ជាតិ
យុវជនសកម្ម សេវាល្អ
កំពត៖ មេឃុំត្រពាំងធំ ពន្យល់មូលហេតុដែលឃុំ មិនទាន់មានមណ្ឌលសុខភាព
31, Oct 2022 , 10:59 pm        
រូបភាព
ដោយ៖ ផន ចន្ទ្រា (យុវជនឃុំត្រពាំងធំ)

ស្រុកទឹកឈូ, ខេត្តកំពត៖ បច្ចុប្បន្នឃុំត្រពាំងធំ ដែលស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត នៅមិនទាន់មានមណ្ឌលសុខភាពនៅឡើយទេ។ ជុំវិញរឿងនេះ អ្នកស្រី សេង សុភីន ដែលជាមេឃុំត្រពាំងធំ ពន្យល់ថា ដោយសារតែឃុំមិនទាន់មានដីសម្រាប់សង់មណ្ឌលសុខភាពផង ហើយ ប្រជាពលរដ្ឋសរុបនៅក្នុងឃុំ ក៏មានចំនួនតិច មិនទាន់គ្រប់តាមស្តង់ដារដែលអាចសង់មណ្ឌលសុខភាពនៅឡើយ។ អ្នកស្រី សេង សុភីន ពន្យល់បន្ថែមដូច្នេះ៖  «វាទី១ ទៅលើដី (ឃុំ)គ្មានដីសម្រាប់សាងសង់មណ្ឌលហ្នឹងដែរ។ យើងអត់មានទេ។ ទី២ នៅមណ្ឌលសុខភាព គេមានស្តង់ដាររបស់គេ ចំនួនប្រជាពលរដ្ឋគេ ក៏គេបូកទៅហ្នឹងដែរ។ ឃុំរបស់យើងវាតូច។ វាស្ថិតនៅចំណុះ នៃឃុំព្រៃឃ្មុំ។ អ៊ីចឹងពលរដ្ឋឃុំត្រពាំងធំ អាចទៅ(ពិនិត្យសុខភាព) នៅមណ្ឌលសុខភាពព្រៃឃ្មុំ (ដែលស្ថិត)នៅឃុំព្រៃឃ្មុំ»។
 


​ក្រៅពីនេះ មេឃុំត្រពាំងធំ ក៏បានបញ្ជាក់ដែរថា ភូមិសាស្ត្រឃុំត្រពាំងធំទៀតសោត ក៏ស្ថិតនៅក្បែរក្រុងកំពត ហើយក៏នៅចំណុចកណ្តាលនៃឃុំផ្សេងៗទៀតដែលសុទ្ធតែមណ្ឌលសុខភាពស្រាប់។ ដូច្នេះពលរដ្ឋដែលមានទីលំនៅ ក្បែរឃុំនោះ អាចទទួលសេវាពិនិត្យសុខភាពនៅឃុំជុំវិញបាន។
 
បើតាមអ្នកស្រី សេង សុភីន បច្ចុប្បន្នចំនួនប្រជាពលរដ្ឋក្នុងឃុំត្រពាំងធំ មាន​ចំនួន៣ ៥២៥ នាក់ ក្នុងនោះមានស្រីចំនួន ១ ៧៥៤នាក់។ ទោះជាមិនទាន់មានទីតាំងសម្រាប់សាងសង់មណ្ឌលសុខភាព ហើយពលរដ្ឋក្នុងឃុំ មានចំនួនតិចនៅឡើយក្តី ប៉ុន្តែឃុំនៅតែបន្តដាក់ស្នើសុំសាងសង់មណ្ឌលសុខភាពនេះ នៅក្នុងផែនការអភិវឌ្ឍឃុំ ជារៀងរាល់ឆ្នាំដែរ។ សម្រាប់ អ្នកស្រី សេង សុភីន មេឃុំត្រពាំងធំ ដែលមានវ័យ ៦៤ឆ្នាំទៅហើយ ការណ៍ដែលឃុំ មានមណ្ឌលសុខភាព នឹងកាន់តែផ្តល់ភាពងាយស្រួលដល់ការស្វែងរកសេវាពិនិត្យសុខភាពសម្រាប់ពលរដ្ឋ ជាពិសេសស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ពលរដ្ឋក្រីក្រ និងអ្នកដែលមានពិការភាព ដោយពួកគាត់មិនចាំបាច់ត្រូវធ្វើដំណើរទៅឃុំផ្សេងនោះទេ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 

Tag:
 សេវាសុខភាព
  មណ្ឌលសុខភាព
  ThmeyThmey
  ​
© រក្សាសិទ្ធិដោយ thmeythmey.com