កីឡាជាតិ
ជាតិ
ក្រោយឈ្នះជើងឯកលីគ២ អគ្គិសនីកម្ពុជា នឹងបំពេញលក្ខខណ្ឌរបស់ CPL ដើម្បីបានលេងលីគកំពូល
31, Oct 2022 , 3:20 pm        
រូបភាព
ក្រុមអគ្គិសនីកម្ពុជា ទទួលពានរង្វាន់លីគ២ នៅផ្សារទំនើប K Mall រូបពី Cambodian League 2
ក្រុមអគ្គិសនីកម្ពុជា ទទួលពានរង្វាន់លីគ២ នៅផ្សារទំនើប K Mall រូបពី Cambodian League 2
 អគ្គសនីកម្ពុជា ក្លាយជាជើងឯកលីគ២កម្ពុជា ក្រោយឈ្នះ ត្បូងឃ្មុំ ១-០ នាជំនួបចុងក្រោយនៅកីឡដ្ឋាន EDC។ លោក ទុំ សារ៉ាយ គ្រូបង្វឹកអគ្គិសនីកម្ពុជា បញ្ជាក់ថា ក្លិបកីឡាបាល់ទាត់អគ្គិសនីកម្ពុជា នឹងបំពេញតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន (CPL) ដើម្បីអាចប្រកួតក្នុងលីគកំពូលរដូវកាលក្រោយ។ អគ្គិសនីកម្ពុជា មានពេលក្នុងការឆ្លើយតបទៅនិងតម្រូវការទាំងនោះឱ្យបានមុនពេលការប្រកួតលីគនៅរដូវកាល២០២៣ ចាប់ផ្ដើមនៅ ខែសីហា ឆ្នាំក្រោយ។



លោក ទុំ សារ៉ាយ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា រាល់តម្រូវការរបស់ក្រុមហ៊ុន CPL ក្លិបអគ្គិសនី និងបំពេញតាមលក្ខខណ្ឌផ្សេងៗ ដូចជា ការធ្វើហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋាន, អាជ្ញាប័ណ្ណគ្រូបង្វឹក License A និងហិរញ្ញវត្ថុរបស់កីឡាករ។ ក្នុងនោះក៏និយាយពីការដាក់កីឡាករបរទេស ឲ្យចូលរួមប្រកួតផងដែរនៅលីគកំពូល សម្រាប់រដូវកាលក្រោយផងដែរ។ 


លោក  ទុំ សារ៉ាយ គ្រូបង្វឹកអគ្គិសនីកម្ពុជា
 
ការបញ្ចូលកីឡាករបរទេស ក្នុងក្រុមអគ្គិសនីកម្ពុជា គឺផ្ទុយពីអ្វីដែលក្រុមជើងឯកនេះធ្លាប់បានកំណត់។ ក្លិបអគ្គិសនីបានកំណត់ថាមិនយកកីឡាករបរទេសចូលទេ ព្រោះចង់ទុកឱកាសសម្រាប់បណ្ដុះសមត្ថភាពកីឡាករកម្ពុជា និងបង្កើតឲ្យក្ដីសុបិនកីឡាករថ្នាល់ បានជោគជ័យក្នុងអាជីពនាពេលអនាគត។
 
គ្រូបង្វឹករូបនេះ បន្ថែមថា ថ្នាក់ដឹកនាំរបស់ក្លិប និងគ្រូបង្វឹក នឹងមានការប្រជុំចំពោះការបំពេញទៅតាមលក្ខខណ្ឌរបស់លីគ។ ចំពោះការនាំយកកីឡាករបរទេសចូល ឬមិននាំយកនោះ លោក ទុំ សារ៉ាយមិនអាចបញ្ជាក់ពេលនេះបានទេ ព្រោះស្ថិតក្នុងគម្រោងនៃកិច្ចប្រជុំ ដែលមិនទាន់កំណត់ថ្ងៃច្បាស់លាស់នៅឡើយ ដោយត្រូវរង់ចាំការបញ្ចប់ជំនួបជាមួយភ្នំពេញក្រោន ក្នុងពានសម្ដេច ហ៊ុន សែន លើកទី១៦ ជាមុនសិន។
 
ក្រោយដឹកនាំអគ្គិសនីលើកពានលីគកម្រិតទី២កម្ពុជា លោក ទុំ សារ៉ាយ បញ្ជាក់ពីអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីគ្រូបង្វឹករូបនេះ ក្លាយជាគ្រូបង្គោលបាន ១ឆ្នាំ។ លោក ទុំ សារ៉ាយ មានបទពិសោធន៍ធ្វើគ្រូជំនួយរបស់គ្រូអគ្គិសនីកម្ពុជា អស់រយៈពេល៣ឆ្នាំ មុនជួយអគ្គិសនីកម្ពុជា លើកពានជើងឯកលីគ២នេះ។ 
 
