ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា នឹងបញ្ជូនកម្លាំងទៅជួយដោះមីននៅអ៊ុយក្រែនក្នុងពេលសមស្រប
02, Nov 2022 , 10:59 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់កាស់ ពេលសន្ទនាតាមទូរស័ព្ទជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច)។ ឯរូបលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គឺពេលលោក និយាយទូរស័ព្ទជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង កាលពីចុងខែមករា ឆ្នាំ២០២២ (រូបពីគេហទំព័រ president.gov.ua)។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់កាស់ ពេលសន្ទនាតាមទូរស័ព្ទជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច)។ ឯរូបលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គឺពេលលោក និយាយទូរស័ព្ទជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង កាលពីចុងខែមករា ឆ្នាំ២០២២ (រូបពីគេហទំព័រ president.gov.ua)។
ដោយ៖ ទេពញាណ

កម្ពុជា នឹងសហការជាមួយជប៉ុន ដើម្បីបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយដល់អ្នកដោះមីនរបស់អ៊ុយក្រែនក្នុងពេលវេលាសមស្រប។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជម្រាបពីព័ត៌មាននេះដល់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ក្នុងកិច្ចសន្ទនាជាមួយគ្នាតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។



ខ្លឹមសារនៃជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីអ៊ុយក្រែន ត្រូវបានផ្សាយផ្សាយតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអរគុណកម្ពុជា ដែលមានបំណងផ្តល់ជំនួយផ្នែកការដោះមីនដល់អ៊ុយក្រែន។ 
 
សម្តេច ហ៊ុន សែន សម្តែងការសោកស្តាយចំពោះសោកនាដកម្ម ដែលបានកើតឡើងនៅអ៊ុយក្រែន។ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏សម្តែងក្តីបារម្ភផងដែរ ចំពោះការវាយប្រហារលើទីក្រុងកៀវ និងទីក្រុងផ្សេងៗទៀតនៅអ៊ុយក្រែន ដែលបណ្តាលឲ្យប្រជាជនបាត់បង់ជីវិត និងរងរបួសជាច្រើននាក់ រួមទាំងបណ្តាលឲ្យខូចខាតដល់ហេដ្ឋរចនាសម្ព័ន្ធក្នុងប្រទេស។
 
«គ្មានសង្គ្រាមណាមួយ អាចបញ្ចប់បានដោយប្រើប្រាស់សង្គ្រាមនោះទេ»។ នេះជាបទពិសោធដែលមេដឹកនាំកម្ពុជា ចែករំលែកទៅដល់ប្រធានាធិបតីអ៊ុយក្រែន។ មេដឹកនាំកម្ពុជា បន្តថា កម្ពុជាផ្តល់សារសំខាន់ដល់ការចរចា ហើយសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងខិតខំរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ 
 
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ជំហរថា កម្ពុជា គោរពគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ សម្តេច បង្ហាញជំហរទៀតថា កម្ពុជា ប្រឆាំងនឹងការឈ្លានពាន ការគំរាម ឬការប្រើប្រាស់កម្លាំងលើអធិបតីភាព  បូរណភាពដែនដីរបស់រដ្ឋឯករាជ្យ និងមិនគាំទ្រការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ។ 
 
តាមរយៈសារលើបណ្តាញធ្វីធឺលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី សរសេរដូច្នេះថា៖«អរគុណកម្ពុជា ដែលជាប្រធានអាស៊ាន សម្រាប់ការជួយគាំទ្រដល់អធិបតេយ្យភាព និងបូរណភាពដែនដីអ៊ុយក្រែន និងសម្រាប់ការគាំទ្រដល់អ៊ុយក្រែនក្នុងអង្គការសហប្រជាជាតិ»។
 
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកប្រធានាធិបតីអ៊ុយក្រែន ស្នើសុំប្រមុខរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ាន ឲ្យលោក បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ នឹងប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ប្រមុខរដ្ឋាភិបាលកម្ពុជា ផ្តល់ចម្លើយថា កម្ពុជា នឹងធ្វើការងារជាមួយប្រទេសសមាជិកអាស៊ាន ដើម្បីឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែន ក្នុងការចូលជាដៃគូសន្ទនារបស់អស៊ាន។ 
 
ជាមួយគ្នានេះ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អញ្ជើញសម្តេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនក្នុងពេលសមស្របណាមួយ ហើយសម្តេច បានទទួលយកការអញ្ជើញនេះ។ សម្តេច ធ្លាប់ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនម្តង កាលពីឆ្នាំ១៩៨១។ 
 
សូមរម្លឹកខ្លីថា សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានផ្ទុះឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។ សហគមន៍អន្តរជាតិនានា មើលឃើញថា រុស្ស៊ី ជាអ្នកឈ្លានពានលើអ៊ុយក្រែន៕ 
 

Tag:
 កម្ពុជា-អ៊ុយក្រែន
  ដោះមីន
© រក្សាសិទ្ធិដោយ thmeythmey.com