុពលរបស់ខ្លួន ទាំងការប្រកួត និងទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុន CPL។ លោក Botiba bouyaloua Jean គ្រូបង្វឹករបស់ក្រុមអាយ អេស អាយ ដង្កោរសែនជ័យ ធ្លាប់បានប្រាប់សារព័ត៌មានថ្មីតាមទូរស័ព្ទថា ក្រុមខ្លួនមានបានតាំងចិត្តថា ត្រូវតែមកប្រកួតនៅក្របខ័ណ្ឌលីគកំពូលឲ្យបាន។
តាមគោលការណ៍របស់ក្រុមហ៊ុន CPL ក្រុមម្ចាស់ជើងឯក ឬជើងឯករង នឹងមិនអាចមកលេងនៅលីគកំពូលទេ ប្រសិនជាក្រុមទាំងនោះ មិនមានលក្ខខ័ណ្ឌគ្រប់គ្រាន់ឆ្លើយតបតម្រូវការរបស់ CPL។ លក្ខខ័ណ្ឌនោះ គឺ ក្រុមលីគ២ ដែលត្រូវឡើងមកប្រកួតនៅ CPL មិនត្រូវមានម្ចាស់ក្លិប ឬប្រធាន ដែលមានក្លិបរួចហើយនៅលីគកំពូលឡើយ។ នេះ មានន័យថាប្រធាន ឬម្ចាស់ក្លិប ត្រូវមានក្លិបតែមួយក្នុងលីគ ប្រសិនជាមាន២ គឺមិនត្រូវអនុញ្ញាតឲ្យចូលរួមប្រកួតទេ។
ចំណាត់ថ្នាក់ ត្រូវគិតពីខ្ពស់ទៅទាប ។ ក្នុងន័យនេះប្រសិនបើក្រុមលេខ១ មិនមានអាជ្ញាប័ណ្ណក្លិបពេញលេញទេ គឺបានទៅលេខ២ តែប្រសិនលេខ២ មិនមានទៀតនោះ ត្រូវធ្លាក់ទៅលេខ៣ ឬលេខ៤ ដែលមានឱកាសឡើងទៅលីគកំពូល។
ម្ចាស់ជើងឯក ត្រូវឡើងទៅលីគកំពូលដោយស្វ័យប្រវត្តិ ប្រសិនជាមានអាជ្ញាប័ណ្ណក្លិបគ្រប់គ្រាន់។ ដោយឡែក ចំណាត់ថ្នាក់លេខ៥ នៃលីគទី២ ត្រូវប្រកួតជម្រុះ ជាមួយក្រុមចំណាត់ថ្នាកលេខ៨ (គិរីវង់សុខសែនជ័យ) នៃលីគកំពូល ប្រសិនជាក្រុមលេខ៥ មានអាជ្ញាប័ណ្ណគ្រប់គ្រាន់ ហើយក្រុមលេខ ១, លេខ២, លេខ៣ និងលេខ៤ មិនមានគ្រប់គ្រាន់តាមតម្រូវការ CPL។ ប្រសិនជាក្រុមចំណាត់ថ្នាកលេខ១-៥ សុទ្ធតែមិនមានអាជ្ញាប័ណ្ណទេ នោះគឺជាការផ្ដល់ឲ្យក្រុមលេខ៨ នៃលីគកំពូល បន្ដការប្រកួតនៅ CPL ដដែល។
ចំពោះការគិតលើចំណាត់ថ្នាក់នេះ ករណីក្រុមចំណាត់ថ្នាក់លេខ១ ដល់លេខ៤ នៃលីគ២ មានតែមួយក្រុម បានបំពេញអាជ្ញាប័ណ្ណពេញលេញ នោះក្រុមចំណាត់ថ្នាក់លេខ៨ នៃលីគកំពូល ត្រូវកាត់ចេញ ដោយចូលប្រកួតក្នុងក្របខ័ណ្ឌលីគ២ ឆ្នាំ២០២៣-២០២៤ ដោយស្វ័យប្រវត្តិមិនមានការប្រកួតជម្រុះឡើយ។
ទីតាំងសម្រាប់រៀបកម្មវិធីបំពាក់មេដាយ និងប្រគល់ពានដល់ម្ចាស់ជ័យលាភី ជើងឯក គឺនៅផ្សារទំនើប K-Mall ដែលមានទីតាំនៅជាប់កីឡដ្ឋាន អេ.អាយ.អេ - ខេ.អឹម.អេច ផាក បន្ទាប់ពីបញ្ចប់ការប្រកួត៕