ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្រ្តី មិនជឿនិងមិនឲ្យតម្លៃលើរបាយការណ៍អន្តរជាតិ ដែលឲ្យនីតិរដ្ឋកម្ពុជាធ្លាក់ដល់បាតតារាង
31, Oct 2022 , 11:39 am        
រូបភាព
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ (បង់កក្រមា) ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផល៥ឆ្នាំចុងក្រោយរបស់ក្រសួងយុត្តិធម៌ ដែលត្រូវបានរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល និងលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ (បង់កក្រមា) ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផល៥ឆ្នាំចុងក្រោយរបស់ក្រសួងយុត្តិធម៌ ដែលត្រូវបានរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។ រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
ដោយ៖ ទេពញាណ 

ដូចឆ្នាំមុនៗដែរ ឆ្នាំ២០២២នេះ កម្ពុជា នៅតែទទួលបានពិន្ទុនៃនីតិរដ្ឋក្នុងកម្រិតទាបបំផុត ដែលផ្តល់ដោយអង្គការអន្តរជាតិជាន់ខ្ពស់ឈ្មោះ គម្រោងយុត្តិធម៌ពិភពលោក ឬហៅជាភាសាអង់គ្លេសថា World Justice Project (WJP)។ មន្រ្តីរដ្ឋាភិបាលកម្ពុជា មិនទទួលយកការវាយតម្លៃនេះឡើយ។ 



លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា អង្គការគម្រោងយុត្តិធម៌ពិភពលោក មិនបានសិក្សាឲ្យច្បាស់លាស់អំពីកម្ពុជានោះទេ ហើយក៏មិនយល់ពីស្ថានភាពពិតប្រាកដរបស់កម្ពុជាដែរ។ លោក ប្រតិកម្មបែបនេះថា៖«ខ្ញុំ អត់ដឹងថា គេ រៀបចំចំណាត់ថ្នាក់ហ្នឹងតាមវិទ្យាសាស្រ្ត ឬតាមរបៀបណាទេ។ ខ្ញុំ មិនឲ្យតម្លៃ ព្រោះខុសនឹងអ្វីដែលកម្ពុជាមាន»។ 
 
រីឯលោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ហាក់ទើសចិត្តនឹងការវាយតម្លៃរបស់អង្គការគម្រោងយុត្តិធម៌ពិភពលោក។ លោក សរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា៖«របាយការណ៍នេះ កុហកមិនឲ្យគេជឿតែម្តង។ ប្រទេសខ្លះ កំពុងមានបញ្ហាសង្រ្គាមនិងវិបត្តិជនភៀសខ្លួន ប្រទេសខ្លះទៀត មានបក្សតែមួយមិនមានការបោះឆ្នោត ប្រទេសមួយចំនួនទៀត ដឹកនាំដោយរបបយោធា និងរដ្ឋប្រហារ តែបែរជាទទួលបានចំណាត់ [ថ្នាក់] នៅលើកម្ពុជាទៅវិញ»។
 
សម្រាប់ឆ្នាំ២០២២នេះ មានប្រទេស១៤០ ដែលអង្គការគម្រោងយុត្តិធម៌ពិភពលោក ធ្វើសន្ទស្សន៍ ឬដាក់ពន្ទុអំពីនីតិរដ្ឋ។ ពិន្ទុ គឺគិតពី០ ទៅដល់១។ ពិន្ទុ០ គឺជាពិន្ទុតិចបំផុត ឬអាក្រក់បំផុត ហើយពិន្ទុ១ គឺជាពិន្ទុច្រើនបំផុត ឬល្អបំផុត។ ក្នុងចំណោមប្រទេសទាំង១៤០ គ្មានប្រទេសណាមួយ ដែលបានពិន្ទុ០ឡើយ ហើយក៏គ្មានប្រទេសណាមួយ បានពិន្ទុដល់ទៅ១ពេញដែរ។
 
របាយការណ៍របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក ដែលចេញផ្សាយនៅចុងខែតុលា ឆ្នាំ២០២២ បង្ហាញថា នៅឆ្នាំ២០២២នេះ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសមួយចំនួនទៀត ដែលមានចំណាត់ថ្នាក់នៅបាតក្រោមឯណោះ។ កម្ពុជា ទទួលបានពិន្ទុត្រឹមតែ០,៣១។ ពិន្ទុនេះ ធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់ទី១៣៩ ដោយនៅលើប្រទេសវ៉េណេស៊ុយអេឡាតែមួយប៉ុណ្ណោះ។ វ៉េណេស៊ុយអេឡា ជាប់ចំណាត់ថ្នាក់ទី១៤០ ដែលជាចំណាត់ថ្នាក់ក្រោមគេបង្អស់។ វ៉េណេស៊ុយអេឡា ទទួលបានពិន្ទុ០,២៦។
 
ប្រទេសដែលទទួលបានពិន្ទុច្រើនបំផុត គឺដាណឺម៉ាក និងន័រវែស។ ដាណឺម៉ាក ជាប់ចំណាត់ថ្នាក់ទី១ ជាមួយពិន្ទុ០,៩០ ហើយន័រវែស ជាប់ចំណាត់ថ្នាក់ទី២ ជាមួយ០,៨៩។

តាមរយៈពិន្ទុខាងលើនេះ ក្នុងចំណោមប្រទេសទាំង១៤០ ដាណឺម៉ាក និងន័រវែស ជាប្រទេសដែលមាននីតិរដ្ឋល្អបំផុត ឯកម្ពុជា និងវ៉េណេស៊ុយអេឡា ជាប្រទេស ដែលមាននីតិរដ្ឋអន់បំផុត។

ក្នុងកិ​ច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ផៃ ស៊ីផាន លើកឡើងថា សង្គមប្រជាធិបតេយ្យ ត្រូវមានច្បាប់ ហើយសព្វថ្ងៃ កម្ពុជា កំពុងកសាងច្បាប់ និងកំពុងអនុវត្តច្បាប់។ 
 
ពិន្ទុអំពីនីតិរដ្ឋ ដែលកម្ពុជា ទទួលបានក្នុងឆ្នាំ២០២២នេះ មិនសូវខុសពីឆ្នាំ២០២១ និងឆ្នាំ២០២០ ប៉ុន្មានឡើយ។ នៅឆ្នាំ២០២១ ក្នុងចំណោមប្រទេស១៣៩ កម្ពុជា ទទួលបានពិន្ទុ០,៣២ ដែលធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់ទី១៣៨។ ចំណែកកាលពីឆ្នាំ២០២០ ក្នុងចំណោមប្រទេស១២៨ កម្ពុជា ទទួលបានពិន្ទុ០,៣៣ ដែលធ្វើឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់ទី១២៧។

ដោយគិតត្រឹមរយៈពេល៣ឆ្នាំជាប់គ្នា គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ចំណាត់ថ្នាក់របស់កម្ពុជា នៅលើប្រទេសវ៉េណេស៊ុយអេឡាតែមួយប៉ុណ្ណោះ ឯវ៉េណេស៊ុយអេឡា ជាប់ចំណាត់ថ្នាក់ក្រោមគេបង្អស់អំពីនីតិរដ្ឋនេះ ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា៕

របាយការណ៍អំពីពិន្ទុនីតិរដ្ឋនៃប្រទេសទាំង១៤០ នៅឆ្នាំ២០២២


Tag:
 នីតិរដ្ឋកម្ពុជា
  WJP
  ផៃ ស៊ីផាន
  ជិន ម៉ាលីន
© រក្សាសិទ្ធិដោយ thmeythmey.com