កីឡាជាតិ
ជាតិ
សៀង ចន្ធា អូសពីក្រោមស៊ុតបញ្ចូលទីជួយបឹងកេត ដណ្តើម៣ពិន្ទុពីព្រះខ័នរាជស្វាយរៀង សៀង ចន្ទា អបអរគ្រាប់បាល់ក្រោយស៊ុតបញ្ចូលទីជួយបឹងកេតឈ្នះព្រះខ័នរាជស្វាយរៀង។ រូបភាពពី CPL
× សៀង ចន្ធា សម្រេចគ្រាប់បាល់ជ័យជម្នះដ៏អស្ចារ្យដើម្បីជួយបឹងកេង តាមឈ្នះព្រះខ័នរាជស្វាយរៀង ២-១ ដោយការអូសបាល់ពីក្រោមតែម្នាក់ឯងរួចស៊ុតបញ្ចូលទី នាជំនួបវគ្គ៤ក្រុមចុងក្រោយជើងទី១ ពានរង្វាន់ខេមបូឌានព្រីមៀរលីគឆ្នាំ២០២២។ ភ្នំពេញក្រោន យកឈ្នះវិសាខា ៤-៣ នៅជើងទី១នេះដែរ។
នាជំនួបវគ្គ៤ក្រុមចុងក្រោយដែលធ្វើឡើងនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ថ្ងៃទី២៩ ខែតុលា ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀងជាអ្នករកបានគ្រាប់នាំមុខមុនដោយកីឡាករ Clyde O’Connell នៅនាទី៣៤។ លទ្ធផល ១-០ នេះរក្សារហូតបញ្ចប់វគ្គទី១ ចូលដល់វគ្គទី២ ក្រោយការប្រកួតដំណើរការបាន៩នាទី ខ្សែការពារបឹងកេតកីឡាករ Zabihi Taher Jahanbakhsh សម្រេចបានគ្រាប់បាល់តាមស្មើ មុនពេលខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ស៊ុតគ្រាប់ដ៏អស្ចារ្យនៅនាទី៦៥ ដើម្បីជួយបឹងកេតឈ្នះព្រះខ័នរាជស្វាយរៀង ២-១។ គ្រាប់បាល់របស់ចន្ធា ដែលកើតឡើងដោយរូបគេអូសពីក្រោមកាត់ខ្សែការពារខ័នរាជស្វាយរៀងដល់ទៅ៤រូបហើយទាត់បញ្ចូលទីនោះ មានភាគរយច្រើនជាប់ជាគ្រាប់បាល់ល្អបំផុតប្រចាំព្រឹត្តិការណ៍លីគកំពូលកម្ពុជារដូវកាល២០២២នេះ។
ដោយឡែកជំនួបវគ្គ៤ក្រុមចុងក្រោយជើងទី១មួយគូទៀត នៅកីឡដ្ឋាន RSN ម្ចាស់ផ្ទះភ្នំពេញក្រោន បានយកឈ្នះវិសាខាក្នុងលទ្ធផល ៤-៣។ ៤គ្រាប់របស់ភ្នំពេញក្រោនសម្រេចបានដោយ Fareed Sadat ពីរគ្រាប់ម្នាក់ឯង រួមជាមួយ លឹម ពិសុទ្ធ និង Rafael Andres Nieto Rondon។ ៣គ្រាប់របស់វិសាខា ធ្វើបានដោយ Costa Soares Paulo Victor ពីរគ្រាប់ម្នាក់ឯង និង Mirzaev Alisher Umidovich។
ក្រោយលទ្ធផលការប្រកួតលើកទី១ សម្រាប់បេក្ខភាព Top-4 រួចមក បានធ្វើឱ្យការប្រជែងពាន CPL ឆ្នាំ២០២២ កាន់តែស្វិតស្វាញដ្បិតមានពិន្ទុប្រដេញគ្នា ខណៈនៅសល់ការប្រកួត៥លើកក្នុងដៃទៀតដើម្បីដឹងថាក្រុមណាជាម្ចាស់ជើងឯក។
ទោះបរាជ័យជើងទី១ ប៉ុន្តែព្រះខ័នរាជស្វាយរៀង នៅតែបន្ដឈរកំពូលតារាងមាន៤៦ពិន្ទុដដែល តាមពីក្រោយដោយក្រុមវិសាខា ដែលរក្សា៤០ពិន្ទុ។ ដោយឡែក ក្រុមឈរលេខ៣ ភ្នំពេញក្រោនកើនដល់៣៩ពិន្ទុ ខណៈបឹងកេតដែលស្ថិតនៅលេខ៤ កើន៣៨ពិន្ទុ៕
Tag:
(Cambodian Premier League)
© រក្សាសិទ្ធិដោយ thmeythmey.com