ជាតិ
សេដ្ឋកិច្ច
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ នឹងចូលធរមាននៅថ្ងៃទី១ធ្នូ
02, Nov 2022 , 4:29 pm        
រូបភាព
រូបតំណាង៖ កំពង់ស្វយ័តក្រុងព្រះសីហនុ កំពុងមមាញឹកដែលស្រូបយកចំណែកទីផ្សារជាង_៧០ភាគរយ នៃចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់កម្ពុជា។
រូបតំណាង៖ កំពង់ស្វយ័តក្រុងព្រះសីហនុ កំពុងមមាញឹកដែលស្រូបយកចំណែកទីផ្សារជាង_៧០ភាគរយ នៃចរាចរណ៍ទំនិញចេញ-ចូលសរុបរបស់កម្ពុជា។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) នឹងចូលជាធរមាន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។ កាលបរិច្ឆេទនេះ ត្រូវបានលើកឡើងដោយសម្តេច ហ៊ុន សែន ក្នុងវេទិកាជាន់ខ្ពស់ ស្តីពីគម្រប់ខួបអនុស្សាវរីយ៍១០ឆ្នាំ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) នាព្រឹកថ្ងៃទី២វិច្ឆិកា។

 
បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីកម្ពុជា-កូរ៉េ  ចូលជាធរមានហើយនោះ វានឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ព្រមទាំងជួយស្តារសេដ្ឋកិច្ចឡើងវិញ របស់ប្រទេសទាំងពីរ ដែលទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩ តាមរយៈការពង្រីកការធ្វើសេរីភាវូបនីយកម្មទីផ្សារ។ 
 
កូរ៉េខាងត្បូង គឺជាទីផ្សារបំពេញបន្ថែមមួយសម្រាប់កម្ពុជា ក្នុងចំណោមប្រទេសនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RECP)។ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ប្រាប់សារព័ត៌មានយ៉ាងដូច្នេះ៖ «ពេលដែលយើងទទួលបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសអភិវឌ្ឍបានច្រើន វាគឺជាសញ្ញាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ច និងសម្រាប់ទំនិញរបស់យើង»។  លោក សុវិជាតិ បានបញ្ជាក់ថា ទីផ្សារប្រទេសជប៉ុន និងកូរ៉េ គឺត្រូវបានគេទទួលស្គាល់នូវទំនិញដែលមានលក្ខណៈឆ្លើយតបគ្រប់គ្រាន់នឹងសេចក្តីត្រូវការរបស់ទីផ្សារប្រទេសផ្សេងៗ។  
 

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកំពុងផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី២វិច្ឆិកា។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ​ បានបញ្ជាក់យ៉ាងខ្លីថា​៖ « ដូច្នេះ! បើយើងនាំទំនិញទៅកូរ៉េបាន ទៅជប៉ុន  និងទៅប្រទេសណាដែលមានកម្រិតទទួលស្គាល់បាន ដូចទំនិញសម្លៀកបំពេញ និងស្បែកជើងយើងអ៊ីចឹង! គឺយើងនាំទៅណាទៀតក៏បានដែរ។ ទន្ទឹមនេះ​ យើងកំពុងអភិវឌ្ឍខ្លួនឱ្យទៅជាប្រទេសនៃបណ្តុំឧស្សាហកម្មសម្រាប់ ផលិត និងផ្គត់ផ្គង់គ្រឿងបន្លាស់ និងគ្រឿងបង្គុំ ឱ្យទៅរោងចក្រធំៗនៅសកលលោក»។ 
 
បច្ចុប្បន្នការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ គឺមានផលិតផលកសិផល ដូចជា៖ ម្រេច, ចេក, គ្រាប់ស្វាយចន្ទី, ដំឡង, ម្នាស់, ដូង, កាហ្វេ, ផ្លែឈើ, ពោត, ,មៀន, ថ្នាំជក់, សាច់, ទំនិញវារីវប្បកម្ម កសិផលកែច្នៃដូចជា ស្ករស, ស្ករអំពៅ, សំបុកត្រចៀកកាំ, អាហារកែច្នៃពីអង្ករ កៅស៊ូធម្មជាតិ, សម្លៀកបំពាក់, វាយនភ័ណ្ឌ, ស្បែកជើង, កង់, សម្ភារៈធ្វើដំណើរ - កាបូបយួរ,  គ្រឿងបង្គុំ, គ្រឿងបន្លាស់, និងទំនិញឧស្សាហកម្មមួយចំនួនទៀត។ 
 
រីឯទំនិញដែលកម្ពុជានាំចូលពីកូរ៉េវិញមាន សម្ភារអេឡិចត្រូនិក, រថយន្ត,  គ្រឿងចក្រសំរាប់បម្រើឱ្យវិស័យសំណង់ និងវិស័យកសិកម្ម, វត្ថុធាតុដើមក្រណាត់ និង ស្បែកកែច្នៃ, ផលិតផលរក្សាសម្ផស្ស (Cosmetics), អាហារ- គ្រឿងទេស, សម្ភារៈសំណង់, គ្រឿងបន្លាស់...។ 
 
សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េមានប្រមាណ ៨១៨លានដុល្លារ ក្នុងរយៈពេល ៩ខែឆ្នាំ ២០២២។ ក្នុងនោះការនាំចេញទំនិញកម្ពុជា ទៅប្រទេសកូរ៉េ មានតម្លៃជាង ៣០១ លានដុល្លារ ខណៈកូរ៉េនាំទំនិញចូលកម្ពុជាវិញមានតម្លៃជាង ៥០៥លានដុល្លារ។ នេះបើតាមរបាយការណ៍សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) ៕
 

Tag:
 ពណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com