ជាតិ
សេដ្ឋកិច្ច
លោក សុខ វឿន៖​ កម្ចីខ្នាតតូចឥតទ្រព្យបញ្ចាំ ជួយពលរដ្ឋឱ្យចាកផុតពីកម្ចីក្រៅផ្លូវការ
01, Nov 2022 , 11:59 am        
រូបភាព
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)។
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)។
សៀមរាប៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាបច្ចុប្បន្ន ហាក់គិតគូរច្រើនលើបញ្ហាសង្គម ដែលផ្តោតលើការផ្តល់កម្ចីខ្នាតតូច ដល់អ្នកជំនួញខ្នាតតូច និងកសិករ ដោយគ្មានទ្រព្យបញ្ចាំ។ កម្ចីប្រភេទនេះផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់ពលរដ្ឋក្រីក្រ​ដែលប្រកបអាជីវកម្មតាមផ្លូវ និងនៅតាមរទះ ឬតាមតូប នានា ឱ្យគេចផុតនូវបំណុលពីកម្ចីក្រៅប្រព័ន្ធ។

 
សម្រាប់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាក្រោមទំហំ៣០០០ដុល្លារ ឬលើសពីនេះ មិន​ទាមទារឱ្យអ្នកខ្ចីមានទ្រព្យបញ្ចាំនោះទេ។​ បើតាមលោក សុខ វឿន ប្រធានសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ពលរដ្ឋឱ្យតែមានមុខរ​បរ ឬអាជីវកម្មច្បាស់លាស់ និងប្រភពចំណូលត្រឹមត្រូវ នោះអាចស្នើសុំកម្ចីនេះបានពីមីក្រូហិរញ្ញវត្ថុដែលខ្លួនពេញចិត្ត។​ 


 លោក លី ប៊ុនរិទ្ធ នាយកប្រតិបត្តិប្រតិបត្តិការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន
 
នា​​សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសុខា សៀមរាប កាលពីថ្ងៃទី២៨ ខែ​តុលា លោក សុខ វឿន បានថ្លែងប្រាក់អ្នកសារព័ត៌មាន ថា ប្រភេទកម្ចីខ្នាតតូចឥតទ្រព្យបញ្ចាំនេះ គឺមានអត្ថប្រយោជន៍ច្រើន សម្រាប់ប្រជាជនក្រីក្រ ហើយក៏សម្រាប់ប្រកបរបរ ឬជំនាញខ្នាតតូច ក្នុងការទទួលកម្ចីលឿន រហ័ស និងមិនស្មុគស្មាញច្រើនឡើយ។ លោក​ ​បញ្ជាក់ថា៖ «នេះ ជាចំណុចមួយដែលជួយបានច្រើន ដល់ប្រជាជនក្រីក្រ។ លើសពីនេះ វាជាផ្នែកមួយ សម្រាប់ពលរដ្ឋអាចងាកចេញពីកម្ចីក្រៅផ្លូវការ​។ វាអាចជួយបានច្រើនក្នុងកម្រិតខ្ពស់ ដើម្បីឱ្យពលរដ្ឋមានលទ្ធភាពទទួលបានកម្ចីផ្លូវការវិញ»។​
 
បើតាមការអង្កេតរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អតិថិជននៃប្រភេទកម្ចីឥតទ្រព្យធានានេះ នាបច្ចុប្បន្ន គឺមានរហូតដល់៤០ភាគរយ។  
 
ការផ្តល់កម្ចីឥតទ្រព្យធានាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺ អាចផ្តល់លទ្ធភាព​កាន់តែច្រើនដល់ពលរដ្ឋក្នុងការពង្រីកអាជីវកម្ម ឬ មុខរបររបស់ខ្លួនបានកាន់តែប្រសើរ។ បើតាមលោក​ លី ប៊ុនរិទ្ធ នាយកប្រតិបត្តិប្រតិបត្តិការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន សព្វថ្ងៃទំហំកម្ចីគ្មានទ្រព្យធានានៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន បានកើនដល់១០ម៉ឺនដុល្លារ។ ត្បិតថា គ្មានទ្រព្យធានា ឬបញ្ចាំ​ ប៉ុន្តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន មុនសម្រេចផ្តល់កម្ចីឱ្យអតិថិជន ពិសេសក្រុមសហគ្រាសធុនតូច និងមធ្យម(SME)  គឺផ្តោតទៅលើសិក្សានៃប្រវត្តិអាជីវកម្ម សុខភាពអាជីវកម្ម និងការពិនិត្យលើប្រវត្តិសង់ប្រាក់របស់អតិថិជននៅក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ដើម្បីចៀសវាងនូវហានិភ័យក្នុងការសង់ត្រឡប់របស់អតិថិជន។​
 
