កីឡាជាតិ
ជាតិ
វិសាខា លើកពានសម្តេចហ៊ុនសែន, អគ្គលេខាធិការថា សក្តានុពលកីឡាករបាល់ទះកម្ពុជាកាន់តែខ្លាំង
31, Oct 2022 , 10:39 am        
រូបភាព
សមាគមបាល់ទះវិសាខា គ្រងទទួលពានរង្វាន់បាល់ទះសម្តេច ហ៊ុន សែន ពីលោក នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។ រូបពី ស សុខា
សមាគមបាល់ទះវិសាខា គ្រងទទួលពានរង្វាន់បាល់ទះសម្តេច ហ៊ុន សែន ពីលោក នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។ រូបពី ស សុខា
ដោយ:
សមាគមបាល់ទះវិសាខា គ្រងដំណែងជើងឯកពានរង្វាន់កីឡាបាល់ទះសម្តេច ហ៊ុន សែន ឆ្នាំ២០២២ ជាលើកដំបូង បន្ទាប់ពីយកឈ្នះក្រសួងមហាផ្ទៃ ៣-០សិត នៅថ្ងៃទី៣០ ខែតុលា នាទីលានបាល់ទះក្នុងសាលព្រីនស៍។ ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅបញ្ជាការដ្ឋានអង្គរក្ស ក្រោយឈ្នះកងពលធំអន្តរាគមន៍លេខ៣ ៣-០សិតដូចគ្នា។

 
ក្នុងសិតទី១ សមាគមបាល់ទះវិសាខា នាំមុខក្រសួងមហាផ្ទៃ ២៥-១៧ ដោយស្ថានភាពតានតឹងជាមួយនឹងការប្រដេញពិន្ទុគ្នាទៅវិញទៅមកពិតជាគួរឱ្យចាប់អារម្មណ៍ ចូលដល់សិតទី២ វិសាខា នៅតែបន្តនាំយកជ័យជម្នះម្តងទៀតលើ មហាផ្ទៃ ដោយប្រដេញពិន្ទុដ៏សែនតឹងតែង ២៥-១៨ និងសិតទី៣ វិសាខា បញ្ចប់ដោយពិន្ទុ ២៥-១៧ លើកក្រសួងមហាផ្ទៃ។
 
បញ្ចប់ការប្រកួត សមាគមបាល់ទះវិសាខា គ្រងដំណែងជើងឯកពានរង្វាន់បាល់ទះ សម្តេច ហ៊ុន សែន ឆ្នាំ២០២២ ខណៈក្រសួងមហាផ្ទៃ បានត្រឹមដំណែងជើងឯករង ចំណែកបញ្ជាការដ្ឋានអង្គរក្ស ទទួលបានលេខ៣ បន្ទាប់ពីយកឈ្នះ កងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ៣-១សិត។
 
សម្រាប់ពានរង្វាន់កីឡាករល្អ ឯកត្តជន សួន ចាន់ណារ៉ូ ជាប់ជាអ្នកលើកល្អ វឿន វាសនា ជាកីឡាករល្អសម្រាប់ព្រឹត្តិការណ៍ពានសម្តេច ហ៊ុន សែន និងជាអ្នកធ្វើរនាំងបានល្អ មកពីសមាគមបាល់ទះវិសាខា ចំណែកកីឡាករវាយសេវាល្អ បានទៅ មឿន ម៉េងឡាយ និងអ្នកវាយផ្តាច់ល្អ ធី ម៉េងហួង មកពីក្រសួងមហាផ្ទៃ។
ក្រោយការប្រកួត លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា មើលឃើញគុណផលកីឡាករតាមបណ្តាក្លិបដែលបានចូលរួមមានការកើនឡើងគួរឱ្យកត់សម្គាល់។ 
«ក្រុមទាំង១១ ដែលបានចូលរួមសុទ្ធតែខ្លាំងទាំងអស់។ គុណផលកីឡាកររបស់យើងកើនឡើងជាលំដាប់»។ លោក សិរីពិសិដ្ឋ បន្ថែមដូច្នេះ។
 
ព្រឹត្តិការណ៍ពានរង្វាន់បាល់ទះសម្តេច ហ៊ុន សែន បានបិទបញ្ចប់ដោយជោគជ័យបន្ទាប់ពីក្រុមទាំង១១ មកពីបណ្តាខេត្ត និងរាជធានីបានបើកការប្រកួតប្រជែងគ្នាអស់រយៈពេល១ខែពេញ។ ក្នុងនោះដែរសម្រាប់ក្រុមឈ្នះពានរង្វាន់ជើងឯកឆ្នាំ២០២២ បានទៅសមាគមបាល់ទះវិសាខា ជើងឯករងក្រសួងមហាផ្ទៃ និងលេខ៣ បញ្ជាការដ្ឋានអង្គរក្ស។
 
សម្រាប់ក្រុមដែលមិនទទួលបានជ័យជម្នះសហព័ន្ធកីឡាបាល់ទះកម្ពុជា លើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបង្កើនសមត្ថភាពបន្ថែមទៀតដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទះ និងការត្រៀមខ្លួនចូលរួមជាមួយសមាជិកក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ មកដល់។
 
ក្រៅពីនេះទៅទៀតសហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងបន្តរៀបចំព្រឹត្តិការណ៍ធំបន្តទៀតដើម្បីជ្រើសរើសយុវជនជំនាន់ក្រោយដើម្បីបន្តវេនសម្រាប់ការប្រកួតក្រោយៗទៀត បន្ទាប់ពីក្រុមជម្រើសជាតិដល់អាណត្តិដែលត្រូវសម្រាក។
 
លោក អាំង សិរីពិសិដ្ឋ បន្ថែមថា៖«ទិន្នផលដែលយើងទទួលបានថ្ងៃនេះ វាជាកម្លាំងចលករមួយជម្រុញឱ្យពួកយើងទៅថ្ងៃអនាគតបន្តអភិវឌ្ឍន៍ផលិតកម្មវិធីប្រកួតឱ្យកាន់តែច្រើន ក្នុងន័យតែមួយគត់គឺបណ្តុះយុវជនបន្តវេន ព្រោះថាកីឡាមានបញ្ចប់អាយុកីឡា អ៊ីចឹង! ក្រុមជម្រើសជាតិគាត់ដល់ឆ្នាំ២០២៥ គាត់នឹងលើសអាយុ បានន័យថាថាមពលពួកគាត់ធ្លាក់ចុះហើយ»៕
 
 

Tag:
 កីឡាបាល់ទះ
 ពានសម្តេចហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com