ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី កឹម តុលា អតីតមេឃុំបក្សប្រឆាំង ត្រូវចាប់ខ្លួនជាថ្មី ពេលរៀបឡើងយន្តហោះទៅអាល្លឺម៉ង់
01, Nov 2022 , 2:59 pm        
រូបភាព
អ្នកស្រី កឹម តុលា អតីតមេឃុំនៃឃុំត្រែងត្រយឹង (រូបពីបណ្តាញសង្គម)
អ្នកស្រី កឹម តុលា អតីតមេឃុំនៃឃុំត្រែងត្រយឹង (រូបពីបណ្តាញសង្គម)
ដោយ៖ ទេពញាណ 
អ្នកស្រី កឹម តុលា អតីតមេឃុំរបស់អតីតគណបក្សសង្គ្រោះជាតិ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវកម្លាំងសមត្ថកិច្ច ចាប់ខ្លួននៅព្រលានយន្តហោះភ្នំពេញ។ ក្រោយមក តុលាការ ក៏បញ្ជូនអ្នកស្រីទៅពន្ធនាគារ។



លោកមេធាវី កែត ឃី ដែលទើបទទួលបានសិទ្ធិការពារក្តីជូនអ្នកស្រី កឹម តុលា លើកឡើងថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ អ្នកស្រី ត្រូវកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ ឃាត់ខ្លួននៅព្រលានយន្តហោះភ្នំពេញ ពេលអ្នកនាង កំពុងរង់ចាំឡើងយន្តហោះ ធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ ដើម្បីជួបស្វាមីនៅទីនោះ។ លោក អះអាងថា ឈ្មោះអ្នកស្រី ស្ថិតក្នុងបញ្ជីខ្មៅ ដែលសមត្ថកិច្ចត្រូវតាមចាប់ខ្លួន។ 
 
លោកមេធាវី រៀបរាប់ថា ក្រោយមកបន្តិច កងកម្លាំងពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ទៅនាំខ្លួនអ្នកស្រី។ លោក បន្តថា រហូតដល់ថ្ងៃទី៣១ ខែតុលា តុលាការភ្នំពេញ បានបង្គាប់ឲ្យកម្លាំងសមត្ថកិច្ច បញ្ជូនអ្នកស្រីទៅពន្ធនាគារ។ 
 
លោក បរិយាយទៀតថា តុលាការ បានចេញសាលក្រមកំបាំងមុខ ដោយដាក់ទោសអ្នកស្រីឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ លោក បន្ថែមថា អ្នកស្រី ពុំបានដឹងខ្លួន និងពុំបានដឹងពីការប្រកាសសាលក្រមកំបាំងមុខ ដែលដាក់ទោសអ្នកស្រីនោះទេ។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា លោកមេធាវីរូបនេះ បញ្ជាក់ដូច្នេះថា៖«តុលាការ បង្គាប់ឲ្យចាប់ខ្លួនអ្នកស្រីតាមសាលក្រមហ្នឹង។ ដល់ពេលគាត់ចេញទៅព្រលានយន្តហោះ គេឃើញឈ្មោះគាត់ ខាងព្រលានយន្តហោះ ក៏កាក់គាត់ទុកទៅ»។ 
 
លោក ផ្តល់ព័ត៌មានថា ក្នុងសាលក្រមកំបាំងមុខនេះ មិនមែនមានតែអ្នកស្រី កឹម តុលា ម្នាក់ទេ គឺមានទាំងថ្នាក់ដឹកនាំប្រឆាំងមួយចំនួនទៀតផងដែរ ដូចជា លោក ឡុង រី និងលោក ម៉ែន សុថាវរិន្ទ្រ ជាដើម ដែលត្រូវបានផ្តន្ទាទោស និងត្រូវតាមចាប់ខ្លួន។
 
សូមរម្លឹមថា អ្នកស្រី កឹម តុលា ត្រូវសមត្ថកិច្ចចាប់ខ្លួនម្តងរួចមកហើយ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១។ អ្នកស្រី ត្រូវតុលាការខេត្តកំពង់ស្ពឺ កាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ។ ប៉ុន្តែ អ្នកស្រី បានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍ បានសម្រេចឲ្យអ្នកស្រី ជាប់ពន្ធនាគារតែជាង៣ខែប៉ុណ្ណោះ។ 
 
កាលនោះ អ្នកស្រី ក៏ត្រូវចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គមដែរ។ អ្នកស្រី គឺជាមនុស្សម្នាក់ បានចូលរួមគាំទ្រគម្រោងមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី មេដឹកនាំកំពូលរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស។ នេះជាមូលហេតុ ដែលនាងត្រូវចាប់ខ្លួន និងត្រូវចោទប្រកាន់។ លោក សម រង្ស៊ី បានប្រកាសធ្វើមាតុភូមិនិវត្តនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តែត្រូវបរាជ័យ។ 

គេ មិនទាន់ដឹងច្បាស់ថា ការចេញសាលក្រមកំបាំងមុខដាក់ទោសអ្នកស្រី  និងការបញ្ជូនអ្នកស្រី ទៅពន្ធនាគារលើកនេះ គឺជាសំណុំរឿងដាច់ដោយឡែកផ្សេងទៀត ឬក៏ពាក់ព័ន្ធឹនឹងសំណុំរឿងកាលពីឆ្នាំ២០២១នោះទេ៕ 
 

Tag:
 កឹម តុលា
  អតីតគណបក្សប្រឆាំង
© រក្សាសិទ្ធិដោយ thmeythmey.com