«យើងមើលទៅការផ្តល់កម្ចីអត់ទ្រព្យធានានេះ មានហានិភ័យខ្ពស់សម្រាប់យើង ប៉ុន្តែភាពកើតឡើងនូវហានិភ័យនេះ គឺវាអាចកាត់បន្ថយបានច្រើន​។ ដោយសារតែ យើងជឿជាក់ថា ពេលដែលយើងអត់យកទ្រព្យធានា យើងត្រូវវាយតម្លៃលើចំណុចជាច្រើន»។ នេះជាការលើកឡើងរបស់លោក លី ប៊ុនរិទ្ធ ដោយបន្តរៀបរាប់ថា  ការផ្តល់កម្ចីឥតទ្រព្យធានាសម្រាប់សហគ្រាសធុនតូច និងមធ្យម(SMEs) គឺការមើលស្ថានភាពអាជីវកម្ម, ប្រវត្តិនៃការលក់ដូរ,​ ភាពរឹងមាំនៃអ្នកគ្រប់គ្រង  រួមទាំងការវាយតម្លៃផ្សេងៗ ជាពិសេសការពិនិត្យលើប្រវត្តិសង់ប្រាក់របស់អតិថិជននៅក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ដើម្បីចៀសវាងនូវហានិភ័យក្នុងការសង់ត្រលប់របស់អតិថិជន។​
 
នាយកប្រតិបត្តិប្រតិបត្តិការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើនរូបនេះបានអះអាងប្រាប់សារអ្នកសារព័ត៌មានយ៉ាងដូច្នេះ៖ «បើយើងពិនិត្យកម្រិតហានិភ័យក្នុងការផ្តល់កម្ចីនេះ គឺខ្ពស់ណាស់ ប៉ុន្តែ អតិថិជន គឺមានភាពស្មោះត្រង់។ អ៊ីចឹងហើយបានជាវិស័យមីក្រូហិរញ្ញវត្ថុ អាចរីកចម្រើនមកទល់បច្ចុប្បន្ន​ ហើយខ្ញុំគិតថា វិស័យនេះ នៅតែអាចដើរទៅមុខដោយរលូន»។
ការផ្តល់កម្ចីឱ្យអតិថិជនដោយឥតទ្រព្យធានារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ​ចាប់ពីទំហំខ្នាតតូចដល់ខ្នាតធំ គឺមានពី៧០ទៅ៨០ភាគរយនៃអតិថិជនសរុប៤,៥ម៉ុននាក់​ ដែលមានផលបត្រឥណទាន៣៥លានដុល្លារ។ ​នេះការរៀបរាប់បន្ថែមរបស់ លោក លី ប៊ុនរិទ្ធ។​
 
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆមាសទីមួយឆ្នាំ២០២២ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើង២៣,៤ភាគរយ ក្នុងទំហំ១០,១ពាន់លានដុល្លារ ក្នុងនោះ ឥណទានអតិថិជន​ បានកើន៨,៨ពាន់លានដុល្លារ ដោយមាន១,៩លានគណនីអតិថិជន។ ទំហំឥណទាន​ទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច ដូចជា គ្រួសារមាន៣២,៨ភាគរយនៃឥណទានសរុប ពាណិជ្ជកម្ម និងជំនួញ មាន២៣,២ភាគរយ  កសិកម្មមាន ១៧,៨ភាគរយ សេវាកម្ម មាន១៤ភាគរយ ដឹកជញ្ជូន មាន៤,៨ភាគរយ សំណង់មាន៤,៤ភាគរយ កម្មន្តសាលមាន១,៦ភាគរយ  និងផ្សេងៗ​មាន១,១ភាគរយ៕ 
 
 
 

Tag:
 ហិរញ្ញវត្ថុ
  លោក សុខ វឿន​
© រក្សាសិទ្ធិដោយ thmeythmey.com