ដោយឡែក លោក លី ទីឃា ប្រធានក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ធ្លាប់បានអះអាងប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ថា ក្លិបអគ្គិសនីកម្ពុជា បង្កើតឡើង ដោយមិនផ្ដោតលើការប្រកួតប្រជែងឬការរកប្រាក់ចំណូលជាធំទេ ប៉ុន្ដែមានគោលដៅចូលរួម បណ្ដុះសមត្ថភាពកីឡាករកម្ពុជា។ ម្យ៉ាងវិញទៀត ក្លិបមួយនេះ មិនត្រឹមតែជាក្លិបបាល់ទាត់ទេតែក៏ជាសាលាបណ្ដុះធនធានយុវជនផងដែរ។ 
  

លោក លី ទីឃា ប្រធានក្លិបអគ្គិសនីកម្ពុជា អង្គុយមើលការប្រកួតរបស់កូនក្រុម រូបពីអគ្គិសនីកម្ពុជា
 
«យុវជនមួយចំនួន មានទេពកោសល្យប៉ុន្ដែមិនដឹងថាអាចបញ្ចេញ នូវសមត្ថភាពនោះនៅទីណា។ អ្វីដែលបរទេសអាចធ្វើបានកីឡាករកម្ពុជា ក៏មានសមត្ថភាពអាចធ្វើបានដែរ។»។ លោក ប្រធានរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗទាំងមានជំនឿចិត្តបែបនេះ។
 
ចំពោះការកែប្រែគោលជំហរក្លិប ឬគោលការណ៍យកតែកីឡាករកម្ពុជា ទាំងអស់ចូលរួម ត្រូវកែប្រែឬមានករណីលើកលែងពីក្រុមហ៊ុនលីគយ៉ាងណានោះ សារព័ត៌មានថ្មីៗ មិនទាន់ទទួលបានការបកស្រាយណាមួយទេពីប្រធានក្លិបអគ្គិសនីកម្ពុជា។
 
អគ្គិសនីកម្ពុជា ឈ្នះជើងឯកពានរង្វាន់លីគ២ ក្រោយយកឈ្នះក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ១-០ នៅជំនួបចុងក្រោយ នៅទីលាន EDC នៅថ្ងៃទី៣០ ខែតុលា ។ អាយ អេស អាយ ដង្កោសែនជ័យ ទទួលបានត្រឹមជើងឯករង បើទោះឈ្នះនគរបាលជាតិ ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុងលទ្ធផល ៥-១ នៅកីឡដ្ឋាន AIA KHM Park។
 
បញ្ចប់ចំណាត់ថ្នាក់ទី២នៅលីគ២ ក្រុមអាយ អេស អាយ ដង្កោសែនជ័យ ទទួលបានកៅអីឡើងទៅលីគកំពូលរដូវកាលក្រោយ ដោយមានគ្រប់លក្ខខណ្ឌស្របតាមតម្រូវការរបស់ក្រុមហ៊ុន CPL រូចរាល់ហើយ។ ដោយឡែក ក្រុមនគរបាលជាតិដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ត្រូវប្រកួតជម្រុះ play-off ជាមួយគិរីវង់សុខសែនជ័យដែលស្ថិតនៅបាតតារាងនៃលីគកំពូលកម្ពុជា ដើម្បីប្រជែងកៅអីនៅលីគកំពូលរដូវកាលក្រោយ។
 
ក្នុងពេលទន្ទឹមគ្នានេះដែរ កោះកុងអេហ្វស៊ី ស្មើជាមួយ សាលាកីឡាបាល់ទាត់ជាតិ ក្នុងលទ្ធផល ២-២ នៅកីឡដ្ឋានខេត្តកោះកុង ស្របពេលដែរ ព្រៃវែងអេហ្វស៊ី យកឈ្នះលើ ណិចស្ដិបអេហ្វស៊ី នៅកីឡដ្ឋានខេត្តព្រៃវែង ក្នុងលទ្ធផល ៤-០។ ជំនួបក្រុមខេត្តសៀមរាបទាំងពីរ គឺសូលទីឡូអង្គរ និងសៀមរាបអេហ្វស៊ី នៅកីឡដ្ឋានហនុមាន បានត្រឹមលទ្ធផល ១-១។ រីឯ អាស៊ីអឺរ៉ុបយូណាយធីត ឈ្នះ បន្ទាយមានជ័យអេហ្វស៊ី ក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋាន A E U Sport Park៕
 

Tag:
 បាល់ទាត់
  លីគ២
  Cambodian League 2
  អគ្គិសនីកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com